ឥណ្ឌូនេស៊ី៖ សារព័ត៌មាន Reuters បានចុះផ្សាយនៅយប់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៧នេះថា ជនសង្ស័យបំផ្ទុះគ្រាប់បែកអត្តឃាត ២រូប បានសម្លាប់មន្រ្តីប៉ូលិសឥណ្ឌូនេស៊ី ចំនួន ៣នាក់ និងបង្កឲ្យមានអ្នករងរបួសចំនួន ១០នាក់ផ្សេងទៀត កាលពីយប់ថ្ងៃពុធ បន្ទាប់ពីបានបំផ្ទុះគ្រាប់បែកចំនួន ២គ្រាប់ ក្បែរស្ថានីយឡានក្រុង ភាគខាងកើតទីក្រុងហ្សាកាតា។

អ្នកនាំពាក្យប៉ូលិសជាតិ លោក Setyo Wasisto បានឲ្យដឹងថា ប៉ូលិសចំនួន ៣នាក់ និង បុរសជាជនសង្ស័យបំផ្ទុះគ្រាប់បែកអត្តឃាត ២នាក់ បានស្លាប់នៅក្នុងហេតុការណ៍បំផ្ទុះគ្រាប់បែកនេះ  ហើយវាបានកើតឡើងមុនក្រោយគ្នាតែ ៥ នាទីប៉ុណ្ណោះ នៅឯស្ថានីយរថយន្តក្រុង Kampung Melayu។ ខណៈអ្នករងរបួសទាំង ១០នាក់ រួមមាន មន្ត្រី ៥នាក់ និងជនស៊ីវិល ៥នាក់។

ប្រភពព័ត៌មានបានឲ្យដឹងថា ពេលនោះប៉ូលិសកំពុងបំពេញភារកិច្ចការពារមនុស្សមួយក្រុម ដែលកំពុងធ្វើការដង្ហែរក្បួន  ហើយក្បួនដង្ហែរនោះនៅមិនទាន់ឆ្លងផុតនៅឡើយទេ ស្រាប់តែគ្រាប់បែកអត្តឃាតបានផ្ទុះឡើង។  ជនសង្ស័យបំផ្ទុះគ្រាប់បែកអត្តឃាតទាំង២នាក់នោះ គឺជាបុរស ប៉ុន្តែអត្តសញ្ញាណពិតប្រាកដរបស់ពួកគេ នៅមិនទាន់បានបង្ហាញនៅឡើយទេ។ 

អ្នកនាំពាក្យដដែលបានបន្តថា គ្រាប់បែកនោះគឺស្រដៀងគ្នាទៅនឹងគ្រាប់បែកដែលធ្លាប់បានប្រើលើការបំផ្ទុះក្នុងទីក្រុង Bandung កាលពីខែកុម្ភៈ ដោយជនសង្ស័យបំផ្ទុះគ្រាប់បែកត្រូវបានប៉ូលិសសម្លាប់ ហើយត្រូវបានអាជ្ញាធរដាក់ការសង្ស័យថា មានជាប់ទាក់ទងជាមួយនឹងក្រុមរដ្ឋអ៊ីស្លាម IS ។

តែទោះជាយ៉ាងណា គេមិនទាន់ដឹងច្បាស់នៅឡើយទេថា នរណាជាអ្នកនៅពីក្រោយហេតុការណ៍បំផ្ទុះគ្រាប់បែកខាងលើ ប៉ុន្តែប្រទេសឥណ្ឌូនេស៊ី បានបង្កើនការប្រុងប្រយ័ត្នយ៉ាងខ្ពស់សម្រាប់សន្តិសុខជាតិ។

គួរបញ្ជាក់ផងដែរថា ប្រទេសឥណ្ឌូនេស៊ី បានរងការវាយប្រហារជាច្រើន ចាប់តាំងពីខែមករា ឆ្នាំ២០១៦មក ខណៈក្រុមរដ្ឋអ៊ីស្លាម IS ធ្លាប់បានអះអាងថា ពួកគេជាអ្នកវាយប្រហារកាលពីខែមករានោះ ហើយវាក៏ជាការវាយប្រហារលើកដំបូងរបស់ពួកគេ នៅតំបន់អាស៊ីអាគ្នេយ៍ផងដែរ៕ 

ប្រភព៖ Reuters

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]