ភ្នំពេញ៖ ថ្មីៗនេះ សែលកាត បានធ្វើពិធីចុះហត្ថលេខាជាដៃគូជាមួយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) ដើម្បីផ្ដល់ការបណ្ដុះបណ្ដាលជំនាញកីឡាបាល់ទាត់ដល់យុវជនគ្រប់ខេត្តក្រុងនៅកម្ពុជារហូតដល់ពាក់កណ្ដាលឆ្នាំក្រោយ។

ពិធីចុះហត្ថលេខានេះជាផ្នែកនៃគម្រោងដំបូងបង្អស់ដ៏សំខាន់ សម្រាប់សកម្មភាពសង្គមថ្មីមួយរបស់សែលកាត (CSR) ក្នុងគោលបំណងលើកកម្ពស់ជីវភាពប្រចាំថ្ងៃរបស់ប្រជាជនកម្ពុជា តាមរយៈគំនិតផ្ដួចផ្ដើមផ្ដោតលើ ការអប់រំ សុខភាព និងកន្លែងស្នាក់នៅ។

នាយកប្រតិបត្តិក្រុមហ៊ុន សែលកាត លោក អៀន វ៉ាតសុន បានមានប្រសាសន៍ថា កិច្ចសហប្រតិបត្តិការជាដៃគូរបង្កើត សាលាតម្រង់ទិសកីឡាបាល់ទាត់ដោយសែលកាត ជាជំហានដ៏ធំមួយឆ្ពោះទៅរកការបង្កើតទំនាក់ទំនងកាន់តែជិតស្និទ្ធជាមួយសាលារៀន និងសហគមន៍ ហើយក្រុមការងារសែលកាតរបស់លោកនឹងធ្វើការងារនេះដើម្បីជួយស្វែងរកយុវជនដែលមានទេពកោសល្យផងដែរ។

លោកបានបន្ថែមទៀតថា “យើងពិតជារីករាយណាស់សម្រាប់ការបង្កើតនិងអនុវត្តគម្រោងនេះដែលអាចផ្ដល់អត្ថប្រយោជន៍ និងឱកាសជាច្រើនដល់សហគមន៍។ សែលកាត ប្ដេជ្ញាក្នុងការជម្រុញការលើកកម្ពស់សហគមន៍ និងយុវជនឲ្យកាន់តែខ្លាំង។ តាមរយៈភាពជាដៃគូសហការនេះ នឹងជួយឲ្យយើងជំរុញឲ្យសិស្សានុសិស្សអភិវឌ្ឍសមត្ថភាពកីឡាបាល់ទាត់របស់ពួកគេ ។”

លោកបានលើកឡើងថា សែលកាត មានគោលដៅតែមួយជាមួយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា គឺចង់ឃើញយុវជនកម្ពុជាមានទេពកោសល្យខ្ពស់ ចូលរួមព្រឹត្តិការណ៍កីឡាអាស៊ាននៅឆ្នាំ2023។

“ក្នុងនាមជាក្រុមហ៊ុនទូរគមនាគមន៍ដែលមានម្ចាស់ភាគហ៊ុនជាខ្មែរតែមួយគត់នៅកម្ពុជា សែលកាត ជាដៃគូដ៏សក្កិសមបំផុតសម្រាប់កម្មវិធីនេះ ដែលជាមោទនភាពសម្រាប់ជាតិស្ដែងឡើងតាមរយៈការជួយសង្គម។”

“យើងមានមោទនភាពជាខ្មែរ ហើយរីករាយក្នុងការជួយបំផុសចំណាប់អារម្មណ៍ និងពង្រឹងទេពកោសល្យក្នុងវិស័យកីឡា ហើយក៏សង្ឃឹមថាកម្ពុជាមានសមត្ថភាពប្រកួតប្រជែងជាមួយប្រទេសជិតខាងក្នុងការប្រកួតនានាដូចជាកីឡាស៊ីហ្គេមជាដើម។”

សហព័ន្ធកីឡាបាល់ទាត់កម្ពុជា នឹងសហការជាដៃគូជាមួយ សែលកាតបង្កើត សាលាតម្រង់ទិសកីឡាបាល់ទាត់ដោយសែលកាត ទូទាំង 25 ខេត្តក្រុង ក្នុងប្រទេសកម្ពុជា៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]