រាជធានី​ភ្នំពេញ ៖ ខុស​ពី​ស្ត្រី​ទូទៅ​ដែល​មិន​ចង់​ឃើញ​ស្វាមី​ឡើង​សង្វៀន​ប្រដាល់​និង​រមែង​បំបាក់ទឹកចិត្ត​ស្វាមី​កុំឱ្យ​ប្រកប​របរ​របៀប​នេះ សម្រាប់​អ្នក​នាង ហន ស្រី​នី ភរិយា​កីឡាករ​ល្បីឈ្មោះ​លោក ឡុ​ង សុ​ភី វិញ​បាន​អះអាង​ថា អ្នក​នាង​មិន​តក់ស្លុត​ពេល​ឃើញ​ស្វាមី​ឡើង​ប្រដាល់​លើ​សង្វៀន​នោះ​ទេ ។ ផ្ទុយ​ទៅ​វិញ​អ្នក​នាង​បែរជា​ជំរុញ​ឱ្យ​ស្វាមី​ប្រឹងប្រែង​ដើម្បី​ទទួល​បាន​ជ័យជម្នះ ដោយ​អ្នក​នាង​យល់​ថា អាជីព​ប្រដាល់​មិនមែន​មិនល្អ​នោះ​ទេ សំខាន់​ឱ្យ​តែ​កីឡាករ​ចេះ​បច្ចេកទេស​ប្រកួត​ច្បាស់លាស់ ។

ក្នុង​ជំនួប​ដោយ​ផ្ទាល់​អ្នក​នាង ហន ស្រី​នី និយាយ​ថា ខ្លួន​ចាត់ទុកជា​រឿង​ធម្មតា​ដោយ​មិន​ចាត់​ទុក​ថា​រាល់ពេល​ស្វាមី​ឡើង​រេញ​គឺ​យក​ជីវិត​មក​ប្រថុយ​នោះ​ទេ ។ អ្នក​នាង​ថា កាលពីមុន​អ្នក​នាង​ស្អប់​អ្នក​ប្រដាល់ ហើយ​ក៏​តែង​គិត​ថាបើ​មាន​វាសនា​បាន​ប្ដី​ជា​កីឡាករ​ប្រដាល់​មែន ក៏​មិន​ឱ្យ​បន្ត​ការ​ប្រកួត​ដែរ ដោយសារ​តែ​អ្នក​នាង​យល់​ថា​គឺជា​រឿង​គ្រោះថ្នាក់ ។ អ្នក​នាង​រមែង​គិត​ថា​ការ​ឡើង​ប្រកួត​ម្ដង​ៗ គឺ​ប្រថុយ​យក​ជីវិត​ទៅ​ប្ដូរ និង​ត្រូវ​ប្រឈម​គ្រោះថ្នាក់​បាក់ដៃ​បាក់ជើង​ឬ​ពិការ​មួយ​ជីវិត​នៅ​ពេល​ប៉ះ​ប្រកួត​ជាមួយ​កីឡាករ​ខ្លាំង​ៗ ។

ជា​ពិសេស​ក្នុង​ពេល​បាន​ជួប​លោក ឡុ​ង សុ​ភី ភ្លាម​ៗ​អ្នក​នាង​រមែង​ទទូច​ឱ្យ​លោក​ដកខ្លួន និង​ថាបើ​បន្ត​ការ​ប្រកួត គឺ​មិន​ខុស​ពី​យក​ជីវិត​ទៅ​ប្រថុយ​ទេ ។ ប៉ុន្តែ​ក្រោយ​ពេល​ភព​ប្រសព្វ និង​ស្គាល់​ទម្រង់​កីឡា​អ្នក​នាង​យល់​ថា ការ​ប្រដាល់​មិន​ដូច​អ្វី​ដែល​ស្ត្រី​ទូទៅ​យល់​ឃើញ​នោះ​ទេ ដោយ​គ្រោះថ្នាក់​គឺ​កើត​មាន​តែ​ចំពោះ​កីឡាករ​ដែល​ខ្វះ​ការ​ទទួលខុសត្រូវ ដែល​អ្នក​នាង​ចង់​សំដៅ​ថា​មិន​បាន​ចេះ​ស្ទាត់​នូវ​បច្ចេកទេស​ប្រកួត​តែ​ចង់​ប្រកួត និង​មិន​បាន​ហ្វឹកហាត់​ជា​មុន​ហើយ​ចង់​ប្រកួត​ដើម្បី​បាន​លុយ​ជាដើម ។

អ្នក​នាង​ថា អ្នក​នាង​តែងតែ​ទៅ​គាំទ្រ​ស្វាមី​គ្រប់ពេល​ឡើង​រេញ លើកលែងតែ​ពេល​អ្នក​នាង​ឆ្លៀតពេល​មិន​បាន​ប៉ុណ្ណោះ ដោយ​អ្នក​នាង​មិន​ចាត់​ទុក​ថា ការ​ប្រដាល់​របស់​ស្វាមី​គឺ​មើល​ហើយ​ខ្លាច​ដល់​ថ្នាក់​ស្លុតចិត្ត​នោះ​ទេ ។

ទោះបី​យ៉ាងណា​អ្នក​នាង​ថា នៅ​ពេល​គូប្រកួត​វាយ​ត្រូវ​ស្វាមី​ខ្លាំង​ៗ​ក៏​អ្នក​នាង​មានការ​រន្ធត់​ចិត្ត​ផង​ដែរ ដោយ​គ្រាន់តែ​អ្នក​នាង​យល់​ថា​នោះ​ជា​កិច្ចការ​ដែល​ត្រូវ​ទទួលយក​ដោយ​អ្នក​នាង​មិន​អាច​ទៅ​ហាមឃាត់​ស្វាមី​មិន​ឱ្យ​ឡើង​រេញ​ព្រោះតែ​ភ័យ​រឿង​ស្វាមី​មាន​គ្រោះថ្នាក់​នោះ​ទេ​។

អ្នក​នាង​ថា អារម្មណ៍​អ្នក​នាង​ពេល​ស្វាមី​ឡើង​រេញ​មិន​ដូច​ភរិយា​ដែល​តក់ស្លុត​នោះ​ទេ គឺ​មាន​អារម្មណ៍​ដូច​ជា​អ្នកគាំទ្រ​ដែល​ផ្ដល់​កម្លាំងចិត្ត​ដល់​ស្វាមី​ទៅ​វិញ ដោយសារ​តែ​អ្នក​នាង​យល់​ថា ការ​កញ្ជ្រោល​ដោយ​អារម្មណ៍​សើច​សប្បាយ​ទើប​ជា​កម្លាំងចិត្ត​ពិតប្រាកដ​ដល់​ស្វាមី ក៏​ដូច​ជា​កីឡាករ​ដែល​ត្រូវ​ឡើង​ប្រកួត ។

អ្នក​នាង​ថា មាន​ភរិយា​ខ្លះ​បង្ហូរទឹកភ្នែក​នៅ​ពេល​ស្វាមី​ឡើង​វាយ តែ​សម្រាប់​អ្នក​នាង​អត់​ទេ គ្រាន់តែ​រន្ធត់​ចិត្ត​តិចតួច ហើយ​ធ្វើ​ចិត្តជា​របៀប​អ្នកគាំទ្រ​ធម្មតា​ៗ​ប៉ុណ្ណោះ ដើម្បី​ឱ្យ​ស្វាមី​មាន​ស្មារតី​រឹង​មាំ ហើយ​ទទួល​បាន​ជោគជ័យ​លើ​ការ​ប្រកួត ។ អ្នក​នាង​និយាយ​ថា ស្ត្រី​ដែល​ហ៊ាន​រៀប​ការ​ជាមួយ​អ្នក​ប្រដាល់​គឺ​មិន​ខុសចិត្ត​គ្នា​នោះ​ទេ គឺ​សុទ្ធតែ​មាន​ជំហរ​ខ្លាំងក្លា​ក្នុង​ការ​សម្លឹង​មើល​ការ​ប្រកួត​របស់​ស្វាមី ដោយ​គ្មាន​ការ​តក់ស្លុត​ណាមួយ​ឡើយ ។ នៅ​ពេល​បាន​រួមរស់​ជាមួយ​ស្វាមី អ្នក​នាង​យល់​ថា​មិន​ប្លែក​ចិត្ត​ដែល​ប្ដី​ឡើង​ប្រកួត ហើយ​ប្រពន្ធ​ទៅ​គាំទ្រ ។

យ៉ាងណា​ក្ដី​អ្នក​នាង​ប្រាប់​ថា បើ​ខ្លួន​មានកូន​ក៏​មិន​ចង់ឱ្យ​ឡើង​ប្រដាល់​ដូច​គ្នា​នឹង​ស្វា​មីនោះ​ដែរ បើ​ទោះជា​អ្នក​នាង​ប្រាប់​ថា​មិន​ខ្លាច មិន​តក់ស្លុត​នៅ​ពេល​ស្វាមី​ឡើង​រេញ ដែល​មាន​ន័យ​ថា​អ្នក​នាង​រឹង​មាំ​សម្រាប់​ការ​សម្លឹង​មើល​ស្វាមី​ឡើង​ប្រកួត ។

អ្នក​នាង ហន ស្រី​នី និយាយ​ថា ខ្លួន​បាន​រៀប​ការ​ជាមួយ​កីឡាករ ឡុ​ង សុ​ភី កាលពី​ថ្ងៃ​ទី​១៤ មក​រា ដើមឆ្នាំ​២០១៧​មុន​នេះ នៅ​គេហដ្ឋាន​អ្នក​នាង​ឯ​ខេត្តព្រៃវែង ។ អ្នក​នាង​ថា ពិធី​មង្គលការ​ខ្លួន​មានការ​ចូលរួម​ពី​កីឡាករ​ល្បីឈ្មោះ​នៅ​ក្នុង​ពិភព​ប្រដាល់​យ៉ាងច្រើន​កុះករ បើ​ទោះជា​ស្ថិត​នៅ​ឆ្ងាយ​ពី​ផ្ទះ​ពួក​គេ​ក្ដី ។ មង្គលការ​នោះ​មាន​ចំនួន​ជាង​៣០​តុ​ប៉ុណ្ណោះ តែ​មាន​ភាព​អធិកអធម​គួរ​ឱ្យ​ស្ងើចសរសើរ​ទម្រាំ​បាន​បញ្ចប់​។

គួរ​បញ្ជាក់​ផង​ដែរ​ថា ភរិយា​របស់​លោក ឡុ​ង សុ​ភី អាយុ​២៣​ឆ្នាំ ជា​កូនក្រមុំ​អ្នក​ខេត្តព្រៃវែង ដែល​បាន​ភ្ជាប់ពាក្យ​ជាមួយ​កីឡាករ​រូប​នេះ​ច្រើន​ខែ​មក​ហើយ មុន​ឈាន​ដល់​ថ្ងៃ​រៀប​ការ ។ ឡុ​ង សុ​ភី ធ្លាប់​បាន​បញ្ជាក់​ថា ក្រោយ​ពេល​រៀប​ការ​លោក​នៅ​តែ​ចាប់​អាជីព​ប្រដាល់ ហើយ​ក៏​មិន​យល់​ស្រប​ថា​កីឡាករ​ប្រដាល់​ឲ្យ​តែ​មាន​ភរិយា​ក៏​ត្រូវ​ធ្លាក់ដៃ​ប្រកួត​លែង​កើត​នោះ​ដែរ ។

លោក​ថា សំខាន់​ឲ្យ​តែ​ចិត្ត​នៅ​ចង់​ប្រកួត ចង់​យក​ប្រដាល់​ធ្វើ​ជា​អាជីព​ដែល​ត្រូវ​តែ​ទាមទារ​ហ្វឹកហាត់​ឲ្យ​បាន​ជាប់លាប់ ។ បន្ថែម​ពីលើ​ការងារ​ប្រដាល់ លោក​ថា ការងារ​ធ្វើ​ជា​អង្គរក្ស​អ្នកធំ​ដែល​លោក​បាន​ប្រឡូក​កន្លង​មក ក៏​នឹង​លូក​ឲ្យ​កាន់តែ​ស៊ប់​ផង​ដែរ ។ កីឡាករ​រូប​នេះ បាន​ថ្លែង​កាល​គ្រានោះ​ថា សម្រាប់​ភរិយា​របស់​លោក​វិញ គឺ​លោក​នឹង​ឲ្យ​មក​រស់នៅ​ភ្នំពេញ​ជុំ​គ្នា​ហើយ​ឲ្យ​រៀន​ជំនាញ​អ្វីមួយ​ដើម្បី​បើក​ជា​មុខរបរ​ផ្ទាល់ខ្លួន​គ្រាន់​ជួយ​រក​ប្រាក់​ផ្ទប់​គ្នា ៕

អ្នក​នាង ហន ស្រី​នី ភរិយា​កីឡាករ​ល្បីឈ្មោះ​លោក ឡុ​ង សុ​ភី វិញ​បាន​អះអាង​ថា អ្នក​នាង​មិន​តក់ស្លុត​ពេល​ឃើញ​ស្វាមី​ឡើង​ប្រដាល់​លើ​សង្វៀន​នោះ​ទេ
ផ្ទុយ​ទៅ​វិញ​អ្នក​នាង​បែរជា​ជំរុញ​ឱ្យ​ស្វាមី​ប្រឹងប្រែង​ដើម្បី​ទទួល​បាន​ជ័យជម្នះ
អ្នក​នាង​យល់​ថា អាជីព​ប្រដាល់​មិនមែន​មិនល្អ​នោះ​ទេ សំខាន់​ឱ្យ​តែ​កីឡាករ​ចេះ​បច្ចេកទេស​ប្រកួត​ច្បាស់លាស់
អ្នក​នាង​ថា កាលពីមុន​អ្នក​នាង​ស្អប់​អ្នក​ប្រដាល់ ហើយ​ក៏​តែង​គិត​ថាបើ​មាន​វាសនា​បាន​ប្ដី​ជា​កីឡាករ​ប្រដាល់​មែន ក៏​មិន​ឱ្យ​បន្ត​ការ​ប្រកួត​ដែរ ដោយសារ​តែ​អ្នក​នាង​យល់​ថា​គឺជា​រឿង​គ្រោះថ្នាក់
គួរ​បញ្ជាក់​ផង​ដែរ​ថា ភរិយា​របស់​លោក ឡុ​ង សុ​ភី អាយុ​២៣​ឆ្នាំ ជា​កូនក្រមុំ​អ្នក​ខេត្តព្រៃវែង ដែល​បាន​ភ្ជាប់ពាក្យ​ជាមួយ​កីឡាករ​រូប​នេះ​ច្រើន​ខែ​មក​ហើយ មុន​ឈាន​ដល់​ថ្ងៃ​រៀប​ការ

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]