ភ្នំពេញ៖ មានការភ្ញាក់ផ្អើលមួយ បានកើតឡើង បន្ទាប់ពីគេបានឃើញជនជាតិខ្មែរ ២នាក់ ដែលត្រូវជាប្តី ប្រពន្ធនឹងគ្នា បានចាក់សម្លាប់គ្នា នៅក្នុងបន្ទប់ស្នាក់នៅ រហូតឈាមដាបពេញបន្ទប់ បន្ទាប់ពីគេបានឮសំឡេងឈ្លោះប្រកែកគ្នា មួយសន្ទុះរួចមក ដោយបញ្ហានេះនៅមិនទាន់មាន សមត្ថកិច្ចណាមួយ អាចសន្និដ្ឋានអំពីមូលហេតុបានឡើយ ។

យោងតាមគេហទំព័រនគរបាលជាតិ ដែលបានដកស្រងពីកាសែតរបស់ថៃ បានឲ្យដឹងថា ហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោង៦ ព្រលប់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៧ ត្រង់ចំណុចក្នុងបន្ទប់ស្នាក់នៅរបស់ពលករខ្មែរ ដែលស្ថិតនៅខាងក្រោយ ស្ថានីយប្រេងឥន្ធនៈសាត់កូ ផ្ទះលេខ៧០ ភូមិ៨ ឃុំតានដៀវ ស្រុកកែងខយ ខេត្តសារៈបុរី ។

បើរតាមការរៀបរាប់ពីសាក្សីមួយចំនួន ដែលស្នាក់នៅបន្ទប់ក្បែគ្នា បានឲ្យដឹងថា នៅមុនពេលកើតហេតុ ពួកគេបានឮប្តី-ប្រពន្ធ ទាំងពីរនាក់នេះ មានការឈ្លោះប្រកែកគ្នាយ៉ាងខ្លាំង ដែលពួកគេមិនដឹងថា ដោយសារមូលហេតុអ្វីនោះទេ ហើយបន្ទាប់ពីសំឡេងយំស្រែកបានស្ងប់ស្ងាត់ ទើបពួកគេមានការសង្ស័យ ក៏រាយការណ៍ទៅសមត្ថកិច្ច ដើម្បីឲ្យចុះមកត្រួតពិនិត្យជាលទ្ធផល ក៏បានប្រទះឃើញជនទាំង ២នាក់ ដេកស្លាប់នៅក្នុងថ្លុកឈាមអស់ទៅហើយ ។

ក្រោយពេលចុះត្រួតពិនិត្យ ក្រុមតម្រួតថៃបានអះអាងថា សពជនរងគ្រោះទាំង ២នាក់នេះ គឺជាប្តី-ប្រពន្ធនឹងគ្នា ដោយបានមកធ្វើការ នៅក្នុងប្រទេសថៃជាយូរមកហើយ ដោយបុរសជាស្វាមីមានឈ្មោះ ម៉ី មឿន អាយុ៣៤ឆ្នាំ និងភរិយាឈ្មោះ ម៉ី មាសមល អាយុ៣០ឆ្នាំ អ្នកទាំងពីរមានស្រុកកំណើតនៅខេត្តតាកែវ ហើយក្រោយមក ក៏បានមករស់នៅក្នុងសង្កាត់ទឹកថ្លា ក្រុងភ្នំពេញ ។

សមត្ថកិច្ចថៃ បានធ្វើការសន្និដ្ឋានជំហានដំបូងថា ក្រោយពីមានទំនាស់គ្នាយ៉ាងខ្លាំង និងមិនអាចរកវិធីដោះស្រាយបាន បុរសជាប្តីបានសម្រេចចិត្ត ប្រើប្រាស់កូនកាំបិតចិត្តផ្លែ ឈើអារកប្រពន្ធស្លាប់ភ្លាមៗតែម្តង បន្ទាប់មកក៏បានប្រើប្រាស់ កន្សែងចងកខ្លួនឯងទៅនឹងកង្ហារពិតាន ប៉ុន្តែការធ្វើអត្តឃាតនេះ មិនបានសម្រេច ទើបប្រើកូនកាំបិតដដែល ចាក់ទៅលើខ្លួនប្រាណ ដើម្បីសម្លាប់ខ្លួនរហូតបានសម្រេច ។

បច្ចុប្បន្នក្រុមគ្រូពេទ្យជំនាញ បាននាំយកសពទាំង ២នាក់ទៅពិនិត្យ ដើម្បីធ្វើកោសល្យវិច្ច័យសាជាថ្មី និងត្រៀមរៀបចំ ទាក់ទងទៅស្ថានទូតកម្ពុជា ប្រចាំប្រទេសថៃ ដើម្បីស្រាវជ្រាវរកសាច់ញាតិ ក្នុងការបញ្ជូនសពត្រឡប់មកកម្ពុជាវិញ នាពេលខាងមុខនេះ ។ រាល់បញ្ហាខាងលើនេះ អាជ្ញាធរកម្ពុជា មិនអាចទាក់ទង និងសុំការបំភ្លឺពីលោក ចំរើន ស្ថានអគ្គកុងស៊ុលកម្ពុជា ប្រចាំប្រទេសថៃបានទេ តាមរយៈទូរស័ព្ទ កាលពីព្រឹកថ្ងៃទី២៤ ខែឧសភានេះ ៕

ប្រភព៖ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]