តែបៃតងជាប្រភេទតែសម្រកទម្ងន់ដ៏មានប្រសិទ្ធភាព ព្រមទាំងមានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្មខ្ពស់យ៉ាងច្រើនដូចជា អង់ស៊ីម  អាស៊ីតអាមីណូ និង Polyphenols ជាដើម។  ជាពិសេសសព្វថ្ងៃនេះ វាជាភេសជ្ជៈដែលមនុស្សសឹងតែគ្រប់ៗគ្នាចូលចិត្តទទួលទានបំផុត។

ដើម្បីទទួលបានអត្ថប្រយោជន៍ដល់សុខភាពដ៏ច្រើនពីតែបៃតង អ្នកត្រូវទទួលទានទៅតាមពេលរបស់វា។

ចង់ដឹងថាពេលណាដែលគួរទទួលទាន និងពេលណាមិនគួរទទួលទាននោះ សូមប្រិយមិត្តតាមដានទាំងអស់គ្នា ដូចខាងក្រោម៖ 

រូបភាព តែបៃតង

១. បន្ទាប់ពីបរិភោគអាហារពេលព្រឹករួច

ជម្រើសល្អបំផុតសម្រាប់សុខភាព គឺទទួលទានតែបៃតង បន្ទាប់ពីបរិភោគអាហារពេលព្រឹករួច។  ការដែលអ្នកទទួលទានតែបៃតង ទាំងពោះទទេ នៅពេលព្រឹក វាអាចបណ្តាលឲ្យរាងកាយខ្សោះជាតិទឹក និងប៉ះពាល់ក្រពះរហូតដំបៅក៏មាន។

២. មុនពេលចូលគេង

សម្រាប់អ្នកដែលចង់ស្រកទម្ងន់ គួរទទួលទានតែបៃតងមុនពេលចូលគេង ២ ម៉ោង ដោយវាអាចជួយដុតបំផ្លាញជាតិខ្លាញ់របស់អ្នក នៅពេលកំពុងគេងបាន។ ប៉ុន្តែប្រសិនបើអ្នកទទួលទានតែបៃតងភ្លាម ចូលគេងភ្លាម នោះជាតិកាហ្វេអ៊ីនរបស់តែ នឹងធ្វើឲ្យអ្នកគេងមិនលក់ជាមិនខាន។

៣. មុនហាត់ប្រាណកន្លះម៉ោង

អ្នកគួរទទួលទានតែបៃតង យ៉ាងហោចណាស់មុនហាត់ប្រាណ កន្លះម៉ោង ដោយសារតែបៃតង អាចជួយឲ្យអ្នកមានភាពសកម្មបានយូរជាងមុន ជាពិសេសជួយសម្រកទម្ងន់  និងដុតបំផ្លាញជាតិខ្លាញ់បានយ៉ាងរហ័ស ទន្ទឹមនឹងការហាត់ប្រាណរបស់អ្នក។

៤. មួយម៉ោងមុននិងក្រោយ បរិភោគអាហារ

មនុស្សជាច្រើន មានទម្លាប់ទទួលទានតែបៃតងភ្លាមៗ បន្ទាប់ពីបរិភោគអាហាររួច ប៉ុន្តែការទទួលទានភ្លាមៗបែបនេះ  អាចបង្អាក់ដំណើរការស្រូបយកសារធាតុចិញ្ចឹមរបស់រាងកាយ។ ហេតុនេះការទទួលទានតែបៃតងមុន និងក្រោយអាហារឲ្យបាន ៤៥ នាទីទៅ ១ ម៉ោង ទើបជាជម្រើសល្អបំផុត។

៥. ទទួលទានតែបៃតងពេញមួយថ្ងៃ

ប្រសិនបើអ្នកចង់កម្ចាត់ជាតិពុលចេញពីរាងកាយ ដោយប្រើតែបៃតងនោះ អ្វីដែលអ្នកត្រូវធ្វើគឺ ទទួលទានក្រេបៗ រយៈពេលពេញមួយថ្ងៃជាការស្រេច។ នេះក៏ដោយសារតែ វាមានសមត្ថភាពកំចាត់ជាតិពុលយឺត ហេតុនេះត្រូវតែទទួលទានម្តងបន្តិចទើបមានប្រសិទ្ធភាព ប្រសិនបើអ្នកទទួលទានម្តងទាំងអស់ភ្លាមៗ វានឹងមិនអាចកំចាត់ជាតិពុលបានទេ។ ងាយៗដោយអ្នកគ្រាន់តែឆុងតែបៃតងមួយលីត្រ ទុកសម្រាប់ទទួលទានម្តងបន្តិចៗរយៈពេលពេញមួយថ្ងៃជាការស្រេច។

# អ្នកត្រូវចៀសវាង ការទទួលទានតែបៃតង ៖

• នៅពេលពោះទទេ មិនទាន់ញ៉ាំអ្វី នៅពេលព្រឹក

• នៅពេលកំពុងបរិភោគអាហារ

• នៅពេលយប់ជ្រៅ ពីព្រោះអាចធ្វើឲ្យគេងមិនលក់

• ជាពិសេស មិនត្រូវទទួលទានលើសពី ២ ទៅ ៣ ពែងក្នុងមួយថ្ងៃទេ

• និងមិនត្រូវទទួលទានតែបៃតង ដោយដាក់ទឹកដោះគោ ឬស្ករ លាយចូលគ្នាឡើយ៕ 

ប្រភព៖ THE INDIAN SPOT

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]