កីឡាបាល់ទាត់ ត្រូវបានគេទទួលស្គាល់ថា ជាកីឡាដែលពេញនិយមជាងគេនៅលើពិភពលោក ប៉ុន្តែចំពោះអ្នកគាំទ្រដែលស្រលាញ់បាល់ទាត់ខ្លាំងវិញ តែងតែនិយាយថា បាល់ទាត់ប្រៀបបានដូចជាជីវិតរបស់ពួកគេចឹង។ ហេតុអ្វីបានជាបាល់ទាត់មានឥទ្ធិពលធំធេងដល់ថ្នាក់នេះសម្រាប់ពួកគេ?

ក្នុងនោះមានកត្តាជាច្រើនបានចួលរួមចំនែកធ្វើឲ្យបាល់ទាត់ ជាកីឡាពេញនិយមជាងគេនៅលើពិភពលោក ដូចជា ក្តីស្រលាញ់របស់ក្រុមបាល់ទាត់នីមួយៗ ការគោរពគ្នា មិនរើសអើង និងការជួយទុក្ខធុរៈគ្នាជាលក្ខណៈផ្តល់ជំនួយមូលនិធិសប្បុរសធម៍ផ្សេងៗ។

ក្នុងចំណោមកត្តាទាំងអស់នេះដែរ ការធ្វើសប្បុរសធម៍នៅក្នុងពិភពបាល់ទាត់ បានធ្វើឲ្យកីឡាមួយនេះ កាន់តែទទួលបានការស្រលាញ់ពីមនុស្សជុំវិញពិភពលោក និងមើលឃើញពីគុណតម្លៃរបស់កីឡាមួយនេះ។ ការធ្វើសកម្មភាពសប្បុរសធម៍នេះដែរ គឺកើតឡើងតាមរយៈកីឡាករបាល់ទាត់ផ្ទាល់ ដែលពួកគេ មានទឹកចិត្តផ្តល់ជាជំនួយមូលនិធិជួយចំពោះបុគ្គល ឬអង្គភាពដែលខ្វះខាត ដោយពឹងផ្អែកទៅលើប្រាក់ចំនូលពីអាជីពរបស់គេ ដើម្បីផ្តល់ជាជំនួយ។

យ៉ាងណាមិញ កីឡាករបាល់ទាត់មិនតិចនាក់ទេដែលធ្លាប់បានធ្វើសកម្មភាពសប្បុរសធម៍ ប៉ុន្តែលើកនេះ យើងមកចាប់អារម្មណ៍កីឡាករល្បីៗទាំង១០នាក់ ដែលតែងតែធ្វើសកម្មភាពសប្បុរសធម៍ច្រើនជាងគេ ក្នុងចំណោមកីឡាករផ្សេងៗទៀត ក្នុងនោះមានដូចជា៖

#Cristiano Ronaldo

ខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្គាល់រូបនេះ ត្រូវបានគេទទួលស្គាល់ថា មិនត្រឹមតែជាកីឡាករបាល់ទាត់ល្បីមួយរូបទេ ថែមទាំងជាមនុស្សម្នាក់ដែលចូលចិត្តបំពេញសកម្មភាពសប្បុរសធម៍ថែមទៀតផង។

យោងតាមការបំពេញនូវសកម្មភាពសប្បុរសធម៍អស់ជាច្រើនកន្លងមកនេះ Ronaldo ក៏ធ្លាប់ទទួលបានពានរង្វាន់កិត្តិយសផងដែរ។ សកម្មភាពសប្បុរសធម៍សំខាន់ៗដែល Ronaldo ធ្លាប់បានបំពេញមានដូចជា៖ ផ្តល់នូវមូលនិធិចំនួន ១៦៥,០០០ដុល្លារ ទៅកាន់មន្ទីពេទ្យព្យាបាលជំងឺមហារីកដែលស្ថិតក្នុងស្រុកកំណើតរបស់ខ្លួន។ បន្ថែមពីនេះទៀត គឺធ្លាប់បានចេញថ្លៃចំណាយទាំងស្រុងក្នុងការវះកាត់ក្មេងប្រុសអាយុ១០ឆ្នាំម្នាក់ ដោយសាច់ប្រាក់កាលនោះគឺចំនួន ៨៣,០០០ដុល្លារ។ Ronaldo ក៏ធ្លាប់បានចូលរួមយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍ គ្រឿងញៀន និងគ្រោះអត់ឃ្លានរបស់កុមារផងដែរ។ 

#Lionel Messi

ងាកមកចាប់អារម្មណ៍កីឡាករម្នាក់ទៀត ដែលជាគូប្រជែងរបស់ Ronaldo ក្នុងសមរភូមិបាល់ទាត់ គឺ Lionel Messi។ Messi ក៏មានឈ្មោះជាបុគ្គលបំពេញការងារសប្បុរសធម៍ជាច្រើនផងដែរ ក្នុងនោះសកម្មភាពសំខាន់ៗរបស់គេមានដូចជា៖ ផ្តល់នូវមូលនិធិផ្គត់ផ្គង់ការខ្វះខាតនៅក្នុងស្រុកកំណើតរបស់គេ នៅប្រទេសអាហ្សង់ទីន រួមមានសំណង់អគារ មន្ទីរពេទ្យជាដើម។ Messi ក៏ជាអគ្គរដ្ឋទូតម្នាក់នៅក្នុងអង្គការ UNICEF ផងដែរ និងក្រៅពីនេះទៀត Messi ក៏ធ្លាប់ជួយកុមារដែលខ្វះខាតនៅក្នុងទ្វីបអាស៊ីផងដែរ មានប្រទេសនេប៉ាល់ ឥណ្ឌូនេស៊ី និងបង់ក្លាដែស។ 

#David Beckham

ជាវីរៈបុរសបាល់ទាត់ និងអតីតកីឡាកររបស់ក្រុមជម្រើសជាតិអង់គ្លេស David Beckham បានដើរតូយ៉ាងសំខាន់ក្នុងសកម្មភាពសប្បុរសធម៍នេះ។ Beckham ត្រូវបានគេសរសើរថាជាបុគ្គលចិត្តល្អ ដោយសកម្មភាពសប្បុរសធម៍របស់គេមានដូចជា គាំទ្រក្នុងយុទ្ធនាការ ជួយកងទ័ព ឬទាហានដែលរងរបួសដោយសារសង្គ្រាមក្នុងប្រទេស អ៊ីរ៉ាក់ និងអាហ្វហ្គានីស្ថាន។

Beckham និងភរិយា អ្នកនាង Victoria ក៏មានមូលនិធិផ្ទាល់ខ្លួនផងដែរមានឈ្មោះថា «David Beckham and Victoria Charitable Trust» ហើយធ្លាប់រៃអង្គាសប្រាក់បានចំនួន ១៨៥,០០០ដុល្លារ សម្រាប់ជួយសង្គមជាតិក្នុងយុទ្ធនាការទប់ស្កាត់អំពើហិង្សាលើកុមារថែមទៀតផង។

ដោយឡែក អំឡុងពេល Beckham នៅជាកីឡាករបាល់ទាត់ក្នុងក្លិបរបស់បារាំង PSG កីឡាកររូបនេះបានយកប្រាក់បៀរវត្សន៍របស់ខ្លួន ទៅបរិចា្ចកទាំងអស់ ធ្វើឲ្យអ្នកគាំទ្រពាសពេញពិភពលោកមានការកោតសរសើរយ៉ាងខ្លាំង។ 

#Didier Drogba

Drogba ត្រូវបានប្រជាជន និងអ្នកគាំទ្រនៅក្នុងប្រទេសកូឌីវ័រ ចាត់ទុកជាវីរៈបុរស ដោយសារតែសកម្មភាពសប្បុរសធម៍ជាច្រើន។ អតីតខ្សែប្រយុទ្ធរបស់ក្លិបតោខៀវ Chelsea រូបនេះ ធ្លាប់ធ្វើសកម្មភាពសប្បុរសធម៍ដូចជា សាងសង់មន្ទីរពេទ្យ មណ្ឌលកុមារកំព្រានៅក្នុងប្រទេសរបស់ខ្លួន មិនតែប៉ុណ្ណោះ Drogba ក៏មានមូលនិធិផ្ទាល់ខ្លួនផងដែរ ដែលមានឈ្មោះថា «The Didier Drogba Foundation» ។

ក្រៅពីនេះទៀត ដោយសារឥទ្ធិពលរបស់គេនៅក្នុងប្រទេសកំណើត Drogba ត្រូវបានគេប្រសិទ្ធិនាមជាបុគ្គលិដែលមានឥទ្ធិពលទាំង១០០ នៅក្នុងទស្សនាវដ្ដី The Time ផងដែរ។ 

#Mesut Ozil

Ozil ក៏ជាបុគ្គល ឬកីឡាករបាល់ទាត់ដែលមានចិត្តសប្បុរសមួយរូបផងដែរ។ គួរចាំបានថា កាលពីឆ្នាំ២០១៤ ក្រោយបញ្ចប់ព្រឹត្តការណ៍ World Cup ខ្សែបម្រើឆ្នើមសញ្ជាតិអាល្លឺម៉ង់រូបនេះ បានផ្តល់មូលនិធិជាច្រើនដើម្បីផ្គត់ផ្គង់ទៅលើការព្យាបាលវះកាត់របស់កុមារ នៅក្នុងប្រទេសប្រេស៊ីល ដែលមូលនិធិបរិច្ចាកទាំងអស់ សុទ្ធតែជាកម្រៃដែលកីឡាកររូបនេះទទួលបានពីព្រឹត្តការណ៍ World Cup។

ខ្សែបម្រើដែលលេងឲ្យក្លិប Arsenal រូបនេះ ក៏ជាអគ្គរដ្ឋទូតរបស់ក្រុមហ៊ុន Laureus ផងដែរ ដោយសារតែសកម្មភាពសប្បុរសធម៍របស់គេ។ ចំនែកកាលពីឆ្នាំ២០១៥ Ozil ធ្លាប់ទទួលបានពានរង្វាន់អគ្គរដ្ឋទូតកីឡាករបាល់ទាត់ប្រចាំប្រទេសអាលឺ្លម៉ង់ផងដែរ។ 

#Dirt Kuyt

ខ្សែបម្រើប្រយុទ្ធសញ្ជាតិហូឡង់រូបនេះ មានមូលនិធិផ្ទាល់ខ្លួនមួយឈ្មោះថា «Dirt Kuyt Foundation» ដែលជាមូលនិធិសម្រាប់ជួយសង្គ្រោះទៅដល់កុមារ នៅក្នុងប្រទេសហូឡង់ មិនតែប៉ុណ្ណោះមូលនិធិនេះ ក៏បានពង្រីកខ្លួនទៅដល់ក្រៅប្រទេសផងដែរ ដូចជា ប្រេស៊ីល នេប៉ាល់ និងហ្គាណា។ 

#Mario Balotelli

ជាខ្សែប្រយុទ្ធរបស់ក្លិបក្នុងប្រទេសបារាំង Nice។ ថ្វីត្បិតអត្តចរិតនៅលើទីលាន មិនសូវល្អ និងមានរឿងអាស្រូវច្រើន ប៉ុន្តែ Balotelli ជាមនុស្សដែលមានទឹកចិត្តម្នាក់ ក្នុងសកម្មភាពសប្បុរសធម៍។

Balotelli តែងតែបរិចា្ចកទឹកប្រាក់របស់ខ្លួន ជួយប្រជាជនទីទាល់ក្រ ហើយអ្វីដែលពិសេសជាងនេះទៀតនោះ កីឡាករសញ្ជាតិអ៊ីតាលីរូបនេះ បានកាត់ប្រាក់ខែរបស់ខ្លួនពាក់កណ្តាល ដើម្បីបរិច្ចាកដល់អង្គការមនុស្សធម៍ជាច្រើនផងដែរ។ 

#Samuel Eto’o

គឺជាកំពូលខ្សែប្រយុទ្ធមកពីតំបន់អាហ្រ្វិចដែលលេចធ្លោជាងគេ ក្នុងវិស័យបាល់ទាត់។ កីឡាករ Samuel Eto’o ក៏ធ្លាប់បានឆ្លងកាត់ការប្រកួតនៅក្នុងក្លិបតំបន់អឺរ៉ុបជាច្រើនផងដែរ ក្នុងនោះ ធ្លាប់លេងឲ្យក្លិប Barcelona និង Inter Milan ជាដើម។

និយាយពីរឿងសកម្មភាពសប្បុរសធម៍វិញ Eto’o មានមូលនិធិផ្ទាល់ខ្លួនមួយ សម្រាប់ជួយប្រជាជនជុំវិញពិភពលោក ក្នុងនោះមូលនិធិរបស់ កីឡាករសញ្ជាតិកាម៉េរូនរូបនេះ បានជួយជ្រោមជ្រែងជាច្រើននៅតាមអង្គការនានា ដូចជាផ្តល់នូវអាហារូបករណ៍ដល់សិស្ស ជំនួយផ្នែកអប់រំ សុខភាព និងថ្នាំពេទ្យ -ល- ។ 

#Michael Essien

Essien ក៏ជាកីឡាករបាល់ទាត់ស្បែកខ្មៅ មកពីតំបន់អាហ្រ្វិកខាងត្បូង និងជាអ្នកចូលរួមសកម្មភាពសប្បុរសធម៍ផងដែរ។ Essien មានមូលនិធិ ផ្ទាល់ខ្លួនមួយឈ្មោះថា «Michael Essien Foudation» ដែលមូលនិធិផ្តល់នូវសេវាសុខភាព ទឹកស្អាត បង្គន់អនាម័យតាមសាធារណៈ និងបណ្ណាល័យ នៅក្នុងប្រទេសកំណើតរបស់ខ្លួន។

បន្ថែមពីនេះទៀត Essien ក៏ជាអគ្គរដ្ឋទូតសន្តិភាព ដែលជ្រើសតាំងដោយសហភាពអាហ្រិ្វក ដើម្បីលើកកម្ពស់សន្តិភាពនៅក្នុងទ្វីបអាហ្រ្វិកផងដែរ។ 

#Ryan Giggs

Giggs គឺជាអតីតកីឡាកររបស់ក្លិបបិសាចក្រហម ហើយបច្ចុប្បន្ននេះគាត់គឺជាជំនួយការគ្រូបង្វឹកមួយរូបផងដែរ។ ក្រៅពីវិថីបាល់ទាត់ Giggs គឺជាសមាជិកម្នាក់របស់អង្គការ UNICEF ហើយតែងតែចូលរួមធ្វើនូវសកម្មភាពសប្បុរសធម៍ជាច្រើនផងដែរ ជាពិសេសនោះ Giggs តែងតែចូលរួមយុទ្ធនាការប្រឆាំងនឹងអំពើប្រកាន់ពូជសាសន៍ ដែលបច្ចុប្បន្នពិភពលោកកំពុងស្អប់ខ្ពើម៕ 

ប្រភព៖ Dailysportek | Mensxp

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]