រាជធានី​ភ្នំពេញ ៖ ក្រោយ​ពី​បាន​ចាកចេញ​ទៅ​ជប៉ុន កាលពី​ថ្ងៃ​ទី​១២ កុម្ភៈ ដើមឆ្នាំ​២០១៧ កីឡាករ ចាន់ វឌ្ឍនាកា បាន​ប្រកាស​ជា​សាធារណៈ​ថា ការ​ប្រាស្រ័យ​ទាក់ទង​ជា​ភាសា​អង់គ្លេស​ទៅ​កាន់​មិត្តភក្តិ និង​អាស្រ័យ​លើ​អ្នកបកប្រែ គឺជា​រឿង​ស្មុគស្មាញ ទើប​លោកសម្រេចចិត្ត​ប្រឹងរៀន​ភាសា​ជប៉ុន​ ដើម្បី​កែកុនទំនាក់ទំនង និង​ពង្រីក​ទីផ្សារ​ការងារ ។

មុន​ចាក​ចេញពី​កម្ពុជា កីឡាករ ចាន់ វឌ្ឍនាកា បាន​អះអាង​ថា យោង​តាម​កាលវិភាគ​លោក​ត្រូវ​ប្រធាន​ក្រុម Fujieda ដែល​បាន​កុងត្រា​យក​លោក​ទៅ​លេង​ពេញ​មួយ​ឆ្នាំ​នៅ​ក្នុង​ប្រទេស​ជប៉ុន​ជា​លក្ខណៈ​ខ្ចី​ជើង នឹង​មានការ​ប្រកួត​មិត្តភាព​មួយ​ជាមួយ​ក្រុម​ផ្សេង​ដែល​ជា​ក្រុម​ល្បី​នៅ​ក្នុង​លី​គជ​ប៉ុន​ផង​ដែរ តែ​លោក​មិន​ចាំ​ឈ្មោះ ។

លោក​ថា ក្លិប​Fujieda បាន​សម្រេច​ដាក់​ឱ្យ​លោក​លេង​ជាមួយ​កីឡាករ​អាជីព​ជប៉ុន​តាំងពី​បាន​ទៅ​ដល់​ដំបូង​ពោល​គឺ​នៅ​ថ្ងៃ​ទី​១៨ កុម្ភៈ ហើយ​ការ​សម្ងំ​នៅ​ជប៉ុន​ប៉ុន្មាន​ខែ​នេះ គឺ​លោក​បាន​ចូល​ប្រកួត​ច្រើន​ដង​ហើយ​ទើប​លោក​ដឹង​ថា គឺជា​រឿង​ពិបាក​ដែល​លោក​អត់​ចេះ​ភាសា​ជប៉ុន​ក្នុង​ការ​ទំនាក់ទំនង ។

លោក​ថា បើ​ខ្លួន​ចេះ​ភាសា​ជប៉ុន​ នឹង​មាន​ទីផ្សារ​ក្រោយ​ផុត​កុងត្រា ដោយសារ​តែ​ជប៉ុន​ជា​ជាតិ​សាសន៍​មួយ​ដែល​មិនសូវ​មាន​ចំណូលចិត្ត​រៀន​អង់គ្លេស​។ លោក​ថា ខ្លួន​ទទួល​បានការ​បង្វឹក​ច្រើន​ក្រោយ​ពេល​ទៅ​ដល់ និង​បាន​បើក​ឆាក​បញ្ចេញ​ថ្វី​ជើង​ឱ្យ​ជនជាតិ​ជប៉ុន និង​បងប្អូន​ខ្មែរ​ទៅ​គាំទ្រ​បានឃើញ​ច្រើន​លើក​មក​ហើយដែរ ។

លោក​បាន​បញ្ជាក់​មុន​ពេល​ចាកចេញ​ថា មានការ​បារម្ភ​ខ្លះ​ដែរ​ដោយសារ​តែ​លោក​ត្រូវ​ប្រកួត​ជាមួយ​ក្រុម​កីឡាករ​អាជីព​របស់​ជប៉ុន ដែល​ហាក់​មិនសូវ​ច្បាស់​ពី​ប្លង់​សម្រាប់​ការ​លេង​ឱ្យ​ស៊ីសង្វាក់​គ្នា ។ លោក​ថា ការ​ប្រកួត​ក្នុង​ក្រុម​ជម្រើសជាតិ​សំខាន់​ៗនៅ​កម្ពុជា​លោក​នៅ​តែ​បង្ហាញខ្លួន ជា​ពិសេស​ការ​ប្រកួត​របស់​ក្រុម​បឹង​កេ​ត​ក្នុង​ទ្រង់ទ្រាយធំ។ លោក​ប្រកាស​រៀន​ភាសា​ជប៉ុន ដើម្បី​កែកុនទំនាក់ទំនង និង​ពង្រីក​ទីផ្សារ​ការងារ ទន្ទឹម​នឹង​ការ​ហ្វឹកហាត់​ឱ្យ​បាន​ដិត​ដល់​ធ្វើ​យ៉ាងណា​លេងឱ្យ​ស៊ីសង្វាក់​ជាមួយ​កីឡាករ​អាជីព​ជប៉ុន ដើម្បី​កុំឱ្យ​មាន​បញ្ហា​ក្នុង​ពេល​ចែក​បាល់ និង​បោះ​បាល់ ។

លោក​ជឿ​ថា ការ​ប្រកួត​ក្នុង​ក្រុម​Fujieda កាន់តែ​ធ្វើ​ឱ្យ​លោក​លេង​ល្អ​ច្រើន ដោយសារ​តែ​លោក​ហាក់​យល់​ពី​ទម្រង់​លេង​របស់​ក្រុម​ជប៉ុនបន្ទាប់​ពី​បាន​ចូល​លេង​ច្រើន​ប្រកួត​រួច​មក ។

លោក​ត្រូវ​គេ​ឃើញ​ស្រវាស្រទេញ​ក្នុង​ការ​ហ្វឹកហាត់​យ៉ាង​សកម្ម​នៅ​ក្នុង​ប្រទេស​ជប៉ុន ដោយ​ការ​ប្រកួត​របស់​លោក​កន្លង​មក​ក៏​ទទួល​បាន​ចំណាប់អារម្មណ៍​ច្រើន​ដែរ​ពី​ជនជាតិ​ជប៉ុន

ទើប​លោក​ប្រកាស​ថា​ត្រូវ​តែ​ប្រឹងរៀន​ភាសាជប៉ុន​មួយទៀត ដើម្បី​ស្វែងរក​ឱកាស​ឱ្យ​បាន​កាន់តែ​ច្រើន​ក្នុង​ការ​បន្ត​លេង​ឱ្យ​ក្រុម​ជប៉ុន ក្រោយ​ពេល​ដាច់​កុងត្រា ។

នៅ​លើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក សមាជិក​ក្រុម​លោក និង​អ្នកគាំទ្រ​ច្រើន​ឡើង​បាន​បង្ហាញ​ពី​អារម្មណ៍​នឹករលឹក​ក្រោយ​កីឡាករ​ចាន់ វឌ្ឍនាកា បែក​ទៅ​លេង​នៅ​ក្នុង​ប្រទេស​ជប៉ុន ។ ម្នាក់​ៗ​បាន​ជូនពរ​លោក តែ​អ្នកខ្លះ​ក៏​បង្ហោះ​ភាសា​ថា​នឹក និង​ចង់ឱ្យ​ពេលវេលា​ត្រឡប់​វិញ​របស់​លោក​ឆាប់​កើតឡើង​ផង​ដែរ ជា​ពិសេស​ចំពោះ​អ្នក​ដែល​ចង់​ទស្សនាការ​ប្រកួត​របស់​លោក ហើយ​មិន​បាន​ឃើញនឹងភ្នែក​ដូច​មុន​នោះ ។ អ្នកខ្លះ​បាន​ទាំង​ពោល​ពាក្យ​ថា​«​គ្មាន​ពេលវេលា​ជួបជុំ​ណា​ដែល​មិន​បែក​»​ដើម្បី​លួង​ចិត្ត​ខ្លួនឯង​នោះ​ផង ឆ្លើយ​តប​នឹង​ការ​ប្រកាស​ថា​នឹក​ស្រុក នឹក​អ្នកគាំទ្រ​របស់​កីឡាករ ចាន់ វឌ្ឍនាកា ។

តំណាង​ក្រុម Fujieda ធ្លាប់​បាន​ប្រកាស​ថា ចាន់ វឌ្ឍនាកា ជា​កីឡាករ​កម្ពុជា​តែ​ម្នាក់​ដែល​ក្លិប​របស់​លោក​ជ្រើស​ឱ្យទៅ​លេង ប៉ុន្តែ​មិនមែន​ជា​កីឡាករ​បរទេស​ទី​១​នោះ​ទេ ដោយសារ​តែ​ក្លិប​របស់​លោក​ធ្លាប់​ទិញ​កីឡាករ​បរទេស​ឱ្យមក​លេង​ច្រើន​នាក់​រួច​មក​ហើយ ។ លោក​ថា កីឡាករ​ចាន់ វឌ្ឍនាកា ត្រូវ​រស់នៅ​ប្រទេស​ជប៉ុន​រយៈពេល​មួយ​ឆ្នាំ ប៉ុន្តែ​គេ​អាច​ឡើង​ចុះ​មក​ប្រកួត​នៅ​កម្ពុជា​បាន ប្រសិនបើ​ការ​ប្រកួត​ក្នុងស្រុក​មាន​ភាព​សំខាន់​ដែល​មិន​អាច​បាត់​មុខ​គេ​បាន ។

លោក​ថា នៅ​ក្នុង​ប្រទេស​ជប៉ុន​មាន​ភាព​ខុស​គ្នា​ដូច​មេឃ​និង​ដី​ជាមួយ​ប្រទេស​កម្ពុជា ជា​ពិសេស​បញ្ហា​អាកាសធាតុ ចំណីអាហារ និង​របៀបរបប​រស់នៅ ។ ប៉ុន្តែ​លោក​ថា កីឡាករ ចាន់ វឌ្ឍនាកា មិន​មាន​បញ្ហា​នោះ​ទេ ដោយសារ​តែ​ការ​ចេញ​ទៅ​ប្រកួត​នៅ​ក្នុង​ប្រទេស​ជប៉ុន​មួយ​លើក​កាល​មុន កីឡាករ​រូប​នេះ​ក៏​ស៊ាំ​នឹង​បរិយាកាស​នា​ពេល​នោះ​ដែរ ។

លោក​ថា នៅ​ទីក្រុង​ដែល​ចាន់ វឌ្ឍនាកា រស់នៅ​ឆ្ងាយ​ពី​ទីក្រុង​តូ​ក្យូ ដោយ​ខាង​ក្លិប​លោក​បាន​ជួល​បន្ទប់​ខុន​ដូ​មួយ​ឱ្យ និង​មាន​រថយន្ត​ជូន​ទៅ​ជូន​មក ដោយ​មាន​អ្នកបកប្រែ​មួយ​រូប​នៅ​ជាប់​ជាមួយ​ផង​ដែរ ។ ដូច្នេះ​ចាន់ វឌ្ឍនាកា មិន​មាន​ភាព​លំបាក​នោះ​ទេ ហើយ​បើ​ការ​ប្រកួត​បើក​ឆាក​របស់​គេ​ទទួល​បានការ​ចាប់អារម្មណ៍ នោះ​នឹង​ដាក់​ឱ្យ​លេង​ក្នុង​ការ​ប្រកួត​ធំ​ៗ​របស់​ក្លិប​ទៀត ៕

ចាន់ វឌ្ឍនាកា ប្រឹងរៀន​ភាសា​ជប៉ុន​ដើម្បី​កែកុន​ទំនាក់ទំនង​ និង​ពង្រីក​ទីផ្សារ​ការងារ
លោក​ថា បើ​ខ្លួន​ចេះ​ភាសា​ជប៉ុន​ នឹង​មាន​ទីផ្សារ​ក្រោយ​ផុត​កុងត្រា ដោយសារ​តែ​ជប៉ុន​ជា​ជាតិ​សាសន៍​មួយ​ដែល​មិនសូវ​មាន​ចំណូលចិត្ត​រៀន​អង់គ្លេស​
លោក​បាន​បញ្ជាក់​មុន​ពេល​ចាកចេញ​ថា មានការ​បារម្ភ​ខ្លះ​ដែរ​ដោយសារ​តែ​លោក​ត្រូវ​ប្រកួត​ជាមួយ​ក្រុម​កីឡាករ​អាជីព​របស់​ជប៉ុន ដែល​ហាក់​មិនសូវ​ច្បាស់​ពី​ប្លង់​សម្រាប់​ការ​លេង​ឱ្យ​ស៊ីសង្វាក់​គ្នា
លោក​ថា ការ​ប្រកួត​ក្នុង​ក្រុម​ជម្រើសជាតិ​សំខាន់​ៗនៅ​កម្ពុជា​លោក​នៅ​តែ​បង្ហាញខ្លួន ជា​ពិសេស​ការ​ប្រកួត​របស់​ក្រុម​បឹង​កេ​ត​ក្នុង​ទ្រង់ទ្រាយធំ

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]