ភ្នំពេញ៖ ថ្ងៃ អង្គារ ទី ២៣ ខែ ឧសភា ឆ្នាំ ២០១៧, សន្និសីតកាសែតស្តីអំពី ការជម្រុញការភ្ជាប់ទំនាក់ទំនងការដឹកជញ្ជូនរវាង កម្ពុជា - ថៃ ដើម្បីការរីកចម្រើនប្រកបដោយ ចេរភាព ដោយជម្រុញការអភិវឌ្ឍប្រព័ន្ធការដឹកជញ្ជូនប្រកបដោយស្តង់ដារអន្តរជាតិ សំរាប់ការដឹកជញ្ជូន  និងការទំនាក់ទំនង តាមរយៈការអញ្ជើញសហគ្រិនកម្ពុជាទៅចូលរួម “ពិព័រណ៌ការដឹកជញ្ជូនដ៏ចាំបាច់បំផុត អាស៊ាន ស្តីអំពីបច្ចេកវិទ្យាដឹកជញ្ជូន ដំណោះស្រាយ និងឧបករណ៍ក្នុងការដឹកជញ្ជូន - TILOG-LOGISTIX 2017 ដែលនឹងរៀបចំធ្វើឡើងចាប់ពីថ្ងៃទី ១៦ - ១៨ សីហា ឆ្នាំ ២០១៧ នៅមជ្ឍមណ្ឌលពិព័រណ៌ BITEC ទីក្រុងបាងកក ប្រទេសថៃ។

លោក ជិរ៉ាវុធ សុវ៉ាន់ណាអាត ភារធារីស្ថានទូតថៃទទួលបន្ទុកផ្នែកពាណិជ្ជកម្ម ការិយាល័យកិច្ចការពាណិជ្ជកម្ម ស្ថានឯកអគ្គរាជទូតថៃប្រចាំកម្ពុជា បានធ្វើការបង្ហាញអំពី “គោលនយោបាយរបស់រាជរដ្ឋាភិបាលថៃដែលគាំទ្រដល់ឧស្សាហកម្មដឹកជញ្ជូនរវាង ថៃ - កម្ពុជា”។ លោកបានលើកឡើងអំពី ពិព័រណ៌ TILOG-LOGISTIX 2017 ដែលជាផ្នែកមួយនៃគោលនយោបាយរបស់រាជរដ្ឋាភិបាលថៃតាមរយៈនាយកដ្ឋានជម្រុញពាណិជ្ជកម្មអន្តរជាតិនៃក្រសួងពាណិជ្ជកម្មថៃ ដោយរួមសហការរៀបចំជាមួយក្រុមហ៊ុន Reed Tradex ដើម្បីជម្រុញការអភិវឌ្ឍការដឹកជញ្ជូនសំរាប់ពង្រឹងពាណិជ្ជកម្មរវាង ថៃ - កម្ពុជា និងសំរាប់ជម្រុញការអភិវឌ្ឍសេដ្ឋកិច្ច - សង្គមឲ្យកាន់តែជិតស្និទ្ធបន្ថែមទៀតជាមួយបណ្តាប្រទេសជិតខាង។ លោកបានមានប្រសាសន៍ថា កម្ពុជាបានធ្វើកំណែទម្រង់គោលនយោបាយពាណិជ្ជកម្មសេរី ជាមួយនឹងបរិយាកាសនយោបាយដ៏ល្អ និងការបន្តលូតលាស់នៃសេដ្ឋកិច្ចរបស់ខ្លួន។ ក្នុងនាមជាដៃគូពាណិជ្ជកម្មដ៏យូរអង្វែងជាមួយនឹងការជឿទុកចិត្តខ្ពស់លើផលិតផលថៃ បានធ្វើឲ្យប្រទេសថៃក្លាយជាដៃគូពាណិជ្ជកម្មធំទី ២ របស់កម្ពុជាកាលពី ៥ ឆ្នាំកន្លងទៅ។ នៅក្នុងឆ្នាំ ២០១៦ ទំហំពាណិជ្ជកម្មនៃប្រទេសទាំងពីរបានកើនដល់ ៥.៦ ពាន់លានដុល្លារ មានទំហំប្រហាក់ប្រហែលនឹងឆ្នាំ ២០១៥ ដែរ ហើយសំរាប់ឆ្នាំនេះ លោករំពឹងទុកថា នឹងកើនឡើងដល់ ៥.៨ ពាន់លានដុល្លារ ឬកើនឡើងប្រហែល ៥%។ ជាមួយនឹងទំហំពាណិជ្ជកម្មដ៏ខ្ពស់នេះ ការជម្រុញការអភិវឌ្ឍការដឹកជញ្ជូនរវាងប្រទេសទាំងពីរ និងជួយពង្រឹងការដោះដូរពាណិជ្ជកម្មគ្នាឲ្យបន្តរីកចម្រើនតទៅមុខ។ ការធ្វើពាណិជ្ជកម្មសម័យទំនើប ទាមទារឲ្យមានហេដ្ឋារចនាសម្ព័ន្ធការដឹកជញ្ជូនងាយស្រួល ដែលភ្ជាប់ការដឹកជញ្ជូនទំនិញទៅកាន់ឃ្លាំងស្តុកទំនិញបានឆាប់រហ័ស។ ប្រទេសថៃ មានប្រព័ន្ធគ្រប់គ្រងការដឹកជញ្ជូនដែលមានការអភិវឌ្ឍដ៏ប្រណិត ដែលអាចភ្ជាប់ប្រទេសកម្ពុជាជាមួយប្រព័ន្ធការដឹកជញ្ជូនដ៏រលូនទៅកាន់បណ្តាប្រទេសអាស៊ាន និងបណ្តាប្រទេសផ្សេងៗទៀតក្នុងតំបន់។ រាជរដ្ឋាភិបាលថៃ សំឡឹងឃើញនូវសារសំខាន់នៃការជម្រុញការដឹកជញ្ជូន ជាពិសេសពាណិជ្ជកម្មទ្វេរភាគី និងមានគោលនយោបាយជម្រុញហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត ការដឹកជញ្ជូនទំនិញ និងសេវាកម្មឲ្យមានកម្រិតស្តង់ដារអន្តរជាតិ ដែលផ្តល់អត្ថប្រយោជន៍ដល់ការអភិវឌ្ឍធុរកិច្ចរវាងប្រទេសទាំងពីរ។ លោកក៏បានធ្វើការពន្យល់បន្ថែមទៀតថា៖ ជាមួយនឹងការអភិវឌ្ឍសេដ្ឋកិច្ចបែបនេះនឹងឈានទៅរកការពង្រីកអាជីវកម្មក្នុងតំបន់បានយ៉ាងឆាប់រហ័ស។

លោក ស៊ិន ចន្ធី ប្រធានសហព័ន្ធអ្នកឈានមុខក្នុងវិស័យដឹកជញ្ជូនកម្ពុជា - Cambodia Freight Forwarders Association (CAMFFA) បានលើកបង្ហាញអំពី “ការតភ្ជាប់ទំនាក់ទំនងការដឹកជញ្ជូនរវាង កម្ពុជា - ថៃ ដែលជាគន្លឹះឈានទៅរកជោគជ័យក្នុងវិស័យដឹកជញ្ជូន”។ លោកបានចង្អុលបង្ហាញថា ការតភ្ជាប់ទំនាក់ទំនងការដឹកជញ្ជូនរវាង កម្ពុជា - ថៃ បានកើតឡើង និងត្រូវបានពង្រឹងពីមួយឆ្នាំទៅមួយឆ្នាំ តាមរយៈការដោះដូរលិខិតអនុញ្ញាតឲ្យចេញចូលរថយន្ត និងតារាងតម្លៃពន្ធគយឆ្លងដែនរវាងប្រទេសទាំងពីរ ឈានឆ្ពោះទៅកាន់ការបង្កើតឲ្យមាននូវទំហំការដឹកជញ្ជូនកាន់តែច្រើនឡើង និងការបើកច្រកព្រំដែនថ្មីៗរវាងប្រទេសទាំងពីរ។ ការអនុវត្តបែបនេះ ជួយឲ្យការដឹកជញ្ជូនទំនិញទៅដល់ដៃអតិថិជនបានកាន់តែឆាប់រហ័ស កាត់បន្ថយថ្លៃដើមក្នុងការផ្ទេរឆ្លងកាត់តាមច្រកព្រំដែននៃប្រទេសវៀតណាម និងជួយផ្ទេរទំនិញទៅកាន់ប្រព័ន្ធដឹកជញ្ជូនក្នុងប្រទេសកម្ពុជាដើម្បីដឹកទៅកាន់គោលដៅនីមួយៗក្នុងប្រទេសកម្ពុជាបានឆាប់រហ័ស។ លោក ស៊ិន ចន្ធី បានសម្លឹងឃើញឱកាសក្នុងការពង្រឹងពាណិជ្ជកម្ម និងការប្រកួតប្រជែងទ្វេរភាគីរវាងប្រទេសទាំងពីរ និងការតភ្ជាប់គ្នាដើម្បីបម្រើដល់គោលដៅផ្សេងទៀតក្នុងអាស៊ាន តាមរយៈដំណើរការដ៏ងាយស្រួល អត្រាចំណាយដែលមានភាពប្រកួតប្រជែង កាត់បន្ថយពេលវេលាក្នុងការដឹកជញ្ជូន និងការបើកច្រកថ្មីៗ។ ដើម្បីឲ្យអ្វីៗដែលបានលើកឡើងនេះអាចកើតឡើងបាន លោក ស៊ិន ចន្ធី យល់ឃើញថា ពិព័រណ៌ TILOG-LOGISTIX 2017 គឺជាទម្រង់ពង្រឹងការតភ្ជាប់ពាណិជ្ជកម្មទ្វេរភាគី តាមរយៈការរៀបចំឲ្យមានការជួបគ្នារវាងសហគ្រិននៃប្រទេសទាំងពីរ និងចែករំលែកការដឹកជញ្ជូន និងការតភ្ជាប់ទំនាក់ទំនងរវាងប្រទេសទាំងពីរ។

ជាមួយនឹងប្រធានបទដូចគ្នានេះដែរ លោក ថងយូ ឃុងខាន់ អគ្គនាយកសហភាពការដឹកជញ្ជូនផ្លូវគោកនៃព្រះរាជាណាចក្រថៃ ក៏បានបង្ហាញទស្សនៈគាំទ្រនូវសារសំខាន់នៃការតភ្ជាប់ការដឹកជញ្ជូនក្នុងតំបន់ ដោយធ្វើការចង្អុលបង្ហាញថា វាមានសារសំខាន់បំផុតសំរាប់ការរីកលូតលាស់នៃសេដ្ឋកិច្ច និងការដោះដូរពាណិជ្ជកម្មតាមព្រំដែននៃបណ្តាប្រទេស CLMV ដែលជាទីផ្សាដ៏មានសក្តានុពលបំផុតក្នុងតំបន់ដែលនឹងរីកលូតលាស់បានខ្ពស់ផងដែរ។ កម្ពុជាផ្តោតសំខាន់ទៅលើការដឹកជញ្ជូនផ្លូវគោក ដែលមានការចំណាយពេលតិចក្នុងការដឹកជញ្ជូនទំនិញតាមផ្លូវថ្នល់រវាងប្រទេសទាំងពីរ។ កំណែទម្រង់នូវការតភ្ជាប់ការដឹកជញ្ជូនរវាងប្រទេសទាំងពីរមានសារសំខាន់បំផុត និងជួយជម្រុញពាណិជ្ជកម្មរវាងប្រទេសទាំងពីរបន្តរីកលូតលាស់បានជាដរាប។ វានឹងឈានទៅរកកំណែទម្រង់ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនរវាងសហគ្រិនក្នុងតំបន់ និងចុងបញ្ចប់នឹងបង្កើតឡើងនូវបណ្តាញការដឹកជញ្ជូនដ៏ទាន់សម័យសំរាប់ការដឹកជញ្ជូនទំនិញទៅកាន់ឃ្លាំងទំនិញ។ ពិព័រណ៌ TILOG-LOGISTIX 2017 នឹងជួយឲ្យសហគ្រិន កម្ពុជាស្វែងរកឃើញដៃគូធុរកិច្ចការដឹកជញ្ជូនក្នុងប្រទេសថៃ និងបណ្តាប្រទេសដទៃទៀត រួមទាំងផ្នែករដ្ឋនៃរាជរដ្ឋាភិបាលថៃផងដែរ។ លោក ថងយូ ឃុងខាន់ បានធ្វើការពន្យល់បន្ថែមទៀតថា៖ លោកអ្នកអាចទៅទស្សនាមើលដោយផ្ទាល់នូវហេដ្ឋារចនាសម្ព័ន្ធការដឹកជញ្ជូនថៃដែលបម្រើដល់ការដឹកជញ្ជូនក្នុងបណ្តាប្រទេស CLMV និងដើម្បីឃើញឱកាសរីកចម្រើនក្នុងធុរកិច្ចការដឹកជញ្ជូន សំរាប់ការតភ្ជាប់តំរូវការ និងការផ្គត់ផ្គង់ក្នុងតំបន់។ 

អ្នកនាង ដួងរ៉ាត់ ឧត្តមស៊ុមផន ប្រធានគ្រប់គ្រង់ផ្នែកវិនិយោគជាន់ខ្ពស់ នៃក្រុមហ៊ុន Reed Tradex បានធ្វើបទបង្ហាញថា ពិព័រណ៌ TILOG-LOGISTIX 2017 ដែលនឹងរៀបចំធ្វើឡើងចាប់ពីថ្ងៃទី ១៦ - ១៨ សីហា ឆ្នាំ ២០១៧ នៅមជ្ឍមណ្ឌលពិព័រណ៌ BITEC ទីក្រុងបាងកក ប្រទេសថៃ ក្រោមប្រធានបទ “ការតភ្ជាប់ទំនាក់ទំនងការដឹកជញ្ជូនដើម្បីការរីកចម្រើនប្រកបដោយចេរភាព អាស៊ានបូក ៦” ជាពិព័រណ៌ដ៏ល្អឥតខ្ចោះដែលបង្ហាញអំពីសេវាកម្មការដឹកជញ្ជូនពាណិជ្ជកម្មក្នុងតំបន់។ ពិព័រណ៌នេះក៏នឹងបង្ហាញផងដែរនូវបច្ចេកវិទ្យា ការធ្វើឲ្យប្រសើរឡើង ម៉ាស៊ីន ឧបករណ៍ អ្នកផ្តល់សេវាកម្មដឹកជញ្ជូន អ្នកផ្តល់សេវាកម្មផ្នែកបច្ចេកវិទ្យា និងដំណោះស្រាយផ្សេងៗ ដែលមកពីបណ្តាក្រុមហ៊ុនឈានមុខចំនួន ៤១៥ ពី ២៥ ប្រទេសទូទាំងពិភពលោក។ ពិព័រណ៌នេះក៏បាននាំមកនូវក្រុមហ៊ុនផ្តល់សេវាកម្មដឹកជញ្ជូនទាំងផ្លូវគោក ផ្លូវអាកាស និងផ្លូវទឹក ក្នុងឧស្សាហកម្មធំៗជាច្រើនក្នុងតំបន់អាស៊ាន ដើម្បីផ្តល់ឱកាសការជួបគ្នានិងបង្កើតទំនាក់ទំនងគ្នាសំរាប់បើកច្រកទ្វារពាណិជ្ជកម្មក្នុងតំបន់។

ប្រធានបទនេះ ផ្តោតសំខាន់ដើម្បីធ្វើឲ្យ ពិព័រណ៌ TILOG-LOGISTIX 2017 អាចផ្តល់ជូននូវគុណប្រយោជន៍ល្អៗជូនសហគ្រិនកម្ពុជាក្នុងការធ្វើពាណិជ្ជកម្ម និងវិនិយោគទ្វេរភាគីក្នុងផ្នែកបច្ចេកវិទ្យា ឬពង្រីកអាជីវកម្មរបស់ខ្លួននៅក្នុងតំបន់អាស៊ាន តាមរយៈការចូលរួមក្នុងការជួបជុំគ្នាមួយដើម្បីពង្រីកទំនាក់ទំនងពាណិជ្ជកម្ម ពង្រឹងសមត្ថភាពការប្រកួតប្រជែង ផ្លាស់ប្តូរទស្សនៈការគ្រប់គ្រងការដឹកជញ្ជូន ចូលរួមសិក្ខាសាលាអប់រំអន្តរជាតិផ្សេងៗ ដូចជា វេទិការពិភាក្សាការដឹកជញ្ជូន ពាណិជ្ជកម្ម (Trade Logistics Symposium) និងវេទិការភស្តុភារនិងការដឹកជញ្ជូនពិភពលោក (World Transport & Logistics Forum-WTLF) ជាដើម។ អ្នកនាង ដួងរ៉ាត់ ឧត្តមស៊ុមផន ក៏បានពន្យល់ផងដែរថា៖ ទាំងនេះនឹងផ្តល់ឱកាសជូនលោកអ្នកបានចូលរួមភ្ជាប់ទំនាក់ទំនងអាជីវកម្មផ្នែកដឹកជញ្ជូន ស្វែងរកដៃគូពាណិជ្ជកម្ម និងបង្កើតទំនាក់ទំនងជាមួយនឹងអ្នកដែលបានចូលរួមផ្សេងៗទៀតក្នុងរយៈពេលវែងក្នុងអាជីវកម្មប្រភេទនេះ។ ពិព័រណ៌មួយនេះ និងបង្កើតឱកាសសំរាប់សហគ្រិន កម្ពុជា - ថៃ អាចពង្រីកទំនាក់ទំនងអាជីវកម្មរបស់ខ្លួន រួមទាំងអត្ថប្រយោជន៍ផ្សេងៗទៀតដែលបានមកពីការអភិវឌ្ឍការដឹកជញ្ជូននៅថ្ងៃអនាគត។

មានផលប្រយោជន៍ជាច្រើនទៀតសំរាប់អ្នកចូលរួមដែលជាពាណិជ្ជករកម្ពុជាក្នុងពិព័រណ៌ TILOG-LOGISTIX 2017 សូមអញ្ជើញចុះឈ្មោះឲ្យបានត្រឹមថ្ងៃទី ៣០ ខែ មិថុនា ឆ្នាំ ២០១៧ ដើម្បីទទួលបាននូវអត្ថប្រយោជន៍ពិសេសៗ (សំរាប់អ្នកចុះឈ្មោះមុន ទទួលបានមុន) ជាមួយនឹងការផ្តល់ជូនការស្នាក់នៅដោយឥតគិតថ្លៃចំនួន ២ យប់ ៣ ថ្ងៃ សំរាប់បន្ទប់គ្រែ ២ សេវាកម្មរៀបចំការជួបពិភាក្សាអាជីវកម្ម និងសិទ្ធិចូលរួមសិន្និសីតនិងសិក្ខាសាលាផ្សេងៗ។ សំរាប់អ្នកដែលមានចំណាប់អារម្មណ៍ សូមចុះឈ្មោះតាមរយៈអ៊ីម៉ែល [email protected] (ការផ្តល់ជូនខាងលើអាចធ្វើការផ្លាស់ប្តូរដោយមិនចាំបាច់ជូនដំណឹងជាមុន អាស្រ័យលើគោលនយោបាយនិងតម្រូវការចាំបាច់របស់ក្រុមហ៊ុន។)

សំរាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់៖ www.tilog-logistix.com 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]