ហ្វីលីពីន៖  បុរសសន្តិសុខជនជាតិហ្វីលីពីនម្នាក់ ត្រូវបានអ្នកនិយមលេងអ៊ីនធើណែតជាច្រើន គោរពនិងកោតសរសើរទឹកចិត្ត ដ៏ទៀងត្រង់របស់គាត់យ៉ាងខ្លាំង ក្រោយពីរើសបានកាបូបដែលមានផ្ទុកលុយជាច្រើនពាន់ដុល្លារហើយ បែរជាសម្រេចចិត្តប្រគល់ឲ្យ ម្ចាស់ដើមគេវិញទាំងមិនរុញរា។

លោក Ronald Llaneta មកពីទីក្រុង Atimonan ខេត្ត Quezon ប្រទេសហ្វីលីពីន បច្ចុប្បន្នគាត់គឺជាសន្តិសុខយាមកាមម្នាក់ នៅផ្សារទំនើបមួយកន្លែង ក្នុងទីក្រុង Makati បានប្រទះឃើញកាបូបលុយមួយ ដែលអតិថិជនភ្លេចនៅក្នុងរទេះរុញដើរទិញទំនិញ ខណៈរូបលោកដើរល្បាតក្នុងផ្សារ។

ក្រោយមកសន្តិសុខរូបនេះ ក៏បានឆែកមើលក្នុងកាបូបនោះ  ឃើញមានអត្តសញ្ញាណប័ណ្ណរបស់ម្ចាស់កាបូប និងលុយយ៉ាងច្រើនដល់ទៅ ៥០០,០០០ប៉េសូ (ប្រហែលជាង១ម៉ឺនដុល្លារ) ឯណោះ។ ប៉ុន្តែផ្ទុយទៅវិញ គាត់ហាក់បីដូចជាមិនមានការភ្ញាក់ផ្អើលអ្វីទាំងអស់ រួចក៏សម្រេចចិត្តយកកាបូបលុយនោះ ទៅឲ្យខាងការិយាល័យធំក្នុងផ្សារទំនើប ដើម្បីឲ្យជួយធ្វើអន្តរាគមន៍ ស្វែងរកម្ចាស់គេវិញ។

បើតាមប្រភព បានឲ្យដឹងថា រយៈពេលប៉ុន្មានម៉ោងក្រោយមក អ្នកគ្រប់គ្រងខាងផ្សារទំនើប ក៏បានទាក់ទងស្វែងរកម្ចាស់កាបូបឃើញ។ ក្រោយមក ពួកគេក៏បានប្រគល់វាទៅឲ្យម្ចាស់គេវិញផងដែរ។ ជាហេតុធ្វើម្ចាស់កាបូប រំភើបចិត្តយ៉ាងខ្លាំង ហើយក៏បានផ្តល់នូវសគុណខ្លះដល់លោក Ronald  ប៉ុន្តែត្រូវបានសន្តិសុខរូបនេះ បដិសេធមិនព្រមទទួលយកឡើយ។

លោក Ronald និយាយថា លោកមិនចង់បានសគុណតបស្នងអី្វនោះទេ ព្រោះថាអ្វីៗដែលគាត់ធ្វើនេះ គឺជាកាតព្វកិច្ចការងារដែលគាត់ត្រូវបំពេញ ក្នុងនាមជាសន្តិសុខដ៏ល្អម្នាក់តែប៉ុណ្ណោះ។

ដោយសារសម្តីដ៏មានន័យ និងទឹកចិត្តដ៏ស្មោះត្រង់របស់លោក Ronald នេះហើយ ទើបធ្វើឲ្យចាក់ដោតចិត្ត អ្នកគ្រប់គ្រងផ្សារទំនើប រួមទាំងម្ចាស់កាបូបយ៉ាងខ្លាំង រហូតដល់ថ្នាក់នាំគ្នាក្រោកឈរ លើកដៃដល់ចុងចិញ្ចើមដូចកងនាយទាហាន ដើម្បីសម្តែងពីការគោរពដ៏ស្មោះស្ម័គ្រចំពោះលោក Ronald តែម្តង ៕

តើសម្រាប់ប្រិយមិត្តយល់យ៉ាងណាដែរ?   

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]