ភ្នំពេញ៖ ជាការពិតណាស់ វិស័យបាល់ទាត់ក្នុងប្រទេសកម្ពុជា សព្វថៃ្ងកំពុងមានការរីកចម្រើនយ៉ាងខ្លាំង ពីសំណាក់មហាជនគ្រប់ស្រទាប់ មិនថាចាស់ មិនថាក្មេងឡើយ ជាពិសេសឲ្យតែមានការប្រកួតអន្ដរជាតិម្ដងៗរបស់ក្រុមជម្រើសជាតិ គឺអ្នកគាំទ្រតែងតែទៅជួយលើកទឹកចិត្ដពេញកីឡដ្ឋានតែម្ដង។ នេះសបញ្ជាក់ឲ្យឃើញថា វិស័យបាល់ទាត់ក្នុងប្រទេសកម្ពុជា កំពុងបោះជំហានទៅមុខជាបណ្ដើរៗហើយ។

ដោយឡែកការហាត់ប្រាណវិញ ឃើញថាកីឡាបាល់ទាត់គឺជាកីឡាដ៏ពេញនិយមបំផុតសម្រាប់ក្មេងៗ យុវជន និងមនុស្សចាស់ ក្នុងការបញ្ចេញជាតិពុល ឫក៏អាចជាការកំសាន្ដក្រោយសម្រាកពីការងារ សិក្សាផងដែរ។

បើយើងក្រឡេកទៅមើលអាជីវកម្មតារាងបាល់ទាត់ដែលក្រាលដោយស្មៅសិប្បនិម្មិតវិញឃើញថា មានការរីកស្គុះស្គាយយ៉ាងខ្លាំង ចាប់តាំងពីវិស័យកីឡាមានការរីកចម្រើន ដោយយើងសង្កេតឃើញថា មនុស្សម្នាជាច្រើន បានទៅលេងទាត់បាល់ក្នុងតារាងក្រាលស្មៅសិប្បនិម្មិតជារៀងរាល់ថៃ្ងមិនដែលខានឡើយ។

ការដែលមានមនុស្សយ៉ាងច្រើនទៅលេងបាល់ទាត់ សឹងតែរាល់ថៃ្ងនោះ ប្រិយមិត្ដប្រាកដជាចង់ដឹងហើយ ថាតើអាជីវកម្មតារាងបាល់ទាត់ក្នុងស្រុកខែ្មរ អាចរកប្រាក់បានប៉ុន្មានដែរក្នុង១ខែ។

ថៃ្ងនេះ Khmerload នឹងនាំប្រិយមិត្ដឲ្យដឹងពីការធើ្វអាជីវកម្មតារាងបាល់ទាត់ដែលក្រាលស្មៅសិប្បនិម្មិត ដោយធ្វើការសម្ភាសន៍ជាមួយនឹងអ្នកគ្រប់គ្រងទូទៅនៃតារាងបាល់ទាត់មួយដែលមានឈ្មោះថា Rooy7 ដែលលោកនឹងរៀបរាប់ពីការបើកអាជីវកម្មនេះ ថាតើជួបផលលំបាកអ្វីខ្លះ ជាពិសេសគឺប្រាក់ចំណូលដែលអាចរកពីការធើ្វអាជីវកម្មនេះ។

ជួបជាមួយបងប្រុស ម៉ី រដ្ឋា អាយុ២៦ឆ្នាំ ជាអ្នកគ្រប់គ្រងទូទៅនៃទីលានបាល់ទាត់ Rooy7 បានប្រាប់ដល់ក្រុមការងារ Khmerload ឲ្យបានដឹងថា ទីលានបាល់ទាត់នេះចាប់ផ្ដើមបង្កើតឡើងក្នុងឆ្នាំ២០១១ ដែលគោលបំណងនៃការបង្កើតអាជីវកម្មតារាងនេះ គឺដោយសារតែស្រលាញ់វិស័យកីឡាបាល់ទាត់ ក៏ដូចជាចង់អភិវឌ្ឍន៍វិស័យនេះឲ្យមានការរីកចំរើន ដែលពេលនោះគឺមានត្រឹមតែតារាងធំមួយតែប៉ុណ្ណោះ។

បងប្រុសបានបន្ដថា ផលវិបាកនៅពេលទើបតែបង្កើតនោះ គឺបញ្ហាភ្ញៀវមិនសូវមាន ដោយសារតែមិនសូវមានអ្នកស្គាល់ និងធើ្វការផ្សព្វផ្សាយមិនបានទូលំទូលាយផង។ ប៉ុន្ដែត្រឹមរយៈពេល ២ ទៅ៣ខែ ប៉ុណ្ណោះ កំណើនអតិថិជនដែលមកលេងនៅតារាងបាល់ទាត់ Rooy7 មានការកើនឡើងគួរឲ្យកត់សម្គាល់ ដែលមូលហេតុនេះបងប្រុសបាននិយាយថា គឺដោយសារតែការស្គាល់តាមគ្នា។ ដោយសង្កេតឃើញថា មានអ្នកស្រលាញ់ចូលចិត្ដបាល់ទាត់ច្រើន ក៏ធើ្វឲ្យបងប្រុសសម្រេចពង្រីកទីលានបាល់ទាត់ពីមួយទៅមួយៗ រហូតមានតារាងសរុបចំនួន៦ គឺតារាងតូចមានដំបូលចំនួន៣ និងតារាងធំគ្មានដំបូលចំនួន៣ រហូតដល់សព្វថៃ្ង។

បងប្រុស មីុ រដ្ឋា អ្នកគ្រប់គ្រងទូទៅទីលាន Roy7

បងប្រុស រដ្ឋា បានលើកឡើងថា កាលនោះក្នុងរាជធានីភ្នំពេញ ពុំសូវមានតារាងបាល់ទាត់ទេ ដោយមានត្រឹម ២ ៣កន្លែងប៉ុណ្ណោះ ព្រោះពេលនោះមនុស្សមិនសូវជានិយមលេងកីឡាបាល់ទាត់ ប៉ុន្ដែបើប្រៀបធៀបនាពេលបច្ចុប្បន្នវិញ តារាងបាល់ទាត់គឺមានសឹងតែគ្រប់ទីកន្លែងក្នុងរាជធានីភ្នំពេញ ក៏ដូចជាតាមបណ្ដាខេត្ដផងដែរ។ បងប្រុសក៏បាននិយាយទៀតថា «អាជីវកម្មតារាងបាល់ទាត់នេះ បើគិតទៅវាអាចរកចំណូលបានច្រើនគួរសមដែរ ព្រោះថាភ្ញៀវមកលេងច្រើនសឹងរាល់ថៃ្ង ជាពិសេសគឺថៃ្ងចុងសប្ដាហ៍ និងថៃ្ងឈប់សម្រាក ហើយក្នុង១ថៃ្ងទាំងតារាងតូច និងតារាងធំ សរុបក្នុង១ថៃ្ងគឺភ្ញៀវលេងបានពី ១៤ ទី១៥ម៉ោង»

ដោយសារតែការគំាទ្រយ៉ាងខ្លាំងពីសំណាក់ភ្ញៀវដែលមកលេងនៅទីលានបាល់ទាត់ Rooy7 បងប្រុសរដ្ឋា បានបញ្ជាក់ថាចំពោះតម្លៃនៃការលេងក្នុង១ម៉ោងវិញ គឺតារាងរបស់ខ្លួនបានទម្លាក់តម្លៃពី៨ដុល្លារ សល់ត្រឹម៥ដុល្លារប៉ុណ្ណោះក្នុង១ម៉ោង ចំពោះតារាងតូច ឯតារាងធំគឺពីម៉ោង ៧ព្រឹក ដល់ម៉ោង២រសៀល តម្លៃ១២ដុល្លារ ដែលតម្លៃខាងលើនេះគឺចាប់ពីថៃ្ងច័ន្ទ រហូតដល់ថៃ្ងសុក្រ។

ជាចុងក្រោយ បងប្រុសរដ្ឋាក៏មានជាមតិ នឹងការផ្ដាំផ្ញើរថា៖ «សូមឲ្យប្អូនៗយុវវ័យចៀសឲ្យឆ្ងាយពីគ្រឿងញៀន និងងាកមកលេងបាល់វិញ ដើម្បីបែកញើសហាត់ប្រាណ ហើយឥឡូវឃើញថាកីឡាមានការរីកចម្រើន ចឹងសង្ឃឹមថាប្អូនៗនឹងងាកមកលេងកីឡា ចៀសវាងការដើរលេង ផឹកស៊ី អត់ប្រយោជន៍ ដើម្បីបានបែកញើស ក៏វាល្អដែរ»

តារាងតូចមានដំបូល

គួរបញ្ជាក់ផងដែរថា ទីលានបាល់ទាត់ Rooy7 គឺជាទីលានបាល់ទាត់ដ៏ល្បីមួយ ក្នុងចំណោមទីលានបាល់ទាត់ល្បីៗក្នុងប្រទេសកម្ពុជា ហើយទីលានមួយនេះក៏ធ្លាប់រៀបចំការប្រកួតដណ្ដើមពានរង្វាន់ផ្សេងៗក្នុងក្របខណ្ឌមិនមែនអាជីពជាច្រើនផងដែរ។

ដូចដែរប្រិយមិត្ដបានជ្រាបរួចហើយថា ការបើកអាជីវកម្មទីលានបាល់ទាត់ដោយក្រាលស្មៅសិប្បនិម្មិតនេះ គឺពិតជាអាចរកចំណូលបានច្រើនមែនពោលគឺរហូតដល់ខ្ទង់មឺុនដុល្លារ ហើយការបង្កើតអាជីវកម្មមួយនេះ ក៏ជាផ្នែកមួយក្នុងការអភិវឌ្ឍន៍វិស័យកីឡាក្នុងស្រុកឲ្យមានការរីកចម្រើន ថ្បិតមនុស្សគ្រប់វ័យចាប់ផ្ដើមស្រលាញ់កីឡា និងបានលេងកីឡាដើម្បីសុខភាព ចៀសវាងពីគ្រឿងញៀន និងអំពើពាលាផ្សេងៗ៕

តារាងធំគ្មានដំបូល
សកម្មភាពលេងបាល់ទាត់លើទីលាន Roy7

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]