បារាំង៖ ខែ្សប្រយុទ្ធរបស់ក្រុម Atletico Madrid កីឡាករ Antoine Griezmann បានបង្ហើបសញ្ញាមួយដែលអាចនឹងឲ្យរូបគេផ្ទេរទៅកាន់ក្លិបបិសាចក្រហម Manchester United នារដូវក្ដៅខាងមុខ។

សារព័ត៌មាន Sportsmail បានបង្ហាញនាដើមខែនេះថា ក្លិបជើងឯកលីកអង់គ្លេស២០សម័យ កំពុងចាប់អារម្មណ៍លើតារាឆ្នើមរបស់ក្រុមជម្រើសជាតិបារាំង ប៉ុន្ដែការផ្ទេរនេះអាចនឹងមានតម្លៃរហូតដល់ទៅ ១៥៥លានផោន (ជាង២០០លានដុល្លារ) ដែលតម្លៃនេះគឺរួមបញ្ចូលទាំងការផ្ទេរ និងលិខិតស្នាមផ្សេងៗ ក្នុងកុងត្រារយៈពេល៥ឆ្នាំ ។

Griezmann ត្រូវបានគេរំពឹងថា នឹងក្លាយជាកីឡាករដែលមានប្រាក់ឈ្នួលប្រចាំសបា្ដហ៍ច្រើនជាងគេក្នុង Premier League ពោលគឺ ២៩៥,០០០ផោន (ជាង៣៨ម៉ឺនដុល្លារ) ក្នុង១សប្ដាហ៍។

Griezmann វ័យ២៦ឆ្នាំ បាននិយាយក្នុងទូរទស្សន៍បារាំងមួយក្នុងកម្មវិធី Quotidien កាលពីរាត្រីថៃ្ងច័ន្ទថា៖ «ខ្ញុំគិតថាអនាគតរបស់ខ្ញុំនឹងសម្រេចនៅរយៈពេល២សប្ដាហ៍ទៀត»

អំឡុងពេលនោះដែរ ពិធីករបានសួរទៅកាន់រូបគេប្រសិនបើ Man Utd គឺជាគោលដៅបន្ទាប់របស់គេ ក្រោយមក Griezmann ក៏បានឆ្លើយតបទៅវិញថា៖ «វាអាចនឹងទៅរួច, លទ្ធភាពដែលអាចផ្ទេរបាននោះគឺ ៦ លើ១០»

ទោះជាយ៉ាងណា ពិធីករក៏បានសួរអំពីលទ្ធភាពក្នុងការបន្ដនៅ Atletico Madrid ផងដែរ​ ដោយក្នុងនោះ Griezmann បាននិយាយថា៖​ «លទ្ធភាពនោះគឺ ៧ លើ ១០»

យើងអាចដឹងបានថា ជ័យជំនះទៅលើ Ajax ក្នុងវគ្គផ្ដាច់ព្រ័តពានរង្វាន់ Europa League នឹងធើ្វឲ្យ Manchester United មានកៅអីដើម្បីលេងពានរង្វាន់ Champions League នៅរដូវកាលក្រោយ ហើយវាក៏ជាឱកាសមួយដែលធើ្វឲ្យក្រុមដែលមានមូលដ្ឋានក្នុងទីក្រុង Manchester អាចនាំយកជ័យលាភីកីឡាករល្អជាងគេប្រចាំព្រឹត្ដិការណ៍ Euro ឆ្នាំ២០១៦ មកកីឡដ្ឋាន Old Trafford នៅរដូវកាលក្រោយផងដែរ៕

ប្រភព៖ Dailymail

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]