ភ្នំពេញ៖​ ថ្ងៃទី ២២ ឧសភា, មូលនិធិដុនបូស្កូកម្ពុជា នៅថ្ងៃនេះ បានបើកដំណើរការមជ្ឈមណ្ឌលកុំព្យូទ័រដែលទើបនឹងជួសជុលថ្មី នៅឯមជ្ឈមណ្ឌល បណ្តុះបណ្តាលជំនាញរបស់ខ្លួន ក្នុងរាជធានីភ្នំពេញ ក្រោមការឧបត្ថម្ភពីក្រុមហ៊ុន ភ្នំពេញស៊ីធីសេនធ័រ (PPCC) ។

បច្ចុប្បន្ន សិស្សានុសិស្សចំនួន ៥០០នាក់ នៅឯមជ្ឈមណ្ឌលក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ នឹងមានលទ្ធភាពអភិវឌ្ឍជំនាញ IT របស់ខ្លួននៅក្នុងបន្ទប់ដែល បំពាក់ទៅដោយកុំព្យូទ័រទំនើបជាងមុន។ នេះ បើតាមការឲ្យដឹងពីលោកឪពុក រ៉ូអែលសូតូ ដែលអ្នកតំណាងរបស់ដុនបូស្កូប្រចាំប្រទេសកម្ពុជា ។

លោកឪពុក រ៉ូអែលសូតូ បានមានប្រសាសន៍ថា ៖ “ថ្ងៃនេះ គឺជាថ្ងៃដ៏វិសេសវិសាលមួយសម្រាប់សិស្សានុសិស្សរបស់យើងទាំងអស់គ្នា។ ខណៈដែលការអភិវឌ្ឍន៍បច្ចេកវិទ្យាឌីជីថលនៅទូទាំងពិភពលោកបន្តផ្តល់ផលប្រយោជន៍កាន់តែច្រើនឡើង នៅក្នុងប្រទេសកម្ពុជា។ ដូច្នេះ វាមានសារសំខាន់ខ្លាំងណាស់សម្រាប់សិស្សរបស់យើងក្នុងការមានជំនាញ IT ដើម្បីអាចធ្វើការងារបាននៅក្នុងពិភពលោកថ្មីនេះ។ ទន្ទឹមនឹងនេះ មជ្ឈមណ្ឌលថ្មីនេះ នឹងធានាបានថា ពួកគេនឹងមានសមត្ថភាពកាន់តែល្អប្រសើរថែមទៀត។”

លោកបានមានប្រសាសន៍បន្តទៀតថា៖ “ក្នុងនាមជាអង្គការមិនស្វែងរកប្រាក់ចំណេញ យើងសូមអរគុណចំពោះការគាំទ្ររបស់អ្នកគ្រប់គ្នាដែលបានចែករំលែក ចក្ខុវិស័យរបស់យើងសម្រាប់ការគាំពារ បង្ហាត់បង្រៀន និងអភិវឌ្ឍន៍យុវជននៅក្នុងប្រទេសកម្ពុជា ហើយខ្ញុំក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ក្រុមហ៊ុនភ្នំពេញ ស៊ីធីសេនធ័រ ចំពោះសណ្តានចិត្តសប្បុរសធម៌របស់ពួកគេ។”

ក្រុមហ៊ុនភ្នំពេញស៊ីធីសេនធ័រ ដែលស្ថិតនៅពីក្រោយគម្រោងអភិវឌ្ឍន៍ផ្ទៃដី ១១១ហិកតា នៅចំកណ្តាលរាជធានីភ្នំពេញនោះ បានផ្តល់ថវិកាជាង ១០០,០០០ ដុល្លារ ដល់សាលាដុនបូស្កូ សម្រាប់ការជួសជុលមជ្ឈមណ្ឌលកុំព្យូទ័រ ឧបត្ថម្ភគ្រឿងបរិក្ខារ និងរួមទាំងអាហារូបករណ៍ដល់សិស្សានុសិស្សចំនួន ២០ រូប សិក្សារយៈពេលពីរឆ្នាំផងដែរ។

លោកស្រី Michelle Lau នាយកប្រតិបត្តិក្រុមហ៊ុនភ្នំពេញស៊ីធីសេនធ័រ បានមានប្រសាសន៍ថា៖ “ភ្នំពេញស៊ីធីសេនធ័រមានមោទនភាព ក្នុងការគាំទ្រកិច្ចការដ៏អស្ចារ្យរបស់មជ្ឈមណ្ឌលដុនបូស្កូដែលបានធ្វើនៅក្នុងប្រទេសកម្ពុជា។ យើងគាំទ្រយ៉ាងពេញទំហឹងចំពោះកំណើនប្រកបដោយនិរន្តរភាពនៅក្នុងប្រទេសកម្ពុជា។ តាមរយៈការឧបត្ថម្ភសិស្សានុសិស្ស ២០រូប ឲ្យបន្តការសិក្សា និងឧបត្ថម្ភសម្ភារបរិក្ខារកុំព្យូទ័រសម្រាប់មជ្ឈមណ្ឌលបណ្តុះបណ្តាលនៅរាជធានីភ្នំពេញនេះ យើងជឿជាក់ថាយុវជនកម្ពុជាជំនាន់ក្រោយៗនឹងមានអនាគតល្អប្រសើរ”។

លោកស្រីបានបន្តទៀតថា៖ “ភ្នំពេញស៊ីធីសេនធ័រ បន្តអភិវឌ្ឍគម្រោងនៅចំ បេះដូងនៃរាជធានីភ្នំពេញ តាមរយៈការផ្តល់គ្រឿងបរិក្ខារកម្សាន្ត និងការរស់នៅ លក្ខណៈទំនើប នៅក្នុងបរិយាកាសមួយដែលមានពណ៌បៃតង និងសុវត្ថិភាព សមស្របតាមបទដ្ឋានកម្ពុជា ដើម្បីសម្រេចបាននូវបទពិសោធន៍ និងគុណភាពប្រសើរបំផុត។ យើងយល់ពីទិសដៅដែលកម្ពុជាកំពុងឆ្ពោះទៅមុខ និងជំនាញដែលយើងត្រូវការដើម្បីនាំយើងទៅកាន់ទីនោះ។ ដូច្នេះ ខ្ញុំសូមជូនពរសិស្សានុសិស្សទាំងអស់នៅដុនបូស្កូ ដែលនឹងទទួលបានប្រយោជន៍ពីមជ្ឈមណ្ឌលកុំព្យូទ័រថ្មីនេះ សូមជួបសំណាងល្អនៅក្នុង ការសិក្សា និងមានអនាគតភ្លឺស្វាងផងដែរ។”

ដុនបូស្កូកម្ពុជាបានប្រតិបត្តិការនៅក្នុងប្រទេសកម្ពុជា ចាប់តាំងពីឆ្នាំ ១៩៩០ និងបានបង្កើតបណ្តាញរបស់ខ្លួននៅទូទាំងប្រទេសកម្ពុជា ក្នុងគោលបំណងដើម្បីជួយដល់យុវជនដែលងាយរងគ្រោះបំផុតមួយចំនួននៅក្នុងប្រទេសកម្ពុជា។

ក្រៅពីមជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញនៅរាជធានីភ្នំពេញ ដុនបូស្កូ បានបើកដំណើរការមជ្ឈមណ្ឌលរបស់ខ្លួន ក្នុងខេត្តព្រះសីហនុ ខេត្តបាត់ដំបង ក្រុងប៉ោយប៉ែត និងខេត្តកែប។

ភ្នំពេញស៊ីធីសេនធ័រ គឺជាគម្រោងអភិវឌ្ឍន៍ចម្រុះមួយ នៅចំបេះដូងនៃរាជធានីភ្នំពេញ ដោយផ្តល់នូវលំនៅដ្ឋាន ផ្ទះលក់ទំនិញ និងបរិក្ខារកម្សាន្តទំនើបៗ ជាមួយនឹងការមានច្រកចូលច្រើនកន្លែងនៅក្នុងតំបន់ និងការយកចិត្តទុកដាក់ចំពោះការផ្តល់បទពិសោធន៍បរិស្ថានបៃតង និងសុវត្ថិភាពនោះ ភ្នំពេញស៊ីធីសេនធ័រ បានត្រៀមខ្លួនរួចជាស្រេច ក្នុងការអភិវឌ្ឍទីក្រុងរបស់ប្រទេសកម្ពុជានាពេលអនាគត៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]