ជាតិស្ករក្នុងឈាមខ្ពស់ កើតឡើងដោយសាររាងកាយមិនអាចដឹកជញ្ជូនស្ករពីឈាម ទៅកាន់កោសិកាបាន។ មូលហេតុ និងរោគសញ្ញានៃបញ្ហាជាតិស្ករក្នុងឈាមខ្ពស់មានច្រើន ដែលអ្នកគួរតែបង្កើនការយកចិត្តទុកដាក់ ពីព្រោះបើអ្នកមិនព្យាបាលទាន់ពេលវេលាទេនោះ វាអាចបង្កជាជំងឺផ្សេងៗទៀត ដូចជាជំងឺទឹកនោមផ្អែមជាដើម។

ហេតុនេះហើយ យើងនឹងនាំប្រិយមិត្តមកតាមដាន នូវវិធីសាស្រ្តងាយៗមួយចំនួន ដែលអាចជួយកាត់បន្ថយកម្រិតជាតិស្ករក្នុងឈាមបាន តាមបែបធម្មជាតិ ទាំងអស់គ្នា ដូចខាងក្រោមនេះ ៖ 

ការហាត់ប្រាណ បង្កើនភាពបត់បែននៃកម្រិតអាំងស៊ុយលីន និងជួយឲ្យសាច់ដុំអាចទាញយកជាតិស្ករមកប្រើជាកម្លាំងថាមពលបាន ដែលនាំឲ្យជាតិស្ករក្នុងឈាមមានការធ្លាក់ចុះ

១. ហាត់ប្រាណឲ្យបានទៀងទាត់

ការហាត់ប្រាណ ជួយសម្រកទម្ងន់ និងបង្កើនភាពបត់បែននៃកម្រិតអាំងស៊ុយលីន ដែលមានន័យថា ជាតិស្កររបស់អ្នកអាចបញ្ជូនពីឈាមទៅកោសិកាបានល្អប្រសើរជាងមុន ជាពិសេស ជួយឲ្យសាច់ដុំអាចទាញយកជាតិស្ករមកប្រើជាកម្លាំងថាមពលបាន។ អ្នកអាចហាត់ប្រាណដោយការដើរ ការរត់ ជិះកង់ រាំ និងហែលទឹក ទើបល្អបំផុត។

២. គ្រប់គ្រងការទទួលទានជាតិកាបូអ៊ីដ្រាត

រាងកាយមនុស្ស បំបែកជាតិកាបូអ៊ីដ្រាតពីអាហារ ជាស្ករ (គ្លុយកូស) ហេតុនេះ ប្រសិនបើអ្នកទទួលទានអាហារដែលាមនជាតិកាបូអ៊ីដ្រាតខ្ពស់ច្រើនពេក វានឹងបង្កើនកម្រិតជាតិស្ករក្នុងឈាមជាមិនខាន។ ហេតុនេះ អ្នកត្រូវតែកាត់បន្ថយការបរិភោគអាហារទាំងនោះ ដែលមានដូចជា នំប៉័ង នំដូណាត់ និងការ៉េមជាដើម។

៣. បង្កើនការទទួលទានអាហារមានជាតិសរសៃ

ការទទួលទានអាហារ មានជាតិសរសៃច្រើន អាចជួយដល់ប្រព័ន្ធរំលាយអាហារ និងគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាមបានបានយ៉ាងមានប្រសិទ្ធភាព។ អាហារទាំងនោះមានដូចជា បន្លែ ផ្លែឈើ គ្រាប់សណ្តែក និងដំឡូងជ្វាជាដើម។

៤. ទទួលទានទឹកឲ្យបានច្រើន តាមដែលអាចធ្វើទៅបាន

ការទទួលទានទឹកបានគ្រប់គ្រាន់ អាចឲ្យកម្រិតជាតិស្ករដែលអាចបង្កជាជំងឺទឹកនោមផ្អែម ឲ្យស្ថិតនៅកម្រិតធម្មតាបានយ៉ាងមានប្រសិទ្ធភាព។ ជាងនេះទៅទៀត វាថែមទាំងអាចបញ្ចេញជាតិពុលពីរាងកាយបានយ៉ាងច្រើន តាមរយៈទឹកនោមថែមទៀតផង។

វាជារឿងសំខាន់ក្នុងការទទួលទានតែអាហារដែលមានជាតិស្ករទាប ព្រមទាំងគ្រប់គ្រងបរិមាណអាហារមានជាតិកាបូអ៊ីដ្រាតផង

៥. ទទួលទានអាហារណាមានជាតិស្ករទាប

ថ្វីត្បិតតែ រាងកាយរបស់មនុស្សត្រូវការអាហារមានជាតិស្ករក៏ពិតមែន ក៏អ្នកត្រូវតែកមណត់ពីបរិមាណឲ្យបានត្រឹមត្រូវដែរ ពីព្រោះអាហារមានផ្ទុកជាតិស្ករទាប អាចការពារអ្នកពីជំងឺទឹកនោមផ្អែមបាន។ អាហារទាំងនោះមានដូចជា គ្រឿងសមុទ្រ សាច់ ស៊ុត គ្រាប់សណ្តែក ដំឡូងជ្វា ពោត ផ្លែឈើ និងបន្លែគ្មានជាតិម្សៅ (ដូចជា ខ្ទឹមបារាំង ត្រប់ ម្ទេសប្លោក ផ្សិត ស្ពៃក្រោបជាដើម) -ល-។ 

៦. គ្រប់គ្រងអារម្មណ៍ស្រ្តេសឲ្យបាន

ជាការពិត ស្រ្តេស ក៏អាចប៉ះពាល់ដល់កម្រិតជាតិស្ករដែរ ដោយសារតែអរម៉ូនដូចជា Glucagon និង Cortisol ត្រូវបានបញ្ចេញ នៅពេលអ្នកមានអារម្មណ៍ស្រ្តេស និងបណ្តាលឲ្យ កម្រិតជាតិស្ករក្នុងឈាមកើនឡើង។ ហេតុនេះ អ្នកត្រូវចៀសវាងបញ្ហាស្រ្តេស ដោយហាត់ប្រាណ ហាត់យូហ្គា ឬសមាធិក៏បាន។

៧. គេងឲ្យបានគ្រប់គ្រាន់

ការគេងមិនគ្រប់គ្រាន់ មិនត្រឹមតែធ្វើឲ្យអ្នកឃ្លានច្រើន និងឡើងទម្ងន់ប៉ុណ្ណោះទេ វាថែមទាំងបណ្តាលឲ្យមានផលប៉ះពាល់លើកម្រិតជាតិស្ករក្នុងឈាម និងភាពបត់បែននៃសារធាតុអាំងស៊ុយលីនថែមទៀត។  ហេតុនេះ អ្នកដែលមានបញ្ហាជាតិស្ករទាំងឡាយ ត្រូវតែសម្រាកឲ្យបានគ្រប់គ្រាន់ ទើបជាការប្រសើរ។

៨. បរិភោគអាហារសំបូរជាតិ ក្រូមីញ៉ូម និងម៉ាញេស្យូម

កង្វះសារធាតុរ៉ែ ដូចជាក្រូមីញ៉ូម និងម៉ាញេស្យូម ក៏អាចបណ្តាលឲ្យជាតិស្ករក្នុងឈាមឡើងខ្ពស់បានដែរ។ អាហារដែលសំបូរជាតិក្រូមីញ៉ូម និងម៉ាញេស្យូម មានដូចជា ស៊ុតក្រហម គ្រាប់ធញ្ញជាតិ កាហ្វេ គ្រាប់សណ្តែក ខាត់ណាខៀវ(ប្រូខូលី) សាច់ បន្លែស្លឹកពណ៌បៃតង ត្រី សូកូឡាខ្មៅ ផ្លែចេក និងផ្លែប័រ៕ 

ការបរិភោគអាហារសំបូរជាតិ ក្រូមីញ៉ូម និងម៉ាញេស្យូម អាចជួយការពារកង្វះជាតិរ៉ែ និងបន្ថយកម្រិតបរិមាណជាតិស្ករក្នុងឈាម

ប្រភព៖ Authority Nutrition

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]