កាណាដា៖ សារព័ត៌មានដេលីម៉ែល បានចុះផ្សាយថា ក្មេងស្រីម្នាក់ បានបាត់បង់ស្មារតី  ភ័យញ័រខ្លួនដូចកូនចាបត្រូវទឹកភ្លៀង  បន្ទាប់ពីនាងត្រូវសត្វតោសមុទ្រមួយក្បាល ខាំទាញទម្លាក់ទឹក ពេលនាងកំពុងអង្គុយលើបង្កាន់ដៃកំពង់ផែ ដោយចង់ប្រលែងលេងជាមួយវា។

ហេតុការណ៍ដ៏គួរឲ្យរន្ធត់នេះ បានកើតឡើងនៅក្នុងតំបន់នេសាទ Steveston Fisherman's Wharf ទីក្រុង Richmond B.C ប្រទេសកាណាដា ខណៈដែលក្រុមភ្ញៀវទេសចរមួយក្រុម  កំពុងនាំគ្នាឈរមើលសត្វតោសមុទ្រមួយក្បាល   ដែលកំពុងតែស្វែងរកត្រីស៊ីជាចំណី។

វីដេអូថតជាប់នៅកន្លែងកើតហេតុ គេអាចឃើញសត្វតោសមុទ្រគួរឲ្យស្រលាញ់មួយក្បាល  មើលទៅវាគួរឲ្យចង់លេងជាមួយ។ ពេលនោះក្មេងស្រីម្នាក់ សម្រេចចិត្តអង្គុយនៅលើបង្កាន់ដៃកំពង់ផែក្បែរមាត់ទឹកនោះ ស្រាប់តែសត្វតោទាញនាងទម្លាក់ទឹកតែម្តង។

ភ្លាមៗអ្នកគ្រប់គ្នានៅកន្លែងកើតហេតុ ហាក់មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង និងបានស្រែកឆោឡោឡើង និងមានបុរសម្នាក់ដែលគេជឿថា ត្រូវជាសាច់ញាតិរបស់នាងតូចនោះ  បានលោតចូលទៅជួយស្រង់នាងឡើងមកវិញយ៉ាងឆាប់រហ័ស ទាំងមិនទាន់បានដោះខោអាវចេញពីខ្លួនផង។

ក្រោយពេលជួយសង្គ្រោះក្មេងស្រីតូចឡើងមកលើគោកវិញ  គេមិនឃើញវត្តមានសត្វតោសមុទ្រនោះទៀតទេ  មិនដឹងថាវាហែលទៅណាបាត់។

យោងតាមសម្តីរបស់លោក Michael Fujiwara ដែលជាអ្នកថតវីដេអូ បានឲ្យដឹងថា “លោកបានអង្គុយលេងនៅក្បែរនោះ ហើយនៅពេលដែលសត្វតោសមុទ្របង្ហាញខ្លួនឡើង លោកក៏ទាញទូរស័ព្ទមកថតវីដេអូ។ សត្វតោសមុទ្រនោះ ហាក់ទាក់ទាញចំណាប់អារម្មណ៍អ្នកទេសចរយ៉ាងឆាប់រហ័ស រួមទាំងក្មេងស្រីខាងលើដែរ”។

គួរបញ្ជាក់ថា សត្វតោសមុទ្រ គឺជាសត្វដែលមានភាពវៃឆ្លាតខ្ពស់ ហើយក៏ជាសត្វមួយដែលមានភាពខ្មាសអៀនខ្លាំងផងដែរ៕

ប្រភព៖ Dailymail

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]