រុស្ស៊ី៖ អ្នកជំនាញខាងផ្នែកព័ត៌មានវិទ្យាមួយរូម ឈ្មោះ Daniil Lyktin បានចំណាយប្រាក់វះកាត់ដាក់ត្រីវិស័យនៅក្នុងទ្រូងរបស់គាត់ ដើម្បីដឹងថា ខាងណាជាទិសខាងជើង គ្រប់ពេលវេលា។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន ដេលីម៉ែល។

ប្រភពព័ត៌មានបានឲ្យដឹងថា បុរសវ័យ២៦ឆ្នាំរូបនេះ បានចំណាយប្រាក់ប្រមាណ ៦៤០ដុល្លារតែប៉ុណ្ណោះ សម្រាប់ការវះកាត់តម្លើងត្រីវិស័យដ៏ចម្លែកនៅក្នុងទ្រូងរបស់លោក ដែលវានឹងញ័រ រាល់ពេលគាត់បែរទៅទិសខាងជើង។

អ្នកជំនាញខាងបច្ចេកវិទ្យា ដែលមកពីទីក្រុង Novosibirsk ភាគខាងត្បូង ប៉ែកកណ្តាលប្រទេសរុស្ស៊ី បានឲ្យដឹងថា គាត់តែងតែមានមានការឈ្លក់វង្វេង នឹងគំនិតចង់កែប្រែគ្រឿងអេឡិចត្រូនិច ហើយលោកជឿថា នៅថ្ងៃណាមួយវានឹងក្លាយជាញាណទី៦ របស់មនុស្ស។ 

លោក Lytkin បានបញ្ជាក់ថា វិធីក្នុងដំឡើងត្រីវិស័យនេះ គឺងាយស្រួលណាស់។ លោកនិយាយថា "កំណាត់ដែកតូចៗ ចំនួន ២ ត្រូវដាក់បញ្ចូលទៅក្រោមផ្ទៃស្បែក ដើម្បីភ្ជាប់ជាមួយឧបករណ៍ត្រីវិស័យ នៅខាងក្រៅ"។ ឧបករណ៍នេះ ត្រូវដកចេញមកបញ្ចូលថ្មមួយថ្ងៃម្តង ហើយលោក Lytkin មានគម្រោងចាប់ផ្តើមប្រើប្រាស់ត្រីវិស័យមួយនេះ នៅក្នុងរយៈពេលប៉ុន្មានទៀត បន្ទាប់ពីស្នាមវះកាត់បានជាសះស្បើយ។

អ្នកជំនាញខាងផ្នែកព័ត៌មានវិទ្យារូបនេះ បានបញ្ជាក់ទៀតថា “ខ្ញុំបានបង្កើតវាឡើង ដោយមានគំនិតមួយនៅពីក្រោយ។ ខ្ញុំគិតថា នៅពេលណាមួយវានឹងវិវត្តន៍ទៅជាការដាស់អារម្មណ៍វិញ ដោយខ្ញុំនិងមិនមានអារម្មណ៍ញ័រពីត្រីវិស័យទៀតទេ ហើយជំនួសមកវិញនូវការដឹងតាមរយៈអារម្មណ៍ដោយផ្ទាល់វិញ”។

ប្រភពបានឲ្យដឹងថា លោក Lytkin មានការចង់ដឹងចង់ឃើញ ដើម្បីរកឱ្យឃើញពីរបៀបដែលរាងកាយ និងខួរក្បាលរបស់គាត់ នឹងមានប្រតិកម្មទៅម៉ាស៊ីនថ្មីនេះ ហើយលោកក៏ចង់ដំឡើងត្រីវិស័យមួយទៀត នៅលើប្រពន្ធរបស់គាត់ផងដែរ៕ 

ប្រភព៖ Dailymail

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]