អាហ្សង់ទីន៖ ឆ្កែត្រូវបានគេចាត់ទុកថា ជាសត្វមួយប្រភេទក្នុងចំណោមសត្វ ជាច្រើនផ្សេងៗទៀត ដែលស្រលាញ់ស្ម័គ្រស្មោះទៅលើម្ចាស់ ទោះស្ថិតក្នុងកាលៈទេសៈណាក៏ដោយ។

ជាក់ស្តែង ដូចករណីមួយនេះផងដែរ កាលពីពេលថ្មីៗកន្លងទៅនេះ សុនខមួយក្បាលបានដេកអោបលើទ្រូងម្ចាស់របស់វាជាប់ បន្ទាប់ពីដឹងថាម្ចាស់របស់វា បានរងគ្រោះសន្លប់ស្តូកស្តឹង ខណៈធ្វើឲ្យមហាជនជាច្រើន មានការចាប់អារម្មណ៍ និងកោតសរសើរយ៉ាងខ្លាំង ទៅលើសកម្មភាពរបស់សុនខមួយក្បាលនេះ។ នេះបើយោងតាម សារព័ត៌មានដេលីម៉ែល បានចុះផ្សាយ។

ប្រភពព័ត៌មាន បានឲ្យដឹងថា លោក Jesus Hueche អាយុ២៨ឆ្នាំ រស់នៅក្នុងទីក្រុង Bahia Blanca ប្រទេសអាហ្សង់ទីន បានឈរកាប់ដើមឈើមួយដើមធំ នៅចំពីមុខផ្ទះរបស់លោក កាលពីល្ងាចថ្ងៃសៅរ៍សប្តាហ៍មុននេះ ប៉ុន្តែសំណាងមិនល្អ ស្រាប់តែបាក់ធ្លាក់មកកម្ពស់ជិត២ម៉ែត្រ សង្កត់ចំក្បាលរបស់គាត់ បណ្តាលឲ្យរងរបួសតែម្តង។

លោក Hueche និយាយថា ពេលដើមឈើបាក់សង្កត់ពីលើគាត់នោះ គាត់បានសន្លប់អស់មួយភាំង។ ហើយនៅពេលនោះដែរ ឆ្កែរបស់គាត់ឈ្មោះថា Tony ហាក់បីដូចជាឆ្លេឆ្លាយ៉ាងខ្លាំង ហើយវាក៏បានដើរមកសសៀរៗ ដេកអោបលើទ្រូងគាត់តែម្តង បំណងចង់បង្ហាញពីក្តីអាណិតអាសូរ ទៅលើរូបគាត់ ថ្វីបើវាជាសត្វមិនចេះនិយាយដូចមនុស្សក្តី។

រូបភាព លោក Jesus Hueche អាយុ២៨ឆ្នាំ រស់នៅក្នុងអាហ្សង់ទីន ក្រោយការជួយសង្គ្រោះ

ក្រោយកើតហេតុ អ្នកជិតខាងលោក Hueche ក៏បានទូរស័ព្ទហៅរថយន្តគ្រោះបន្ទាន់ មកដល់កន្លែងកើតហេតុ ប៉ុន្តែអ្វីដែលមិននឹកស្មានដល់នោះ Tony នៅតែមិនព្រមដកខ្លួនវាចេញទៅណាឆ្ងាញ ពីលោក Hueche ជាម្ចាស់របស់វាឡើយ និងថែមទាំងព្រុស ញេញធ្មេងចង់រកខាំក្រុមគ្រូពេទ្យថែមទៀតផង។

ប៉ុន្តែទោះបីជាយ៉ាងក្តី ក្រុមគ្រូពេទ្យនៅតែបន្ត ការជួយសង្គ្រោះដល់លោក Hueche ខណៈ Tony នៅដេកលើទ្រូងរបស់លោកជាប់។ ដោយគ្រូពេទ្យបានយកបង់កៀកទ្រ.ក លោក Hueche រួចក៏លើកដាក់ឡានទាំង Tony ទៅជាមួយ ទៅមន្ទីរពេទ្យតែម្តង។

ក្រោយពីធ្វើការពិនិត្យរួចរាល់ គ្រូពេទ្យថា លោក Hueche មិនរងរបួសធ្ងន់ធ្ងរឡើយ ដោយគ្រាន់តែហើមត្រង់បរិវេណ.ក និងរបួសតិចតួចលើក្បាលរបស់លោកតែប៉ុណ្ណោះ។

លោក Hueche និយាយថា Tony ជាឆ្កែដែលគាត់រើសបានតាមផ្លូវយកមកចិញ្ចឹមប៉ុណ្ណោះ ប៉ុន្តែវាប្រៀបបីជាកូនដ៏ល្អ របស់គាត់ម្នាក់អីុចឹង។ ព្រោះវាតែងតែចូលមកដេក ក្នុងបន្ទប់ជាមួយនឹងលោក ហើយលោកតែងតែផ្តល់អាហារឲ្យវាស៊ី ផ្តល់ក្តីស្រលាញ់ឲ្យវា ដូចជាគ្រួសារតែមួយផងដែរ ៕

រូបភាព លោក Jesus Hueche អាយុ២៨ឆ្នាំ រស់នៅក្នុងអាហ្សង់ទីន នៅពេលជួយសង្គ្រោះបន្ទាន់

ប្រភព៖ ដេលីម៉ែល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]