Loading ad ...
សង្គម

ប្រយ័ត្នចាញ់បោក! នារីម្នាក់លង់ស្នេហ៍តាម Facebook ណាត់ជួបគ្នា ស្រាប់តែចាញ់បោកអស់ម៉ូតូមួយគ្រឿង

៤ ខែមុន

(កណ្តាល)៖ យុវតីម្នាក់ដោយសារតែលង់ស្នេហ៍ និងបុរសម្នាក់តាមបណ្តាញទំនាក់ទំនងសង្គម Facebook ក៏បានណាត់ជួបគ្នា ដើម្បីបន្តនិស្ស័យស្នេហា ប៉ុន្តែខាងប្រុសឃើញឱកាសល្អបែរ ជាប្រើល្បិចខ្ចីម៉ូតូរួច យកទៅលក់បាត់តែម្តង។ ជនសង្ស័យបាន​គេចខ្លួនបាន៧ថ្ងៃ ត្រូវខាងស្រីប្តឹងឲ្យនគរបាលឃាត់ខ្លួន ចាត់ការទៅតាមផ្លូវច្បាប់កាលពី ល្ងាចថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០៧ ស្ថិតនៅក្នុងផ្ទះជនសង្ស័យ ភូមិព្រែកពោធិ៍ ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្ដាល។

នគរបាលបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ស៊ាវ ស្រីនាង អាយុ១៩ឆ្នាំ មានមុខរបរជាកសិករមានទីលំនៅភូមិកោះចាស់ ឃុំព្រែកស្ដី ស្រុកកោះធំ ខេត្តកណ្ដាល។ ចំណែកជនសង្ស័យឈ្មោះ ហេង វិសាល អាយុ៣៨ឆ្នាំ មានមុខរបរជាជាងកាត់សក់រស់នៅ ភូមិព្រែកពោធិ៍ ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្ដាល។ ម៉ូតូដែលបាត់បង់ម៉ាកហុងដាឌ្រីមស៊េរីឆ្នាំ២០១១ ឡើងតែមឆ្នាំ២០១៥ ពណ៌ខ្មៅគ្មានស្លាកលេខ។

នគរបាបាលបានបន្តថា មុនពេលកើតហេតុ ជនរងគ្រោះ និងជនសង្ស័យបានស្គាល់គ្នាតាមរយៈ Facebook មានរយៈពេលប្រមាណជាកន្លះខែមកហើយ ដោយជនសង្ស័យកុហកថា ខ្លួនគឺជាអ្នករកស៊ីលក់ដូរគ្រឿងអាហារសមុទ្រ នៅកំពង់សោម និងគ្មានប្រពន្ធកូននោះទេ។ ដោយជឿសំដីជនសង្ស័យ ជនរងគ្រោះ បានយល់ព្រមធ្វើជាសង្សារជាមួយ និងជនសង្ស័យ ហើយនៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៧ ជនសង្ស័យបានសុំមក លេងផ្ទះជនរងគ្រោះ ដោយបានទិញមឹក បង្គារ បបែល យកមកធ្វើអារហារហូបជាមួយក្រុមគ្រួសារជនរងគ្រោះ រួចក៏ត្រឡប់ទៅផ្ទះវិញ។

លុះនៅព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៧ ជនសង្ស័យបានមកលេងផ្ទះជនរងគ្រោះម្តងទៀត ដោយណាត់ជួបគ្នា​នៅចំណុចវត្តកំពង់គរ ឃុំពោធិ៍បាន ស្រុកកោះធំ ខេត្តកណ្ដាល ពេលនោះជនរងគ្រោះបានយកម៉ូតូ ទៅឲ្យជនសង្ស័យ រួចបាននាំគ្នាដើរលេងក្នុងវត្តទួលព្រះរាជា។ បន្ទាប់មកជនសង្ស័យ បានចូលទៅលេងផ្ទះឈ្មោះ ចាន់ ថន (ហៅរស្មី) ត្រូវជាមេជាងសម្អាងការរបស់ជនរងគ្រោះ រហូតនៅវេលាកើតហេតុខាងលើ ជនសង្ស័យបានឃើញម៉ូតូរបស់ ចាន់ ថន ស្អាត ក៏ប្រើល្បិចកុហកជនរងគ្រោះថា ខ្លួនមានការរវល់ត្រូវប្រញ៉ាប់ទៅភ្នំពេញវិញ ក៏បានឲ្យជនរងគ្រោះខ្ចីម៉ូតូរបស់ឈ្មោះ ចាន់ ថន ជិះវិញ ព្រោះវាមានកញ្ចក់ត្រឹមត្រូវងាយស្រួលជិះចូលក្រុងភ្នំពេញ រួចជនរងគ្រោះ ក៏បានខ្ចីម៉ូតូមេជាងរបស់ខ្លួនជិះទៅភ្នំពេញ ជាមួយជនសង្ស័យតែម្ដង។

ពេលទៅដល់ភ្នំពេញ ជនសង្ស័យក៏បានប្រើល្បិចម្តងទៀតកុហក ជនរងគ្រោះទៀតថា ខ្លួនត្រូវការជិះម៉ូតូទៅយក​ឥវ៉ាន់គេផ្ញើមក ដោយទុកឲ្យជនរងគ្រោះនៅរង់ចាំ ក្នុងហាងកាហ្វេមួយកន្លែង ក្បែរវិមានឯករាជ្យ ហើយខ្លួនក៏យកម៉ូតូនោះ​ទៅកាច់ស្លាកលេខចោលរួច ឡើងតែមស៊េរីឆ្នាំ២០១៥ ហើយយកទៅលក់ឲ្យគេបាត់ ។ ចំណែកជនរងគ្រោះដោយ​រង់ចាំយូរពេក និងទំនាក់ទំនងពុំបានក៏ត្រឡប់មកផ្ទះនោះទេ។ រហូតនៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៧ ជនរងគ្រោះទើប​មកដាក់ពាក្យបណ្ដឹងនៅអធិការដ្ឋាននគរបាលស្រុកកោះធំ។

ចំណែកនគរបាល ក្រោយពីទទួលបានពាក្យបណ្ដឹង នគរបាលជំនាញស្រុកកោះធំ រួមនិងក្រុមគ្រួសារជនរងគ្រោះ បានស្រាវជ្រាវរហូតបានព័ត៌មានថា ជនសង្ស័យនៅក្នុងភូមិ-ឃុំកើតហេតុ ពេលនោះកម្លាំងជំនាញបានមកសហការជាមួយ នគរបាលស្រុកស្អាងចុះទៅឃាត់ខ្លួនជន សង្ស័យដល់លំនៅដ្ឋាន និងធ្វើការដកហូតម៉ូតូរបស់ជនរងគ្រោះមកវិញផងដែរ។

នគរបាលបានបន្តថា នៅចំពោះមុខនគរបាលជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានប្រើល្បិចឆបោកម៉ូតូ​របស់ជនរងគ្រោះពិតប្រាកដមែន រួចជនរងគ្រោះបានដាក់ពាក្យបណ្តឹង ឲ្យនគរបាលចាត់ការទៅតាមផ្លូវច្បាប់៕

ប្រភព : Fresh News

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload