ឥណ្ឌា៖   យ៉ាងហោចណាស់មនុស្ស ១០នាក់ ត្រូវគេជឿជាក់ថាបានស្លាប់បាត់បង់ជីវិត និងរាប់សិបនាក់ផ្សេងទៀតបាត់ខ្លួន  ក្រោយហេតុការការណ៍បាក់ស្ពានដ៏រន្ធត់មួយ នៅតំបន់ Curchorem រដ្ឋភាគខាងលិច ប្រទេសឥណ្ឌា កាលពីល្ងាចថ្ងៃព្រហស្បតិ៍ ទី១៨ ឧសភា ម្សិលមិញនេះ។  បើយោងតាមការសែត Times of India បានរាយការណ៍។

យោងតាមប្រភពព័ត៌មាន  ស្ពានដែកថ្មើរជើងដ៏ចំណាស់មួយ បានបាក់នៅចន្លោះម៉ោងប្រហែល ៦ និង៣០នាទីល្ងាច ម៉ោងនៅក្នុងតំបន់ នៅពេលមានមនុស្សប្រមាណ៥០នាក់ នាំគ្នាឈរមើលក្រុមពន្លត់អគ្គីភ័យ ស្រង់យកសាកសពបុរសម្នាក់ ដែលបានធ្វើលោតធ្វើអត្តឃាត។

សេចក្តីរាយការណ៍មួយបានឲ្យដឹងថា  ក្រោយបាក់ស្ពាន  មានជនរងគ្រោះខ្លះ បានព្យាយាមហែលទឹកមកដល់ច្រាំងវិញ  និងមានជនរងគ្រោះ១៥នាក់ផ្សេងទៀត ត្រូវបានក្រុមភ្នាក់ងារសង្រ្គោះបន្ទាន់ ជួយទាន់ពេលវេលា  ខណៈដែលមានមនុស្សច្រើននាក់ផ្សេងទៀត បានបាត់ខ្លួនរកពុំទាន់ឃើញនៅឡើយ។

មន្រ្តីក្នុងតំបន់ លោក Sudin Dhavalikar បានមានប្រសាសន៍ថា ស្ពានដែកដែលបានបាក់នោះ  ត្រូវរដ្ឋាភិបាលបិទមិនឲ្យដំណើរការអស់រយៈពេល ៤ឆ្នាំមកហើយ។ ប៉ុន្តែដោយសារអ្នកស្រុក ចង់មើលសកម្មភាពក្រុមភ្នាក់ងារជួយសង្គ្រោះ ស្រង់សាកសពបុរសដែលធ្វើអត្តឃាតនោះ ទើបនាំគ្នាបើករនាំងដែកហាមឃាត់នោះ ចូលឈរលើស្ពានមើលតែម្តង។

ទាក់ទងនឹងករណីខាងលើនេះដែរ លោក Rajnath Singh រដ្ឋមន្រ្តីមួយរូបរបស់ប្រទេសឥណ្ឌា បានសន្យាថា នឹងព្យាយាមស្វែងរកជនរងគ្រោះ ដែលបានបាត់ខ្លួនក្នុងឧបទ្ទវហេតុនេះឲ្យទាល់តែឃើញ និងធ្វើការជួយសង្គ្រោះដល់ជនរងគ្រោះជាច្រើននាក់ផ្សេងទៀត ឲ្យបានហ្មត់ចត់ជាទីបំផុត ៕

ប្រភព៖ CGTN

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]