បញ្ហាសុខភាពមួយចំនួនអាចបណ្តាលមកពីរបៀបតុបតែង និងស្លៀកពាក់របស់យើងផងដែរ ប៉ុន្តែគ្រាន់តែមនុស្សភាគច្រើន មិនធ្លាប់បានដឹងប៉ុណ្ណោះ។

ហេតុនេះទើបយើងនឹងលើកឡើងនូវ ប្រភេទសម្លៀកបំពាក់ និងគ្រឿងលម្អ ដែលអាចបង្កជាផលប៉ះពាល់ដល់សុខភាពដូចខាងក្រោម៖

១. ខោរឹបតឹង 

ខោខូវប៊យរឹបៗអាចបង្អាក់ចលនាលមហូរឈាម សរសៃឈាមរីក ស្ពឹកឬឈឺសាច់ភ្លៅ និងអាចប៉ះពាល់ដល់ការរំលាយអាហារថែមទៀតផង ដោយសារសម្ពាធរបស់វាដែលមានលើស្បែក។  ហេតុនេះអ្នកគួរជ្រើសរើសខោ ដែលមិនសូវរឹបតឹងពេក ទើបជាការល្អ។

២. ស្បែកជើងកែង 

ការសិក្សាថ្មីមួយបានបង្ហាញថា ស្រ្តីមានបញ្ហាពាក់ព័ន្ធនឹងជើង ជាងបុរសដល់ទៅ ៤ ដងឯណោះ ដូចជាឈឺសន្លាក់ ផ្លែស្បែក ក្រិនស្បែក ហើមកជើង រលាកសន្លាក់ឆ្អឹង ប៉ះពាល់សរសៃប្រសាទ ជាដើម -ល-។ នេះក៏ដោយសារតែ មនុស្សស្រីចូលចិត ពាក់ស្បែកជើងកែងខ្ពស់ៗពេក។ ហេតុនេះ គួរជ្រើសរើសស្បែកជើង មានកែងទាប ឬគ្មានកែវតែម្តង ទើបជាការប្រសើរ។

៣. ក្រវិល និងខ្សែក ដែលធំៗហើយធ្ងន់ 

ការដែលអ្នកពាក់ក្រវិល ដែលមានទម្ងន់ធ្ងន់ពេកអាចបង្កឲ្យឆ្លងមេរោគ រីកដុះដាលពេញត្រចៀកនៅថ្ងៃខាងមុខ។ វាអាចធ្វើឲ្យខូចទងត្រចៀកថែមទៀតផង។ រីឯខ្សែកដែលធំៗធ្ងន់ៗ ក៏បង្កជាផលប៉ះពាល់ច្រើន រហូតដល់ពិបាកព្យាបាលក៏មាន។

៤. ក្រវ៉ាត់ក 

សម្រាប់បុរសវិញ ភាគច្រើនពួកគេចូលចិត្តទិញអាវ ដែលមានក តូចជាងទំហំក ខ្លួនឯង ដើម្បីឲ្យមើលទៅរឹបស្អាត។ ហេតុនេះ នៅពេលដែលពាក់ក្រវ៉ាត់ក មួយតង់ទៀត វាអាចបង្កជាបញ្ហាដល់លំហូរឈាម សម្ពាធត្រង់ក ឈឺក្បាល ពិបាកងាកចុះឡើង និងធ្វើឲ្យសាច់ដុំក និងស្មាតឹង ថែមទៀត។

៥. ពាក់អាវទ្រនាប់មិនត្រឹមត្រូវ 

អាវទ្រនាប់ ដែលខុសទំហំ ឬគុណភាពអន់ អាចបង្កឲ្យមានបញ្ហាជាច្រើនផ្សេងគ្នាដូចជា ឈឺស្មា ឈឺចង្កេះ និងឈឺពួរឆ្អឹង។ ហេតុនេះ អ្នកត្រូវតែសាកល្បងពាក់វាសិន មុននឹងទិញ ជាពិសេស សម្រាប់អ្នកមានដើមទ្រូងធំ មិនត្រូវពាក់អាវក្នុងដែលមានដៃតូចពេកទេ។

៦. ស្បែកជើងផ្ទាត់ 

ស្បែកជើងផ្ទាត់ ល្អបំផុតសម្រាប់ពេលធ្វើដំណើរទៅលេងសមុទ្រម្តងៗ ប៉ុន្តែជាក់ស្តែង ប្រសិនបើពាក់ញឹកញាប់ពេក វាអាចបង្កជាកកិត និងរលាកម្រាមជើង ដែលធ្វើឲ្យឆ្លងមេរោគបានយ៉ាងងាយ។ ជាពិសេស វាបង្កជាការឈឺចាប់ និងមិនផ្តល់ផាសុកភាពដល់បាតជើងឡើយ។

៧. កាបូបស្ពាយធំៗ 

អ្នកប្រាកដជាចង់ស្ពាយកាបូបធំ ដើម្បីដាក់របស់របរបានច្រើន ប៉ុន្តែទន្ទឹមនឹងនោះដែរ វាអាចបង្កជាការឈឺចាប់សាច់ដុំ និងបំផ្លាញសន្លាក់របស់អ្នក នៅថ្ងៃណាមួយមិនខាន។ ប្រសិនបើអ្នកមិនចង់បញ្ឈប់ការប្រើកាបូបធំៗទេនោះ អ្នកអាចព្យាយាមកាត់បន្ថយរបស់របរដាក់ក្នុងកាបូប ទើបជាការប្រសើរ។

៨. សំពត់រឹប (ស្វារ៉េ) 

ប្រភេទសំពត់បែបនេះ ពិបាកឲ្យជើងរបស់អ្នកមានចលនា ហេតុនេះហានិភ័យបាត់បង់លំនឹង និងដួល គឺមានខ្ពស់។ ជាងនេះទៅទៀតនោះ វាអាចបង្កឲ្យសាច់ដុំជើងតឹង (ដោយសារតែប្រឹង) និងអាចបណ្តាលឲ្យប៉ះពាល់ សាច់ដុំត្រង់ជង្គង់ ថែមទៀត។ ហេតុនេះ ប្រសិនបើមិនចាំបាច់ទេនោះ សូមអ្នកកុំឧស្សាហ៍ស្លៀកសំពត់បែបនេះញឹកញាប់ពេក៕

ប្រភព៖ Bright Side

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]