ចិន៖  កុមារតូចម្នាក់ប៊ិះតែនឹងលង់ទឹកស្លាប់ ដោយសារហែលទឹកលេង ក្នុងអាងទឹកតូចមួយតែម្នាក់ឯង។  ហេតុការណ៍នេះបានកើតឡើង កាលពីថ្ងៃទីពុធ ទី១៧ ឧសភា ឆ្នាំ២០១៧កន្លងទៅ  នៅទីតាំងមជ្ឈមណ្ឌលហែលទឹក Leyou Baobei ស្ថិតក្នុងទីក្រុង Zhaoyuan ខេត្ត Shandong ប្រទេសចិន។ នេះបើយោងតាមប្រភពពីសារព័ត៌មាន ដេលីម៉ែល បានចុះផ្សាយ។

តាមរយៈវីដេអូឃ្លីប ថតជាប់ដោយកាមេរ៉ាសុវត្ថិភាពគេឃើញ កុមាររងគ្រោះខាងលើ មិនត្រូវបានគេបញ្ជាក់ប្រាប់ថា ស្រីឬប្រុសឡើយ បានហែលទឹកលេងក្នុងអាងទឹកតូចមួយ ដោយមានកូនពោងជាប់នៅនឹងខ្លួនរបស់គេ ។ ស្រាប់តែរយៈពេលប៉ុន្មានវិនាទីក្រោយមក កុមាររងគ្រោះនោះស្រាប់តែ ពើងខ្លួនទៅមុខបណ្តាលឲ្យបះជើងឡើងលើ ផ្កាប់មុខចូលទៅក្នុងទឹកតែម្តង។

កុមាររងគ្រោះបានផ្កាប់មុខចូលទៅក្នុងទឹកមួយនាទីជាង (៧២វិនាទី) មុនពេលបុគ្គលិកបម្រើការនៅមជ្ឈមណ្ឌលកម្សាន្តប្រទះឃើញ  និងបានចូលទៅស្រង់ចេញពីទឹក។

បើតាមប្រភពីសារព័ត៌មាន Netease បានឲ្យដឹងថា បុគ្គលិកបម្រើការនៅមជ្ឈមណ្ឌលកម្សាន្តខាងលើ បានអះអាងថា ពិតជាមានហេតុការយ៉ាងដូច្នេះកើតឡើងមែន។ ក្រោយកើតហេតុ ពួកគេបានប្រញាប់ប្រញាល់ បញ្ជូនក្មេងរងគ្រោះ ទៅមន្ទីរពេទ្យ និងបានរួចផុតពីគ្រោះថ្នាក់ហើយ មិនមានអ្វីគួរឲ្យព្រួយបារម្ភឡើយ។

ទោះបីជាយ៉ាងណា នេះជាសារមួយ ជួយដាស់តឿនដល់ឪពុកម្តាយគ្រប់រូប ដែលមានកូនតូចៗឲ្យបង្កើនការប្រុងប្រយ័ត្ន កុំចេះតែហ៊ានបណ្តោយកូនឲ្យលេង ឬធ្វើអ្វីមួយដោយតាមតែចិត្តគេ ដោយគ្មានអ្នកជួយមើលនោះឡើយ។ ចៀសវាងកុំឲ្យកើតមាន ដូចករណីកុមាររងគ្រោះខាងលើនេះ ៕  

ប្រភព៖ ដេលីម៉ែល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]