ចិន៖   កាលពីថ្ងៃទី ១៦ ឧសភា កន្លងទៅ មានវីដេអូសកម្មភាពថតរូបកូនក្រមុំមួយ ត្រូវបានបង្ហោះចូលទៅក្នុងបណ្តាញសង្គម ដែលបានធ្វើឲ្យអ្នកទស្សនាមានការព្រួយបារម្ភយ៉ាងខ្លាំង។   តាមរយៈវីដេអូនោះបានបង្ហាញឲ្យឃើញថា  នារីម្នាក់ជាកូនក្រមុំ បានកំពុងឈរស្លៀករ៉ូបពណ៌ស  និងមានជំនួយការជាងថតរូបម្នាក់​​ កំពុងដុតភ្លើងទៅលើរ៉ូបនោះ ដើម្បីទទួលបានរូបភាពប្លែកៗតាមបែបផែនសិល្បៈ។  ហេតុការណ៍មួយនេះបានកើតឡើង នៅមាត់បឹងមួយកន្លែងក្នុងខេត្តហ្វូជាន ប្រទេសចិន។

បន្ទាប់ពីភ្លើង បានដុតរោលរាលលើរ៉ូបរបស់កូនក្រមុំរួចមក ជាងថតរូបដែលមានឈ្មោះថា Zheng ក៏បានផ្តិតយករូបភាពដែលពោរពេញដោយសិល្បៈនោះ។ ទោះជាយ៉ាងណា ភ្លើងក៏នៅតែបន្តឆាបឆេះដល់ខ្នងរបស់កូនក្រមុំ។ លោក Zheng បានប្រាប់ទៅកាន់សារព័ត៌មាន Peat ថា បំពង់ពន្លត់អគ្គីភ័យត្រូវបានកាន់ជាប់នៅនឹងដៃគ្រប់ពេល ដើម្បីប្រុងប្រៀបក្នុងលក្ខខណ្ឌមានរឿងហេតុណាមួយកើតឡើង។ 

លោកបាននិយាយថា “ពួកយើងបានធ្វើការសិក្សាស្រាវជ្រាវយ៉ាងច្បាស់ មុនពេលដែលយើងហ៊ានធ្វើរឿងទាំងនេះ។ ពួកយើងបានសិក្សាទៅលើប្រេងសាំង ការសាកល្បងទៅលើរ៉ូបរៀបការ និងការសិក្សាទៅលើពេលវេលា នៃការដុតភ្លើងផងដែរ ដើម្បីធានាបានថា អ្វីគ្រប់យ៉ាងនឹងដំណើរការទៅបានយ៉ាងរលូន”។

រូបថតដែលបានថតដោយលោក John Michael Cooper

គួរបញ្ជាក់ដែរថា គំនិតនៃការថតរូបបែបនេះ ដំបូងឡើយគឺចាប់ផ្តើមចេញពី ជាងថតរូបដ៏ល្បីឈ្មោះមួយរូប គឺលោក John Michael Cooper ក្រោមប្រធានបទ “Trash the Dress” ដែលបានដុតបំផ្លាញរ៉ូបកូនក្រមុំ ដើម្បីផ្តិតយករូបថតដ៏ស្រស់ស្អាត ក្នុងន័យសិល្បៈតាំងពីឆ្នាំ ២០០១ មកម្ល៉េះ។  ការថតរូបរបៀបនេះ ក៏បានចាប់ផ្តើមពេញនិយម បន្ទាប់ពីរូបថតរបស់លោក ត្រូវបានមហាជនជាច្រើនចាប់អារម្មណ៍។

លោក Zheng បាននិយាយថា លោកមានបំណងចង់ធ្វើតាមស្ទាយរបស់លោក John Michael Cooper ដែរ  ហើយណាមួយអតិថិជនរបស់លោកក៏បានគិតថាវាឡូយដែរ។ ដូច្នេះពួកគេបានសម្រេចចិត្តថតរូបបែបនេះតែម្តងទៅ។ លោកបានបន្ថែមថា ការថតរូបរបៀបនេះ គឺធ្វើទៅតាមក្បួនខ្នាតបុរាណ ដោយរូបភាពទាំងអស់មិនត្រូវបានឆ្លងកាត់កម្មវិធី Photo-Shop ឡើយ។ ដូច្នេះ វាពិតជាចាំបាច់ណាស់ ដែលយើងត្រូវរៀបចំដំណើរការនៃការថតរូបរបៀបនេះ។

ទោះជាយ៉ាងណាក៏ដោយ បណ្តាអ្នកលេងបណ្តាញសង្គមជាច្រើន មានគំនិតអវិជ្ជមានចំពោះការថតរូបបែបសិល្បៈរបៀបនេះ។ គណនីបណ្តាញសង្គម ឈ្មោះ mSuRou បាន comment ថា “នរណាខ្លះគិតថា រូបភាពទាំងនេះស្រស់ស្អាត?” គណនីឈ្មោះ Zhangdaixia ក៏បាន comment ដែរថា “នាងគឺជាមនុស្សស្រីដ៏ល្ងង់ខ្លៅមួយរូប ដែលយកជីវិតរបស់ខ្លួនទៅប្រថុយប្រថាន”។

នាយកដ្ឋានពន្លត់អគ្គីភ័យនៅក្នុងប្រទេសចិន ក៏បានបង្ហោះសារណែនាំជាសាធារណៈលើបណ្តាញសង្គម Weibo ដែរថា វត្ថុធាតុដើមដែលយកទៅធ្វើរ៉ូបនេះ គឺងាយនឹងឆេះខ្លាំងណាស់។ ពួកគេបានបន្ថែមទៀតថា ការដែរយើងទៅពន្លត់ភ្លើងទាំងនោះ មិនទាន់ពេល វានឹងបណ្តាលឲ្យមានផលប៉ះពាល់ធ្ងន់ធ្ងរដល់អ្នកស្លៀករ៉ូបនោះ៕

សូមទស្សនាវីដេអូ កូនប្រមុំឈរឲ្យគេដុតរ៉ូប នៅខាងក្រោមនេះ៖

ប្រភព៖ ដេលីម៊ែល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]