ភ្នំពេញ៖ ស្នាដៃរឿងខ្លីបង្ហាញពីទឹកចិត្ត និងការលះបង់របស់ឪពុក បានឈ្នះជ័យលាភីពីកម្មវិធី Cellcard’s Film it! Challenge ដែលត្រូវបានរៀបចំឡើងដើម្បីលើកកម្ពស់ទេពកោសល្យ ការផលិតភាពយន្តក្នុងស្រុកនៅលើស្មាតហ្វូន។

រឿងខ្លីដែលជាប់ជ័យលាភីមានចំណងជើងថា “សំបុត្រ” និយាយពីតួអង្គម្នាក់ជាអ្នកធ្វើការងារមិនរើសមុខ ហើយសន្យាទិញម៉ូតូមួយឲ្យកូនស្រីគាត់ ពេលនាងប្រឡងជាប់នោះ។ ផលិតករវ័យក្មេង គីង រតនា ឈ្នះបានទូរស័ព្ទ iPhone 7 Plus មួយគ្រឿងសម្រាប់ស្នាដៃរឿងខ្លីរបស់ខ្លួន ដែលបានដាក់ឲ្យបោះឆ្នោតគាំទ្រជាសាធារណៈលើទំព័រហ្វេសប៊ុក ហើយទទួលបានការគាំទ្រដ៏ច្រើនលើសលប់។

ខ្សែភាពយន្តដែលមានរយៈពេលប្រាំបីនាទី ទទួលបានការកោតសរសើរខ្ពស់ពីលោក ចាប សោមច័ន្ទរិទ្ធិ ដែលជាម្ចាស់ជ័យលាភីផលិតករភាពយន្ត និងជាយុវទូត របស់ សែលកាត ដោយសារចំណុចពិសេសមួយចំនួនដូចជាអត្ថបទរឿងដើម បច្ចេកទេស និងភាពច្នៃប្រឌិត។

កម្មវិធី Film it! Challenge បានសម្ពោធដំណើរការឡើងដើម្បីអបអរព្រឹត្តិការណ៍មហោស្រពភាពយន្តអន្តរជាតិនៅកម្ពុជា (CIFF) ថ្មីៗនេះ ដែលមានវត្តមានចូលរួមពី សែលកាត ផងដែរ។ ការប្រកួតទាមទារឲ្យបេក្ខជនជ្រើសរើសប្រធានបទណាមួយដែលខ្លួនពេញចិត្ត ហើយបង្កើតជាភាពយន្តខ្លីផ្អែកលើប្រធានបទខ្លួនជ្រើសរើស។ ខ្សែភាពយន្តទាំងនេះ អាចផលិតបានដោយប្រើតែស្មាតហ្វូន ឬ ថេប្លេតប៉ុណ្ណោះ ប៉ុន្តែក្នុងនោះក៏អាចអនុញ្ញាតឲ្យប្រើកម្មវិធីទូរស័ព្ទជាជំនួយបានផងដែរ។

នាយកផ្នែកផ្សព្វផ្សាយនិងទំនាក់ទំនង ក្រុមហ៊ុន សែលកាត អ្នកស្រី Cherylmegan Gray បានថ្លែងថា គណៈកម្មការវាយតម្លៃកម្មវិធី Film it! មានក្ដីរំភើបភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះគំនិតច្នៃប្រឌិតប្លែកៗ និងការបង្ហាញទេពកោសល្យរបស់បេក្ខជនទាំងអស់។

អ្នកស្រីបញ្ជាក់ឲ្យដឹងថា “យើងពិបាកក្នុងការសម្រេចជ្រើសរើសអ្នកឈ្នះណាស់ ដូច្នេះហើយយើងបានសម្រេចឲ្យសាធារណជនជាអ្នកជ្រើសរើស ហើយអ្នកឈ្នះគឺអ្នកដែលទទួលបានការបោះឆ្នោតគាំទ្រច្រើនជាងគេ។”

អ្នកស្រីបន្តទៀតថា “ការប្រកួតជាមធ្យោបាយមួយទៀតដែល សែលកាត កំពុងបង្ហាញឲ្យឃើញពីបំណងប្រាថ្នារបស់ខ្លួនក្នុងការលើកទឹកចិត្តយុវជនកម្ពុជាឲ្យស្វែងយល់អំពីពិភពអនឡាញ និងប្រើវាដើម្បីបង្ហាញពីភាពច្នៃប្រឌិត និងខ្លួនឯង។”

ខ្សែភាពយន្តខ្លីរបស់ រតនា នឹងត្រូវបង្ហាញលើទំព័រហ្វេសប៊ុករបស់ សែលកាត៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]