ភ្នំពេញ៖ ការគ្រប់គ្រងអាជីវកម្ម មិនថាតូចមិនថាធំ គឺមិនមែនជារឿង ដែលមានភាពងាយស្រួលឡើយ។ ជាក់ស្តែង ថ្វីត្បិតតែកម្ពុជាជាប្រទេសដែលទទួលយកការនាំចូលខ្ពស់ក៏ដោយ ក៏សព្វថ្ងៃនេះ មានអាជីវកម្មក្នុងស្រុកជាច្រើន កំពុងតែមានភាពរីកចំរើន និងលូតលាស់ខ្លាំង គួរឲ្យកត់សម្គាល់ ទោះបីជាមានបញ្ហា និងកត្តាប្រឈមមិនតិចក្តី ក្នុងគោលបំណងដើម្បីជំរុញការផលិត និងប្រើប្រាស់ក្នុងស្រុក ព្រមទាំងបង្កើនការអភិវឌ្ឍប្រទេសទាំងមូល។

ជាក់ស្តែង ក្នុងចំណោមក្រុមហ៊ុនអាជីវកម្មក្នុងស្រុកទាំងអស់នោះ សហគ្រាសសិប្បកម្មសង្គមផលិតកាបូបដៃមនុស្សប្រុសមួយ ក៏កំពុងតែទទួលបានការគាំទ្រ និងទាក់ទាញ ដោយអតិថិជនឲ្យប្រើប្រាស់យ៉ាងច្រើនសន្ធឹកសន្ធាប់ទាំងក្នុង និងក្រៅប្រទេស មិនចាញ់ផលិតផលនាំចូលឡើយ។

“Kraftino” គឺជាឈ្មោះម៉ាកផលិតផលកាបូបដៃមនុស្សប្រុស ដែលដំណើរការកាន់កាប់ដោយកូនខ្មែរ ព្រមទាំងបាននាំចេញទៅលក់ក្រៅប្រទេសដូចជា សហរដ្ឋអាមេរិក អូស្រ្តាលី កាណាដា និងបណ្តាប្រទេសក្នុងសហគមន៍អ៊ឺរ៉ុប ថែមទៀតផង។ អ្វីដែលសំខាន់ជាងនេះទៅទៀតនោះគឺ ផលិតផលកាបូបដៃរបស់សហគ្រាសសិប្បកម្មសង្គម Kraftino គឺបានប្រើប្រាស់វត្ថុធាតុដើម ពោះវៀនកង់ឡានដែលប្រើប្រាស់ហើយ មកកែច្នៃឡើងវិញដោយដៃផ្ទាល់ ដែលត្រូវបានកែច្នៃយ៉ាងសំរិតសំរាំងដោយជនពិការ និងស្រ្តីមានវិបត្តិផងដែរ។

ខាងក្រោមជាកិច្ចសម្ភាសន៍រវាងក្រុមការងារ Khmerload និងស្ថាបនិកចំនួន ៤ រូបដែលមានដូចជា លោកប៊ុន ណារ៉ាទីតូ   លោកឌុក ខេមរា   លោកលឹម ហាងស្រេង និង កញ្ញាសុភ័ក្រ្ត ភាណា  ដូចខាងក្រោមទាំងអស់គ្នា!

សហគ្រាសសិប្បកម្ម Kraftino ជាប្រភេទអាជីវកម្មសង្គមមួយ បានចាប់ផ្តើមដំណើរការតាំងតែឆ្នាំ ២០១៤ មកម្ល៉េះ ដែលផលិតនូវកាបូបដៃ ធ្វើឡើងពី ពោះវៀនកង់ឡានដែលប្រើប្រាស់ហើយ និងបានដាក់លក់នៅលើទីផ្សារអនឡាញ ទៅតាមបណ្តាប្រទេសទូទាំងពិភពលោក។ រហូតមកដល់ខែកក្កដា ឆ្នាំ ២០១៦ ទើបបានបង្កើតចេញជាឈ្មោះម៉ាក Kraftino ដោយសារផលិតផលកាបូបកែច្នៃនេះ មានតម្រូវការខ្ពស់ ទាំងទីផ្សារក្នុងស្រុក និងអន្តរជាតិ ព្រមទាំងដើម្បីងាយស្រួលក្នុងការចងចាំ និងជាវិធីសាស្រ្តនាំចេញផលិតផលក្នុងស្រុក ឲ្យងាយទទួលបានកិត្តិនាម និងការទទួលស្គាល់ផងដែរ។

រំឮកពេលដំបូងឡើយ កាលពីឆ្នាំ ២០១៤ ក្រុមស្ថាបនិកសហគ្រាសសិប្បកម្មសង្គម Kraftino បានជួបជាមួយសិប្បករមួយក្រុម ដែលភាគច្រើនពួកគាត់គឺជា ជនពិការ និងជាស្រ្តីមានវិបត្តិ។ ចំណុចដែលពិសេសគឺ ពួកគាត់មានជំនាញ ទេពកោសល្យ និងគំនិតច្នៃប្រឌិតខ្ពស់ ដោយអាចយករបស់ដែលគេលែងប្រើប្រាស់ មកលាងសម្អាត និងកែច្នៃផលិតជាវត្ថុប្រើប្រាស់ផ្សេងៗបានប្រកបដោយគុណភាពខ្ពស់។ ដោយសារតែទឹកចិត្តជាខ្មែរដូចគ្នា រួមទាំងការលំបាកក្នុងការស្វែងរកទីផ្សារ និងការប្រកួតប្រជែងពីផលិតផលក្លែងបន្លំដែលនាំចូល និងមានតម្លៃថោកជាងនោះ ស្ថាបនិកទាំង ៤ រូបក៏ពិចារណាស្វែងរកទីផ្សារ និងផ្តល់ការងារជូនក្រុមសិប្បករចាប់តាំងពីពេលនោះមក ទាំងដែលស្ថាបនិកម្នាក់ៗមានអាជីព និងការងារពេញម៉ោងរៀងៗខ្លួនក៏ដោយ។

ងាកមកលក្ខណៈពិសេស របស់កាបូបដៃមនុស្សប្រុសម៉ាក Kraftino នេះ បើនិយាយពីគុណភាពគឺខ្ពស់ ដោយសារវត្ថុធាតុដើមជាពោះវៀនកង់ឡាន ដែលមានសភាពស្វិត និងធន់ អាចនិយាយបានថា ល្អជាជាងកាបូបស្បែក ឬកាបូបជ័រដទៃផ្សេងទៀត ក្នុងទីផ្សារបច្ចុប្បន្ន។ រីឯ គុណតម្លៃ និងអត្តន័យដែលបង្កប់នៅក្នុងផលិតផលវិញ ទីមួយ គឺការជួយទៅដល់បរិស្ថាន និងបំផុសផ្នត់គំនិតឲ្យមនុស្សគ្រប់គ្នាឲ្យចូលរួមការពារបរិស្ថានទាំងអស់គ្នា ពីព្រោះប្រភេទកៅស៊ូ ដូចជាជ័រកង់ឡាន ឬពោះវៀនកង់ឡាន សុទ្ធតែបង្កគ្រោះថ្នាក់ដល់បរិស្ថានដូចប្លាស្ចិចដែរ ពីព្រោះវាជាសមាសធាតុមិនងាយរលាយឡើយ។ ទីពីរ គឺការជួយដល់សង្គម ពីព្រោះយើងបានផ្តល់ការងារ និងជំនាញវិជ្ជាជីវៈដល់ប្រជាជនក្នុងស្រុក ជាពិសេស ជនពិការ និងបងៗស្រ្តីមានវិបត្តិតែម្តង។

ដោយសារតែចង់ពង្រឹងលើគុណភាព សហគ្រាសសិប្បកម្មសង្គម Kraftino សព្វថ្ងៃនេះ មានផលិតផលកាបូបដៃមនុស្សប្រុសតែមួយម៉ូតប៉ុណ្ណោះ។  ប៉ុន្តែសូមកុំបារម្ភអី!  Kraftino នឹងប្តេជ្ញាព្យាយាមខិតខំបន្ថែម ក្នុងការបំបែកម៉ូតកាបូបដៃមនុស្សប្រុស និងផលិតថែមកាបូបមនុស្សស្រីឲ្យបាន នៅបំណាច់ឆ្នាំនេះ ដើម្បីបំពេញតម្រូវការទីផ្សារ និងអតិថិជន។

សម្រាប់បងប្អូនដែលចង់ជាវនូវ កាបូបធ្វើដោយដៃម៉ាក Kraftino នេះ គឺអាចទាក់ទងបានតាមរយៈគេហទំព័រ Facebook របស់សហគ្រាសសិប្បកម្មសង្គម Kraftino www.facebook.com/Kraftino ឬទំនាក់ទំនងជាវបាននៅហាង Little Fashion ដែលមានចំនួន ២ សាខាគឺ សាខាបឹងកេងកង និងសាខាស្ទឹងមានជ័យ ឬទាក់ទងតាមទូរស័ព្ទលេខ ០១២ ២១៦ ០០៧ និង ០១០ ៣៤៣ ៥៤៦ (Kraftino) ឬ ០១៦ ៩៥៥ ៥០៥ (Little Fashion) ។

ខ្មែរជួយគាំទ្រខ្មែរ! ចុះប្រិយមិត្តវិញ យល់យ៉ាងណាដែរ?

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]