ចិន៖ កម្លោះសង្ហារវ័យក្មេង Xie Yixuan អាយុ២២ឆ្នាំ ត្រូវជាកូនប្រុសរបស់អ្នកម្តាយសាច់ចាំ រូបស្រស់វ័យ៥០ឆ្នាំ Liu Yelin ថ្មីៗនេះកាន់តែធ្វើឲ្យអ្នកនិយមលេងបណ្តាញសង្គម មានការចាប់អារម្មណ៍កាន់តែខ្លាំង បន្ទាប់ពី Xie បានថ្លែងប្រាប់សារព័ត៌មាន ទាក់ទងទៅនឹងម្តាយរបស់គេ នូវរឿងរ៉ាវមួយចំនួនដែលគ្រប់គ្នាតែងតែយល់ច្រឡំ ថាពួកគេទាំងពីរគឺជាគូស្នេហ៍នឹងគ្នា។

បើតាមការឲ្យដឹងពី Xie និយាយថា មហាជនជាច្រើនតែងតែយល់ខុស ថាម្តាយរបស់ខ្លួនគឺជាសង្សារ  តាំងតែពី Xie មានអាយុ១៦ឆ្នាំម្ល៉េះ។ នោះក៏ដោយសារតែ ម្តាយរបស់គេគឺអ្នកស្រី Liu Yelin មើលទៅនៅតែមានរូបសម្រស់ស្រស់ស្អាត មិនចាញ់អ្នកនៅក្រមុំ ថ្វីបើគាត់មានអាយុច្រើនមែនពិត។

Xie និយាយទាំងអិមអៀនថា កន្លងមកសូម្បីតែមិត្តស្រីរបស់គេ ក៏យល់ច្រឡំមកលើគេដែរ ដោយមិត្តស្រីគេគិតថា Xie បណ្តើរមិត្តស្រីថ្មី ដែលតាមការពិតជាម្តាយរបស់គេសោះ។

គួរឲ្យដឹងដែរថា អ្នកស្រី Liu Yelin ត្រូវបានគេដាក់រហស្សនាមឲ្យថា «អ្នកម្តាយវ័យក្មេងបំផុតលើលោក» ដោយសារតែ ដងខ្លួនរបស់គាត់នៅតែស្រលូនស្អាត មិនសូវមានស្នាមជ្រីវជ្រួញខ្លាំង មិនថាតែលើផ្ទៃមុខ និងដងខ្លួនឡើយ។

ថ្លែងប្រាប់សារព័ត៌មាន MailOnline កម្លោះសង្ហារ Xie បច្ចុប្បន្នជាអ្នកជំនួយការផ្ទាល់ នៅក្រុមហ៊ុនផលិតខ្សែភាពយន្តក្នុងស្រុក បានរៀបរាប់ប្រាប់ឲ្យដឹងថា ម្តាយរបស់គេគឺជានិមិត្តរូបដ៏អស្ចារ្យបំផុតសម្រាប់ជីវិតរបស់គេ។ Xie និយាយថា «ម៉ាក់របស់ខ្ញុំ តែងតែស្រស់ស្អាតជាប់ជានិច្ច។ កាលពីគាត់នៅក្រមុំ គាត់ត្រូវបានគេចាត់ទុកថា ជានារីដែលស្រស់ស្អាតដាច់គេប្រចាំសាលា។ ថ្វីបើពេលវេលាវាកន្លងហួសជាច្រើនឆ្នាំមកក្តី តែបច្ចុប្បន្នរូបសម្រស់គាត់នៅតែស្រស់ស្អាត អាចស្អាតលើសដើមទៅទៀត»

Xie និយាយថា ម្តាយរបស់គេគឺជាអតីតបណ្ណារក្សចូលនិវត្តន៍ម្នាក់។ គាត់គឺមនុស្សស្រីចិត្តល្អ ប៉ុន្តែគ្រាន់តែឆាប់ឆេវឆាវបន្តិច។ ម្តាយរបស់គេកម្រតុបតែងមុខមាត់ (Make up) ណាស់ ប៉ុន្តែរឿងមួយផ្សេងទៀត ដែលម្តាយរបស់គេចូលចិត្តខ្លាំងបំផុតនោះ គឺកីឡា តែម្តង។

«គាត់ចូលចិត្តកីឡាហែលទឹក និងចេញធ្វើការងារផ្សេងៗនៅខាងក្រៅជារៀងរាល់ថ្ងៃ។ មនុស្សជាច្រើនច្បាស់ជាមិនជឿទេថា វាគឺជាអាថ៌កំបាំង (ហែលទឹក) ដែលធ្វើឲ្យគាត់អាចរក្សាបាន នូវភាពស្រស់ស្អាតបែបនេះ។ ជឿមិនជឿមិនសំខាន់ សំខាន់វាគឺជាការពិតសម្រាប់គាត់!»

បើតាមប្រភពបានឲ្យដឹងដែរថា បច្ចុប្បន្ន Xie ធ្វើការនៅទីក្រុងប៉េកាំង ហើយបើនិយាយទៅ គេត្រូវចំណាយពេល៥ម៉ោងឯណោះ រាល់ពេលធ្វើដំណើរចេញពីផ្ទះ ពីទីក្រុង Xinhyang ខេត្ត Henan មកកាន់ទីក្រុងប៉េកាំង។   Xie សម្រេចចិត្តសម្រាកនៅប៉េកាំង មិនសូវបានទៅលេងផ្ទះនៅឯខេត្តនោះទេ ដោយគេអាចមានឱកាសជួបមុខម្តាយយ៉ាងហោចណាស់ បានតែម្តងប៉ុណ្ណោះក្នុងមួយខែ។

Xie ថា កាលពីគេនៅតូច គេមិនដែលកត់ចំណាំពីភាពខុសប្លែកគ្នា នៃរូបសម្រស់របស់ម្តាយគេឡើយ។

«កាលខ្ញុំនៅតូច គ្រាន់តែដឹងថាគាត់ជាម្តាយធម្មតាៗ ដូចតែគេដូចតែឯងម្នាក់តែប៉ុណ្ណោះ។ ហើយគាត់ក៏ជាម្តាយម្នាក់ ដែលតឹងតែងខ្លាំងមកលើខ្ញុំផងដែរ។ ប៉ុន្តែបន្ទាប់ពីខ្ញុំ ចាប់ចូលរៀនថ្នាក់កណ្តាល (អនុវិទ្យាល័យ) មក មានមិត្តភក្តិខ្ញុំជាច្រើន នាំគ្នានិយាយពីគាត់រហូត ថាគាត់មើលទៅគឺនៅក្មេង និងស្រស់ស្អាតខ្លាំង។ វាគួរឲ្យអស់សំណើចដែរ ព្រោះមិត្តភក្តិខ្ញុំមួយចំនួន បែរជាគិតថាគាត់គឺជាបងស្រីរបស់ខ្ញុំទៅវិញ ប៉ុន្តែទោះជាយ៉ាងណា ក៏មានមិត្តភក្តិខ្ញុំខ្លះទៀត គេក៏ដឹងថា គាត់គឺម្តាយរបស់ខ្ញុំដែរ»

អ្វីដែលមិននឹកស្មានដល់ទៅទៀតនោះ កន្លងទៅយូរហើយ Xie ធ្លាប់ធ្វើការណាត់ជួបនៅខាងក្រៅ ជាមួយនឹងសង្សារបស់គេ ដោយបាននាំយកអ្នកស្រី Liu Yelin ទៅជាមួយផងដែរ។ នៅពេលដែលមិត្តស្រីរបស់គាត់ សម្លឹងមើលមកគាត់និងម្តាយរបស់គាត់ ស្រាប់តែធ្វើឲ្យនាង អន់ចិត្ត ខឹងមួរម៉ៅយ៉ាងខ្លាំងតែម្តង រហូតមានការឈ្លោះប្រកែកគ្នាថែមទៀតផង។ នោះក៏ដោយសារតែ មិត្តស្រីរបស់ Xie គិតថា អ្នកស្រី Liu Yelin គឺជាមិត្តស្រីរបស់គាត់ ជាហេតុធ្វើឲ្យ Xie ខ្មាសគេយ៉ាងខ្លាំងកាលគ្រានោះ។ តែទោះបីជាយ៉ាងណា បន្ទាប់ពីមានការនិយាយបកស្រាយ ទើបអ្វីៗប្រសើរឡើងវិញ។

គួររំឮកដែរថា អ្នកស្រី Liu Yelin បច្ចុប្បន្នជាអ្នកហែលទឹកជើងចាស់ម្នាក់ ហើយគាត់ថែមទាំងធ្លាប់បាន ប្រកួតហែលទឹកឆ្លងច្រកសមុទ្រម៉ាឡាកា (Malacca) រវាងឧបទ្វីបម៉ាឡេ និង កោះស៊ូម៉ាត្រាទៀតផងកាលពីឆ្នាំមុន។ លើសពីនេះ អ្នកស្រី Liu Yelin ក៏នឹងមានគម្រោងហែលទឹកឆ្លងកាត់ទន្លេហាន ក្នុងទីក្រុងសេអ៊ូល រដ្ឋធានីរបស់ប្រទេសកូរ៉េខាងត្បូង នៅខែកញ្ញាខាងមុខនេះផងដែរ៕ 

ប្រភព៖ Dialymail

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]