ភ្នំពេញ៖  រដ្ឋមន្រ្តីក្រសួងបរិស្ថាន លោក សាយ សំអាល់ ស្នើប្រជាពលរដ្ឋកុំឲ្យមានការដុតសម្រាម ព្រោះការដុតសម្រាម នេះ នឹងបណ្ដាលឲ្យមានការបំពុលខ្យល់ ដែលអាចប៉ះពាល់ ដល់សុខភាព មនុស្ស សត្វ ។

យោងតាមសេចក្ដីណែនាំ ស្ដីពីការរៀបចំ ទិវាលបរិស្ថានជាតិ និង បរិស្ថានពិភពលោក ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៧ ដែលចុះហត្ថលេខាដោយ លោក សាយ សំអាល់ នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៧ បានឲ្យដឹងថា ដើម្បីប្រារព្ធទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោកឆ្នាំ២០១៧ ប្រព្រឹត្តទៅដោយផុសផុល ប្រកបដោយផ្លែផ្កា និងជាឧត្តមប្រយោជន៍ជាតិ ក្រសួងបរិស្ថាន ស្នើឲ្យមានកិច្ចសហប្រតិបត្តិការ ពីគ្រប់ស្ថាប័ន រដ្ឋគ្រប់លំដាប់ថ្នាក់ ជាពិសេស ថ្នាក់ក្រោមជាតិ ជួយសម្របសម្រួល និង លើកទឹកចិត្តដល់សាធារណជន ឲ្យចូលរួមសំអាតទីតាំង ជុំវិញលំនៅដ្ឋានរៀងៗខ្លួន។

លោករដ្ឋមន្រ្តីក៏បានស្នើឲ្យរដ្ឋបាលថ្នាក់ ក្រោមជាតិ ជំរុញពលរដ្ឋ ព្រះសង្ឃ សិស្ស និស្សិត កងកម្លាំងប្រដាប់អាវុធ មន្រ្តីរាជការ ដោយកំណត់ការងារ និងចូលរួមធ្វើពលកម្មអនាម័យព្រមៗគ្នា នៅតាមអង្គភាព ទីប្រជុំជន ទីផ្សារ សាលារៀន និងតាមដងផ្លូវសាធារណៈ ឲ្យបានច្រើនកុះករទៅតាមទីកន្លែង និងពេលវេលាសមស្របរៀងៗខ្លួន។

សេចក្តីណែនាំរបស់រដ្ឋមន្រ្តីបន្តថា “ដោយដាក់សំរាម ឬវេចខ្ចប់ទុកក្នុងធុងសំរាមឲ្យបានត្រឹមត្រូវ ។ មិនត្រូវដុតសំរាមដើម្បីបំបាត់វាចោលឡើយ ព្រោះវានឹងបណ្តាលឲ្យមានការបំពុលខ្យល់ ដែលអាចប៉ះពាល់ដល់សុខភាពមនុស្ស សត្វ”។

គូសបញ្ជាក់ថា ដោយសារការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នឹងប្រព្រឹត្តទៅ នៅថ្ងៃទី៤ ខែមិថុនា ដូចនេះការរៀបចំប្រារព្ធទិវាបរិស្ថានជាតិ និងពិភពលោក ៥មិថុនា ត្រូវបានពន្យាពេលទៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៧វិញ៕

ប្រភព៖ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]