ប្រសិនបើអ្នកជាម្ចាស់ ដែលស្រលាញ់សត្វឆ្កែចិញ្ចឹមរបស់ខ្លួន ចូរផ្តោតការយកចិត្តទុកដាក់ឲ្យបានល្អបំផុត ទៅលើចំណីអាហារ មុនពេលផ្តល់ទៅឲ្យពួកវាស៊ី។  ព្រោះចំណីអាហារមួយចំនួន មានផ្ទុកទៅដោយសារធាតុប្រឆាំង ឬផលប៉ះពាល់ដ៏កាចសាហាវបំផុត ដែលអាចធ្វើឲ្យឆ្កែចិញ្ចឹមរបស់អ្នកពុលបាន  និងថែមទាំង សម្លាប់ពួកវាបាន ប្រសិនបើអ្នកមិនបានគិតគូឲ្យដល់ចំណុចទាំងអស់នេះ។

១. សូកូឡា

សូកូឡាមានផ្ទុកទៅដោយសារធាតុរំញោចម្យ៉ាងហៅថា «Theobromine» ដែលសារធាតុនេះស្រដៀងគ្នា ទៅនឹងជាតិកាហ្វេអ៊ីន ដែលអាចធ្វើឲ្យសត្វឆ្កែពុលបាន។

សារធាតុ Theobromine នេះ មានតិច ឬច្រើនអាស្រ័យទៅតាមប្រភេទខុសៗគ្នារបស់សូកូឡា។ ជាពិសេសវាមានផ្ទុកច្រើន ក្នុងប្រភេទសូកូឡាពណ៌ខ្មៅ  ចំណែកសូកូឡាពណ៌សវិញ មានចំនួនសារធាតុនេះតិចតួចតែប៉ុណ្ណោះ។

សារធាតុ Theobromine វាធ្វើឲ្យប៉ះពាល់ដល់បេះដូង ប្រព័ន្ធសរសៃប្រសាទកណ្តាល និងតម្រងនោម។  រោគសញ្ញានឹងកើតមានឡើងក្នុងរយៈពេលចន្លោះចាប់ពី ៤ទៅ២៤ម៉ោង ក្រោយពីសត្វឆ្កែចិញ្ចឹមរបស់អ្នកបានស៊ីសូកូឡារួច។  រីឯកម្រិតនៃការពុល ក៏អាស្រ័យទៅតាមបរិមាណសូកូឡា ដែលសត្វឆ្កែរបស់អ្នកបានស៊ីវា ប្រសិនបើក្នុងចំនួនលើសលុប វាក៏អាចសម្លាប់ឆ្កែរបស់អ្នកបានផងដែរ។

២.ខ្ទឹមបារាំង និងខ្ទឹមស

ខ្ទឹមបារាំង និងខ្ទឹមសមានសមាសធាតុមិនខុសគ្នាប៉ុន្មានឡើយ គឺមានផ្ទុកទៅដោយសារធាតុម្យ៉ាង ដែលអាចធ្វើឲ្យពុលដល់សត្វចិញ្ចឹមរបស់អ្នក មិនថាតែសត្វឆ្កែឬឆ្មាឡើយ។ ការពុលតាមរយៈខ្ទឹមបារាំងនេះ កើតឡើងប៉ុន្មានថ្ងៃបន្ទាប់ ក្រោយពីសត្វចិញ្ចឹមរបស់អ្នកបានស៊ីវា ហើយអ្វីដែលពិបាកនោះ គឺថារោគសញ្ញានោះ មិនអាចធ្វើឲ្យអ្នក ដឹងបានភ្លាមៗទេ។ អ្នកអាចសង្កេតឃើញ សត្វឆ្កែរបស់អ្នក នឹងប្រែជាឈឺ ឬអស់កម្លាំង។

មិនថាខ្ទឹមបារាំងឆៅ ឬឆ្អិនឡើយ សុទ្ធតែធ្វើឲ្យប៉ះពាល់ដល់សួត និងក្រពះពោះវៀន បំផ្លាញកោសិកាឈាមក្រហមរបស់សត្វចិញ្ចឹមអ្នក។ ដូច្នេះអ្នកគួរតែប្រុងប្រយ័ត្ន មិនគួរឲ្យពួកវាស៊ីអាហារ ដែលមានផ្ទុកទៅដោយខ្ទឹមបារាំងឡើយ ឬត្រូវយកទៅរក្សាទុកឲ្យឆ្ងាយពីពួកវា។

៣. ទំពាំងបាយជូរ

ទំពាំងបាយជូរ  ឬទំពាំងបាយជូរក្រៀម អាចបង្កគ្រោះថ្នាក់បំផុតដល់សត្វឆ្កែ។  រីឯរោគសញ្ញានៃការពុលរបស់វាវិញ អ្នកនឹងអាចដឹងនៅចន្លោះចាប់ពី៥ថ្ងៃក្រោយ បន្ទាប់ពីសត្វឆ្កែរបស់អ្នកបានស៊ីវា។

ទំពាំងបាយជូរ ឬទំពាំងបាយជូរក្រៀម អាចធ្វើឲ្យឆ្កែរបស់អ្នក មានជំងឺខ្សោយតម្រងនោម។ ត្រូវប្រញាប់យកសត្វឆ្កែរបស់អ្នកទៅជួបជាមួយបសុពេទ្យ (ពេទ្យសត្វ) ដើម្បីធ្វើការពិនិត្យ ប្រសិនបើក្នុងករណីអ្នកសង្ស័យថា សត្វឆ្កែចិញ្ចឹមរបស់អ្នកបានស៊ីវា។

៤. ផ្លែអាវូកាដូ

ផ្លែអាវូកាដូ គឺមានផ្ទុកទៅសារធាតុម្យ៉ាងហៅថា Persin ដែលអាចបង្កគ្រោះថ្នាក់យ៉ាងខ្លាំង ធ្វើឲ្យសត្វឆ្កែរបស់អ្នកពុលបាន តាមរយៈការរាគរូស និងក្អួតចង្អោរ។  លើសពីនេះ សារធាតុ Persin នេះ ក៏អាចធ្វើឲ្យមនុស្សពុលបានផងដែរ  ប៉ុន្តែស្ថិតក្នុងកម្រិតតិចតួចប៉ុណ្ណោះ ខុសគ្នាពីសត្វដែលវាងាយនឹងរងគ្រោះថ្នាក់ជាង។

៥.គ្រឿងស្រវឹង

គ្រឿងស្រវឹង គឺអាចធ្វើឲ្យពុលដល់ឆ្កែរបស់អ្នកបានផងដែរ។ វាធ្វើឲ្យឆ្កែរបស់អ្នក ក្អួតចង្អោរ រាគរូស ប៉ះពាល់ដល់សតិ  ឬប្រព័ន្ធសរសៃប្រសាទកណ្តាល ធ្វើឲ្យញ័រ ពិបាកក្នុងការដកដង្ហើម អាស៊ីតក្នុងឈាមមិនប្រក្រតី  ធ្វើឲ្យសន្លប់ ជាដើម  ករណីធ្ងន់ធ្ងរ  អាចសម្លាប់សត្វឆ្កែចិញ្ចឹមរបស់អ្នកបានទៀតផង។

៦. កាហ្វេអីុន

កាហ្វេអ៊ីន ក៏មានឥទ្ធិពលអាក្រក់មិនខុសគ្នាប៉ុន្មានទៅនឹងសូកូឡាដែរ។ ប្រសិនបើក្នុងករណីឆ្កែចិញ្ចឹមរបស់អ្នក ផឹកវាក្នុងបរិមាណច្រើន នោះកម្រិតជាតិពុល ក៏មានច្រើនទៅតាមនោះ។

៧. ពោត ឬស្នូលពោត

ពោត ក៏ជាអាហារមួយប្រភេទដែលអាចធ្វើឲ្យ ឆ្កែរបស់អ្នកពុលបានផងដែរ។ ជាលទ្ធផល វានឹងបង្កឲ្យប៉ះពាល់ដល់ក្រពះពោះវៀន ធ្វើឲ្យឆ្កែរបស់អ្នកស្ទះ ឬទល់លាមក ក្អួតចង្អោរ និងមានអាការចុះអន់ខ្សោយ ឈឺរហិតរហៃក្នុងខ្លួនរបស់វា។

៨. ទឹកដោះគោ

ការឲ្យឆ្កែរបស់អ្នកផឹកទឹកដោះគោ ក៏ជាបញ្ហាមួយធ្វើឲ្យពួកវារាគរូសបានផងដែរ។ នោះក៏ដោយសារ  ក្នុងខ្លួនរបស់វាមិនអាចបំបែក នូវសារធាតុឡាក់តូស ដែលជាប្រភេទស្ករមាននៅក្នុងទឹកដោះគោបានទេ។

៩. ស៊ុតឆៅ

ការឲ្យសត្វចិញ្ចឹមរបស់អ្នកស៊ីស៊ុតឆៅជាអាហារ វាមិនមែនជារឿងត្រឹមត្រូវទាល់តែសោះ ព្រោះវាមានផ្ទុកទៅដោយបាក់តេរីប្រភេទ Salomnella ដែលបង្កជាបញ្ហាចម្បងដល់ពោះវៀន ហើយវីរុសប្រភេទនេះងាយធ្វើឲ្យឆ្កែពុលអាហារបាន។ អង់ស៊ីមដែលមាននៅក្នុងស៊ុតឆៅ នឹងស្រូបយកជាតិវីតាមីន ដែលមាននៅក្នុងខ្លួនរបស់សត្វឆ្កែ ដែលអាចបណ្តាលឲ្យឆ្កែចិញ្ចឹមរបស់អ្នក កើតមានបញ្ហាជំងឺស្បែក និងរោម (រោមជ្រុះ) ។

១០. ស្ករ | ស្ករកៅស៊ូ (ស្ករស ស្ករគ្រាប់...)

ស្ករកៅស៊ូ គឺជាសារធាតុមួយប្រភេទ ដែលអាចធ្វើឲ្យស្ទះដល់ពោះវៀន ដូច្នេះដាច់ខាតគួរកុំឲ្យឆ្កែរបស់អ្នកលេបវាឲ្យសោះ។ ស្ករកៅស៊ូ មានធាតុផ្សំចេញពីស្ករប្រភេទ Xylitol  ដែលពិតជាអាចធ្វើឲ្យសត្វឆ្កែ ងាយនឹងពុល។ លើសពីនេះសារធាតុ Xylitol ដែលមាននៅក្នុងស្ករកៅស៊ូ ក៏បង្កជាបញ្ហាដល់ថ្លើមសត្វឆ្កែផងដែរ។ ម្យ៉ាងវិញទៀត ការដែលឲ្យឆ្កែរបស់អ្នក ស៊ីស្ករស ឬស្ករគ្រាប់ វាក៏ជាបញ្ហាមួយអាចបណ្តាលឲ្យវា កើតមានជំងឺទឹកនោមផ្អែមបាន ហើយនេះក៏ជាមូលហេតុ ដែលអ្នកគួរតែចៀសកុំឲ្យឆ្កែស៊ីរបស់ទាំងនោះ។

១១. ឆ្អឹង

អ្នកប្រហែលជាគិតថា ឆ្អឹងគឺជាមិត្តដ៏ល្អបំផុតរបស់សត្វឆ្កែហើយ ប៉ុន្តែចូរចងចាំថា វាពិតជាគ្រោះថ្នាក់ខ្លាំងណាស់សម្រាប់វា។ ការឲ្យឆ្កែរបស់អ្នកស៊ីឆ្អឹង វាអាចបណ្តាលឲ្យស្លាក់ជាប់បំពង់.ក លើសពីនេះ វាក៏ប៉ះពាលដល់ប្រព័ន្ធរំលាយអាហារ ដំណើរការមិនប្រក្រតី និងអាចបង្កឲ្យមានរបួសនៅផ្នែកខាងក្នុង ក្រពះរបស់វាថែមទៀតផង។ របួសផ្នែកខាងក្នុងនេះដែរ វាក៏ងាយឲ្យសត្វឆ្កែចិញ្ចឹមរបស់អ្នក ឆ្លងមេរោគបាក់តេរី តាមរយៈការស៊ីអាហារ ដែលអាចបណ្តាលឲ្យពួកវាស្លាប់បានផងដែរ។

១២. បន្លែ ផ្លែឈើ និងអាហារខូចគុណភាព ឬអាហារផ្អូមដុះផ្សិត

ត្រូវដឹងថា ឆ្កែចិញ្ចឹមរបស់អ្នកមិនមែនជាធុងសម្រាម ដែលចាំតែស៊ីកាកសំណល់មិនល្អពីអ្នកឡើយ។ ការឲ្យឆ្កែរបស់អ្នកស៊ីអាហារដែលខូចគុណភាព ផ្អូមដុះផ្សិត វាពិតជាបង្កគ្រោះថ្នាក់យ៉ាងខ្លាំងដល់ពួកវា។ ភាគច្រើនអាហារខូច ដែលមានដុះផ្សិតទាំងអស់នោះ អាចធ្វើឲ្យឆ្កែរបស់អ្នកពុលបាន  ដែលធ្វើឲ្យវាមានអាការមិនប្រក្រតី ញ័រក្នុងខ្លួន ឬរាគរូស ជាដើម  និងករណីធ្ងន់ធ្ងរអាចឆក់យកជីិវិតវាបានទៀតផង៕

ប្រភព៖ Dailymail | QuickAndDirtyTips | Webmd

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]