បរទេស៖ កំពូលអ្នកប្រដាល់សញ្ជាតិហ្វីលីពីន Manny Pacquiao ជឿថា Jeff Horn ដែលជាដៃគូប្រកួតរបស់គេនៅថៃ្ងទី២ ខែកក្កដា ខាងមុខនេះ នឹងក្លាយជាដៃគូប្រកួតដ៏ស្វិតស្វាញមួយ ស្របពេលដែលកីឡាករសញ្ជាតិអូស្រា្ដលី កំពុងហ្វឹកហាត់ជាមួយគ្រូបង្វឹកដ៏លី្ប និងជាកីឡាករម្នាក់ផងនោះគឺលោក Vasyl Lomachenko ។

Pacquiao និយាយទៅកាន់សារព័ត៌មាន Courier Mail ថា៖ «Lomachenko គឺមានភាពរហ័សរហូន ក្នុងការវាយ ដូចនេះរូបគេនឹងអាចជួយ Horn បានច្រើន អំឡុងពួកគេហ្វឹកហាត់»។

រូបគេបន្ដថា៖ «ខ្ញុំមិនសូវយល់អំពី Horn ទេ យ៉ាងណារូបគេគឺជាអ្នកប្រដាល់ដ៏ខ្លាំង ដែលធ្លាប់ផ្ដួលគូប្រកួតជារឿយៗ។ សព្វថៃ្ងនេះ ខ្ញុំកំពុងតែខិតខំហ្វឹកហាត់ទៅលើល្បឿន និងព្យាយាមធើ្វយ៉ាងណា ដើម្បីឲ្យរាងកាយរបស់ខ្ញុំរឹងមាំ សម្រាប់ប្រកួតជាមួយគេ ប៉ុន្ដែភាពវ័យឆ្លាត និងការផ្លាស់ទីលឿន នឹងធើ្វឲ្យខ្ញុំអាចឈ្នះរូបគេ''។

Pacquiao មានកម្លាំងពេញលេញនៅពេលដែលគេហ្វឹកហាត់កាលពីថៃ្ងពុធ ម្សិលមិញ នៅចំពោះមុខគ្រូបង្វឹករបស់ខ្លួន និងសមាជិកនៃប្រព័ន្ធផ្សព្វផ្សាយមួយចំនួនផងដែរ។

កីឡាករវ័យ៣៨ឆ្នាំ ដែលមានបទពិសោធន៍ជោគជាំក្នុងការឡើងសង្វៀន បានប្រកួតចុងក្រោយកាលពីខែវិច្ឆិកា ឆ្នាំ២០១៦ នៅពេលដែលរូបគេយកឈ្នះកីឡាករសញ្ជាតិអាមេរិក Jessie Vargas ក្នុងរដ្ឋ Nevada បន្ទាប់ពីអាក់ខានឡើងសង្វៀនជាច្រើនឆ្នាំ។

គួរបញ្ជាក់ផងដែរថា ដៃគូរបស់ Pacquiao ដែលមានឈ្មោះថា Horn ពុំទាន់ស្គាល់ពាក្យថាចាញ់នៅឡើយទេក្នុងអាជីពជាអ្នកប្រដាល់ ពោលគឺឈ្នះ១៦ដង នឹងស្មើ១ដង៕

ប្រភព៖ Dailymail

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]