ចិន៖   ស្រ្តីមេម៉ាយជនជាតិចិនម្នាក់បានធ្វើឲ្យមហាជនរំជួលចិត្តយ៉ាងខ្លាំង បន្ទាប់ពីបានដឹងរឿងរ៉ាវដ៏កំសត់កម្រ តស៊ូជម្នះចិញ្ចឹមបីបាច់កូនប្រុសតែម្នាក់ឯង ដែលមានជំងឺពិការភាព​អវយវៈបណ្ដាល​ដោយ​​បញ្ហាខួរក្បាល​ (CP or Cerebral palsy) រហូតកូនប្រុសអាចក្លាយខ្លួនជាសិស្សពូកែ និងថែមទាំងបានប្រលងជាប់ចូលរៀននៅសាលាដ៏ល្បីមួយ នៅសហរដ្ឋអាមេរិកថែមទៀតផង។ នេះបើយោងតាមប្រភពព័ត៌មាន សៀងហៃអ៊ីស បានចុះផ្សាយ។

លោក Ding Zheng បច្ចុប្បន្នអាយុ២៩ឆ្នាំ រស់នៅក្នុងខេត្ត Hubie  កើតមកមានជំងឺពិការភាព​អវយវៈបណ្ដាល​ដោយ​​បញ្ហាខួរក្បាល​ ប៉ុន្តែការខិតខំតស៊ូរបស់លោក បូករួមការជំរុញលើកទឹកចិត្ត និងមើលថែទាំយ៉ាងយកចិត្តទុកដាក់ ពីសំណាក់អ្នកម្តាយ  ជីវិតលោក Ding Zheng ក៏ត្រូវបានផ្លាស់ប្តូរមកជាស្រស់បំព្រង។

គួររំឮកថាក្នុងឆ្នាំ១៩៨៨  អ្នកស្រី Zou Honguan សម្រាលបានកូនប្រុសម្នាក់ ទាំងស្ថិតក្នុងស្ថានភាពលំបាកបំផុត  និងបានដាក់ឈ្មោះឲ្យថា Ding Zheng  ឬហៅក្រៅថា Ding Ding ។  ខាងក្រុមគ្រូពេទ្យបានស្នើឲ្យអ្នកស្រី Zou ​បោះបង់កូននេះចោល  និងបានពន្យល់ថា កូនប្រុសរបស់គាត់កើតមានជំងឺ ពិការភាព​អវយវៈបណ្ដាល​ដោយ​​បញ្ហាខួរក្បាល​ ដែលអាចបណ្តាលឲ្យ ជួបការលំបាកក្នុងជីវិត ហើយទម្លាក់បន្ទុកកាន់តែធ្ងន់ធ្ងរ ដល់គ្រួសារជាមិនខាន។

ប្តីរបស់អ្នកស្រី Zou បានឯកភាពលើការផ្តល់យោបល់ណែនាំ ពីសំណាក់វេជ្ជបណ្ឌិត ដែលគួរតែបោះបង់កូនប្រុសចោល។  ប៉ុន្តែទោះបីជាយ៉ាងណា  អ្នកស្រី Zou បានបដិសេធមិនបោះបង់ចោល កូនប្រុសរបស់ខ្លួនឡើយ។   រូបគាត់បានសន្យាថា នឹងប្រើជីវិតរបស់គាត់ចិញ្ចឹមបីបាច់កូនប្រុសឲ្យដល់ទីបំផុត  មិនថាស្ថិតនៅក្នុងស្ថានភាពលំបាកវេទនាយ៉ាងណាក៏ដោយ។

ដោយសារតែការចចេសរឹងរូសនេះហើយ ទើបស្វាមីរបស់អ្នកស្រី Zou សម្រេចិត្តលែងលះគ្នា  ជាហេតុធ្វើឲ្យអ្វីៗទាំងអស់ ធ្លាក់មកលើអ្នកស្រី Zou ជាម្តាយ ជាអ្នករ៉ាប់រងក្នុងគ្រួសារទាំងស្រុង។

ក្រោយពីលែងលះជាមួយស្វាមី  ក្នុងជីវិតជាមេគ្រួសារ អ្នកស្រី Zou បានខិតខំធ្វើការងារដល់ទៅបួនប្រាំកន្លែង ដើម្បីយកប្រាក់មកផ្គត់ផ្គង់គ្រួសារ និងព្យាបាលជំងឺកូនប្រុស។  ​ទោះបីជារវល់យ៉ាងណា  អ្នកស្រីនៅតែឆ្លៀតពេល ជួយបង្ហាត់បង្រៀនកូនប្រុសគ្រប់សកម្មភាពទាំងអស់  ដើម្បីកុំឲ្យខួរក្បាលរបស់គេស្ទក់។  ព្រោះថា Ding ជាក្មេងដែលទន់ មិនចេះឈររហូតដល់គេមានអាយុ២ឆ្នាំឯណោះ។ នៅអាយុ៣ឆ្នាំទើប Ding រៀនចេះដើរ និងនៅអាយុ៦ឆ្នាំ ទើបគេរៀនចេះលោត ដោយស្ថិតក្រោមការជួយបង្ហាត់បង្រៀន និងជំរុញលើកទឹកចិត្តពីម្តាយរបស់គេ។

ជារៀងរាល់ថ្ងៃ បន្ទាប់ពីអ្នកស្រី Zou ចេញពីធ្វើការ គាត់តែងតែនាំកូនប្រុស ទៅមន្ទីរពេទ្យជាប្រចាំដើម្បីព្យាបាលជំងឺតាមការណែនាំរបស់គ្រូពេទ្យ។ លើសពីនេះ អ្នកស្រីក៏ឆ្លៀតទៅរៀនជំនាញម៉ាស្សា ដើម្បីយកវិជ្ជាមួយនេះមកជួយម៉ាស្សា ធ្វើចលនាសាច់ដុំឲ្យកូនប្រុសជាទីស្រលាញ់ថែមទៀត។

រាល់ពេលសម្រាកញ៉ាំអាហារថ្ងៃត្រង់ អ្នកស្រី Zou តែងតែចំណាយពេល លេងហ្គេមជាមួយកូនប្រុស ដើម្បីធ្វើយ៉ាងណា ជួយបង្កើនសមត្ថភាពខួរក្បាលរបស់គេ។ សូម្បីតែពេលញ៉ាំអាហារ អ្នកស្រី Zou តែងបង្ហាត់បង្រៀនកូនប្រុស ពីរបៀបចាប់កាន់ចង្កឹះញ៉ាំ ដើម្បីឲ្យងាយស្រួលសម្រាប់គេ និងមានការរឹងប៉ឹងដូចក្មេងឯទៀត។

នៅទីបំផុត ការជម្នះតស៊ូកន្លងមក បានធ្វើឲ្យ Ding យកឈ្នះភាពពិការបានជាច្រើន។ ជាក់ស្តែង នៅក្នុងឆ្នាំ២០១១ លោក Ding Zheng បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ ពីខាងសាកលវិទ្យាល័យ Peking University ផ្នែកវិទ្យាសាស្រ្តបរិស្ថាន និងវិស្វកម្ម។

ក្រោយមក Ding ក៏បានបន្តចូលរៀនថ្នាក់អនុបណ្ឌិត នៅសាកលវិទ្យាល័យ International Law School ។ ក្រោយមកទៀត Ding ក៏បានធ្វើការងារមួយ បានរយៈពេល២ឆ្នាំ ដើម្បីជួយសម្រួលបន្ទុកដល់ម្តាយរបស់គាត់។

ដោយសារមានការលើកទឹកចិត្តពីម្តាយ ដែលចង់ឃើញកូនប្រុសរបស់ខ្លួន បានសិក្សាបន្តនៅសាលាល្បី Harvard របស់សហរដ្ឋអាមេរិក ទីបំផុត Ding គោរពតាមការសម្រេចចិត្តរបស់ម្តាយគេ ដាក់ពាក្យចូលរៀននៅទីនោះបានដោយជោគជ័យ។

ជាចុងក្រោយ លោក Ding បាននិយាថា «ខ្ញុំមិនដែលគិតថាហ៊ានដាក់ពាក្យចូលរៀននៅ សាលា Harvard ទេ ប៉ុន្តែម៉ាក់របស់ខ្ញុំ គាត់បានជំរុញលើកទឹកចិត្តខ្ញុំ ត្រូវតែសាកល្បងជម្នះលើរឿងនេះ។ ជាពិសេស នៅពេលដែលខ្ញុំមានអារម្មណ៍ថា ស្ទាក់ស្ទើរក្នុងចិត្ត ម៉ាក់ខ្ញុំតែងតែចង្អុលបង្ហាញណែនាំខ្ញុំជានិច្ច»

តើសម្រាប់ប្រិយមិត្តវិញយល់យ៉ាងណាដែរ? 

ប្រភព៖ Shanghaiist

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]