អេស្ប៉ាញ៖ ពានរង្វាន់លីកកំពូលអេស្ប៉ាញ La Liga រដូវកាល ២០១៦-២០១៧ ជិតបានរកឃើញម្ចាស់ជើងឯកហើយ គឺ Real Madrid ក្រោយពីបានលុត Celta Vigo ក្រៅដីក្នុងលទ្ធផល ៤-១ ឡើងឈរលើកំពូលតារាង នៅពីលើក្លិប Barcelona ៣ពិន្ទុវិញ។

ការប្រកួតចាប់ផ្តើមដោយ ក្រុមភ្ញៀវ Real Madrid ជាអ្នកនាំមុខមុននៅតង់ទីមួយ ក្នុងលទ្ធផល ២-០ ដោយខ្សែប្រយុទ្ធឆ្នើម Cristiano Ronaldo ជាអ្នកស៊ុតទាំង២គ្រាប់។

គួរបញ្ជាក់ផងដែរថា ២គ្រាប់របស់ Ronaldo យប់មិញនេះ បានធ្វើឲ្យខ្សែប្រយុទ្ធវ័យ៣២ឆ្នាំរូបនេះ បំបែកកំណត់ត្រារបស់អតីតកីឡាករជើងចាស់ Jimmy Greaves បានន័យថា ពេលនេះ Ronaldo គឺជាកីឡាករដែលស៊ុតបញ្ចូលទីច្រើនជាងគេ ក្នុងលីកកំពូលទាំង៥ នៅតំបន់អឺរ៉ុប។ 

ចូលដល់តង់ទីពីរ លទ្ធផលមានការប្រែប្រួលបន្ថែមទៀត គឺនៅនាទី៦៩ ក្រុមម្ចាស់ផ្ទះ បានវាយបកមួយគ្រាប់វិញ ដោយកីឡាករ John Guidetti។

បើទោះជាយ៉ាងណាក៏ដោយ ការព្យាយាមសម្រុករបស់ក្រុមម្ចាស់ផ្ទះ ដើប្បីស្វែងរកគ្រាប់បាល់បន្ថែម គឺមិនបានសម្រេចនោះទេ ហើយថែមទាំង កីឡាករម្នាក់ទទួលបានកាតក្រហមទៀតផង គឺខ្សែប្រយុទ្ធ Iago Aspas។

ដោយឡែក Real Madrid វិញ បានស៊ុតបន្ថែម២គ្រាប់ទៀត ដោយកីឡាករ Benzema និង Toni Kroos ធ្វើឲ្យចប់ការប្រកួត Real Madrid បានយកឈ្នះ Celta Vigo ក្នុងលទ្ធផល ៤-១។

ដូច្នេះ Real Madrid បានឡើងទៅឈរលើកំពូលតារាង La Liga វិញហើយ វ៉ាដាច់ Barcelona ៣ពិន្ទុ ខណៈការប្រកួតបញ្ចប់លីក នឹងប្រព្រឹត្តឡើងក្នុងសប្តាហ៍នេះ។ បន្ថែមពីនេះទៀត Real Madrid បើទោះជាស្មើក្នុងប្រកួតក្រោយ ក៏ពួកគេក្លាយជាជើងឯកដែរ៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]