(ភ្នំពេញ)៖ កីឡាគុនល្បុក្កតោ ត្រូវបានក្រសួងអប់រំ យុវជន និងកីឡា សម្រេចដាក់បញ្ចូលក្នុងកម្មវិធីសិក្សាអប់រំកាយកម្រិតមធ្យមសិក្សាបឋមភូមិ (ថ្នាក់ទី៧-៩) ជាផ្លូវការហើយ។ នេះបើតាមការឲ្យដឹងពីលោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) និងជាប្រធានសហព័ន្ធកីឡាល្បុក្កតោកម្ពុជា នារសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៧។

លោក វ៉ាត់ ចំរើន បានថ្លែងតាមរយៈសារអេឡិចត្រូនិកថា ការសម្រេចបញ្ចូលគុនល្បុក្កតោក្នុងកម្មវិធីអប់រំកាយនេះ គឺបញ្ចូលក្បាច់ និងស្នៀតមូលដ្ឋាន បូករួមទាំងទ្រឹស្ដីទាក់ទងនឹងប្រវត្តិសាស្ដ្រមួយចំនួន ឲ្យសិស្សានុសិស្សបានសិក្សាស្វែងយល់ ដើម្បីរួមចំណែកអភិរក្ស និងអភិវឌ្ឍន៍ព្រលឹងក្បាច់គុន ដែលជាវប្បធម៌ខ្មែរនេះឲ្យកាន់តែរីកចម្រើន។ យ៉ាងណាមិញការអនុវត្តសៀវភៅអប់រំកាយ ដែលមានវត្តមានគុនល្បុក្កតោនេះ នៅមិនទាន់កំណត់កាលបរិច្ឆេទច្បាស់លាស់នោះទេ គឺរង់ចាំការរៀបចំគ្រូបង្គោលរៀបរយសិន។

ប្រធានសហព័ន្ធរូបនេះបន្ដថា «ចំពោះគោលបំណងនៃការដាក់បញ្ចូលក្បាច់គុនល្បុក្កតោទៅក្នុងកម្មវិធីសិក្សានេះ គឺដើម្បីបញ្ជ្រៀបឲ្យសិស្សានុសិស្សស្គាល់ និងចូលរួមថែរក្សា អភិរក្ស ឲ្យដឹងថា នេះគឺជាក្បាច់គុនវប្បធម៌ជាតិ ជាអត្តសញ្ញាណរបស់ជាតិ និងជាដួងព្រលឹងរបស់ជាតិ ដែលជាផ្នែកមួយអប់រំពួកគេឲ្យចេះស្រឡាញ់ជាតិ ស្រឡាញ់ទឹកដី ស្រឡាញ់ប្រជាពលរដ្ឋខ្មែរ ស្រឡាញ់បុព្វបុរសខ្មែរ ដែលបានកសាងអង្គរ និងប្រើប្រាស់ក្បាច់គុនល្បុក្កតោការពារទឹកដីឲ្យនៅគង់វង្សរហូតបច្ចុប្បន្ននេះដែរ»

សម្រាប់អត្ថប្រយោជន៍លើការសិក្សាមុខវិជ្ជាក្បាច់គុនល្បុក្កតោនេះវិញ គឺធ្វើឲ្យសិស្សានុសិស្សមានសុខភាពល្អ និងមានអារម្មណ៍ជ្រះថ្លា ហើយធ្វើឲ្យក្បាច់គុននេះ ក្លាយជាឧបករណ៍មួយដ៏សំខាន់ ក្នុងការអប់រំចិត្ត និងស្មារតីកាន់តែរឹងមាំ ដើម្បីបង្កើនបញ្ញាក្នុងការសិក្សារបស់ពួកគេផងដែរ។ នេះជាការបញ្ជាក់បន្ថែមរបស់លោក វ៉ាត់ ចំរើន។

ប្រភព៖ Khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]