អេស្ប៉ាញ៖ តារាឆ្នើមជម្រើសជាតិកូឡុំប៊ី James Rodriguez នឹងផ្ទេរទៅកាន់ក្លិបបិសាចក្រហម Manchester United នៅរដូវកាលក្រោយនេះ ហើយចំពោះការប្រកាសជាផ្លូវការ ក្រុមអធិរាជស Real Madrid នឹងប្រកាសក្រោយបញ្ចប់ការប្រកួតវគ្គផ្ដាច់ព្រ័ត Champions League ទល់នឹង Juventus ។

ខែ្សបម្រើប្រយុទ្ធរបស់ Real Madrid រូបនេះ មិនសូវជាកាក់កបប៉ុន្មានទេ ក្រោយផ្ទេរពីក្លិប Monaco បន្ទាប់ពីបញ្ចប់យុទ្ធនាការ World Cup ឆ្នាំ២០១៤ ពោលគឺរូបគេមិនសូវជាប់ជម្រើសដំបូងឡើយ ដែលធើ្វឲ្យរូបគេ ក៏ដូចជាក្លិបចង់លក់រូបគេចេញ។

ក្លិបបិសាចក្រហម Manchester United បានរៀបចំកន្លែងដល់ល្អសម្រាប់រូបគេក្នុងការបញ្ចេញសមត្ថភាព ក៏ដូចជាទេពកោសល្យ ខណៈដែលអ្នកចាត់ការសញ្ជាតិព័រទុហ្គាល់ លោក Jose Mourinho នឹងចាប់ផ្ដើមពង្រឹងក្រុមសាជាថ្មីដើម្បីធើ្វការប្រជែងពានរង្វាន់ Premier League នារដូវកាលក្រោយ។

បើយោងតាមសារព័ត៌មាន AS របស់អេស្ប៉ាញបានរាយការណ៍ថា កីឡាករវ័យ២៥ឆ្នាំនេះ បានយល់ព្រមល័ក្ខខណ្ឌមួយចំនួនហើយ ប៉ុន្ដែក្លិបពុំទាន់សម្រេចប្រកាសជាផ្លូវការនោះទេ គឺរង់ចាំក្រោយប្រកួតទល់នឹង Juventus ក្នុងវគ្គផ្ដាច់ព្រ័ត Champions League នៅថៃ្ងទី៣ ខែមិថុនា ខាងមុខនេះហើយសិន ទើបប្រកាសពីការចាកចេញរបស់កីឡាករជម្រើសជាតិកូឡុំប៊ី។

តាមសេចក្ដីរាយការណ៍ផ្សេងទៀតបានឲ្យដឹងថា Manchester United នឹងត្រូវចំណាយទឹកប្រាក់ចំនួន៦៥លានផោន (៨៤លានដុល្លារ) សម្រាប់ស្វាគមន៍អតីតកីឡាកររបស់ Porto និង Monaco។

ក្រោមការដឹកនាំរបស់អ្នកចាត់ការសញ្ជាតិបារាំងលោក Zinedine Zidane, Rodriguez ជាប់ជម្រើសដំបូងបានត្រឹម១៣ប្រកួតប៉ុណ្ណោះ ក្នុងការប្រកួតលីកកំពូលអេស្ប៉ាញ La Liga ក្នុងរដូវកាលនេះ ខណៈដែលការប្រកួតដែល Real Madrid យកឈ្នះ Sevilla ៤-១ កាលពីសបា្ដហ៍មុន អាចជាការប្រកួតចុងក្រោយរបស់គេក៏ថាបាន៕

ប្រភព៖ Dailymail

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]