អេស្ប៉ាញ៖ ទីបំផុតអ្នកចាំទីដៃទីមួយរបស់ក្លិប Barcelona កីឡាករ Ter Stegan បានរៀបអាពាហ៍ពិពាហ៍ហើយ ជាមួយនឹងមិត្តស្រីរបស់ខ្លួន អ្នកនាង Daniela Jehle នៅក្នុងទីក្រុង Barcelona ប្រទេសអេស្ប៉ាញ។

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ពិធីអាពាហ៍ពិពាហ៍របស់អ្នកចាំទីសញ្ជាតិអាល្លឺម៉ង់ និងមិត្តស្រីរបស់ខ្លួន មិនបានរៀបចំជាកម្មវិធីធំដុំអ្វីនោះទេ ខណៈ នាង Jehle ដែលជាភរិយាថ្មីថ្មោង បានបង្ហោះរូបផ្អែមល្អែមជាច្រើនជាមួយអ្នកចាំទីរូបនេះ នៅក្នុងបណ្តាញសង្គមរូបភាព Instagram។

អ្នកចាំទីដៃមួយរបស់ Barcelona រូបនេះ បានចាប់ផ្តើមស្រលាញ់គ្នាជាមួយមិត្តស្រី នាង Jehle តាំងពីឆ្នាំ២០១២មកម្ល៉េះ ដោយកាលនោះ កីឡាកររូបនេះលេងនៅក្លិបរបស់អាល្លឺម៉ង់ Monchengladbach។ រហូតដល់ឆ្នាំ២០១៤ Ter Stegan និងមិត្តស្រី ក៏បានផ្លាស់មករស់នៅទឹកដីប្រទេសអេស្ប៉ាញវិញ ដោយសារអ្នកចាំទីរូបនេះត្រូវចូលរួមលេងឲ្យក្លិប Barcelona ។

គួរឲ្យដឹងថា អ្នកចាំទី Ter Stegan បន្ទាប់ពីបានប្រារព្ធពិធីមង្គលការរួច កីឡាកររូបនេះ នៅមានភារកិច្ចដ៏ធំមួយទៀតជាមួយក្លិប Barcelona ដែលបច្ចុប្បន្នកំពុងប្រជែងគ្នាយ៉ាងតានតឹង ជាមួយ Real Madrid ដើម្បីយកជើងឯកពានរង្វាន់លីកកំពូលអេស្ប៉ាញ La Liga រដូវកាល ២០១៦-២០១៧៕ 

ប្រភព៖ Dailymail

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]