រាជធានីភ្នំពេញ ៖ រហូតមកដល់ពេលនេះតារាសម្តែងអ្នកនាងស្វែង សុជាតា នៅមិនទាន់ធូរស្រាលមួយរយភាគរយនៅឡើយទេ ក្រោយពីនាងរងការវាយដំពីស្វាមីវ័យក្មេងរបស់ខ្លួន ។
បញ្ហាសុខភាពនេះត្រូវអ្នកនាងស្វែង សុជាតា ឱ្យដឹងកាលពីពេល ថ្មីៗកន្លងមកថា នាងមិនដឹងអាចវិលទៅសម្តែងវិញនៅពេលណាឡើយ ខណៈស្លាកស្នាមនៃការវាយដំរូបនាងនៅឈឺចាប់នៅឡើយ ។
អ្នកនាងស្វែង សុជាតា ឲ្យដឹងថា រហូតមកដល់ពេលនេះភ្នែកខាងឆ្វេងរបស់នាងដែលរងការវាយដំនោះនៅមានអាការចុកចាប់នៅឡើយ នៅពេលត្រូវកម្តៅថ្ងៃ ។ ដោយសារតែបញ្ហានេះនាងអាចនឹងស្វែងរកគ្រូពេទ្យណាមួយនៅក្នុងស្រុកដើម្បីព្យាបាល ហើយប្រសិនបើអាការបានធូរស្បើយហើយនោះ នាងនឹងចូលរួមសម្តែងជាថ្មីវិញ ។
បើតាមអ្នកនាងស្វែង សុជាតា អាការជំងឺរបស់នាងមិនដឹងប្រើពេលវេលាយូរប៉ុនណាទេសម្រាប់ព្យាបាល ហេតុនេះនាងមិនអាចកំណត់ពេលចូលរួមសម្តែងនៅពេលណាដែរ ។
ស្វែង សុជាតា បានថ្លែងអំណរគុណដល់ប្រិយមិត្តអ្នកគាំទ្ររបស់នាងទាំងអស់ដែលតែងតែព្រួយបារម្ភ និងសាកសួរសុខទុក្ខរូបនាងជាបន្តបន្ទាប់។ ទន្ទឹមនេះថ្លែងអំណរគុណមូលនិធិសមាគមមិត្តសិល្បៈស្ម័គ្រជួយសង្គមរបស់អ្នកនាងចន ច័ន្ទលក្ខិណា ដែលជួយរូបនាងក្នុងពេលនាងជួបទុក្ខលំបាក ។
តារាសម្តែងអ្នកនាងស្វែង សុជាតារងការវាយដំពីស្វាមីវ័យក្មេង និងជាគ្រូផ្សំឱសថបុរាណលោកថោង សុខុម វ័យ២៥ឆ្នាំ កាលពីពេលកន្លងមក ។ នាងរងរបួសខៀវភ្នែក និងបែកថ្គាម ដែលអំពើហិង្សានេះបង្កឱ្យមានការភ្ញាក់ផ្អើលខ្លាំងពីអ្នកជិតខាងនៅក្រុងតាខ្មៅ។ ស្វាមីរបស់នាងបានរត់គេចខ្លួនបាត់ស្រមោលក្រោយពីប្រើហិង្សានោះរួចមក ។
ស្វាមីរបស់អ្នកនាងស្វែង សុជាតា ត្រូវគេអះអាងថា លួចលាក់មានស្រីក្មេង និងបានយកលុយដែលរកបានទៅចិញ្ចឹមស្រីម្នាក់នោះ ហើយតែងតែប្រើអំពើហិង្សាជាញឹកញាប់លើអ្នកនាងសុជាតា។
បើតាមការអះអាងរបស់អ្នកនាងស្វែង សុជាតាថាវាមិនមែនជាលើកទី១ទេ ដែលនាងរងអំពើហិង្សាពីប្ដីក្មេង តែមិនបានដាក់ពាក្យប្តឹងទេ ដោយចង់ទុកឱកាសឲ្យប្តីកែខ្លួន គឺគ្រាន់តែឱ្យធ្វើកិច្ចសន្យាបញ្ឈប់ការប្រើហិង្សាប៉ុណ្ណោះ ។ មិនបានប៉ុន្មានថ្ងៃផងនាងក៏ទទួលរងអំពើហិង្សាទៀតបណ្តាលឱ្យរបួសធ្ងន់ ៕
ប្រភព៖ កោះសន្តិភាព
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]