(ភ្នំពេញ)៖ ដោយក្តីអាណិតអាសូរ តារាសម្តែងស្រីរាងតូចច្រឡឹង មានសកម្មភាពលេចធ្លោលើការងារមនុស្សធម៌ កញ្ញា ហង្ស ម៉ារីនី មុននេះបន្តិច បានចេញមុខប្រកាសអំពាវនាវ ជាសាធារណៈ នៅលើបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួន ដើម្បីស្វែងរកថវិកា ជួយឧបត្ថម្ភដល់អតីតតារាកំប្លែង និងធ្លាប់ត្រូវជាភរិយានាយ ហុង ដា គឺអ្នកនាង ឃ្មឹប ពីសប្បុរសជន បន្ទាប់ពីទទួលបានដំណឹង នៃការធ្លាក់ខ្លួនក្រលំបាករបស់នាង អំឡុងពេលធ្វើដំណើរមកមើលកូនប្រុស ដែលត្រូវចាប់ខ្លួនលើករណីឃាតកម្មសម្លាប់ម្តាយចុង។

បើផ្អែកតាមតារាស្រីកញ្ញា ហង្ស ម៉ារីនី បានសរសេរបង្ហោះភ្ជាប់ ជាមួយរូបភាព និងបង្ហាញពីអារម្មណ៍អាណិតថា «បន្ទាប់ពីទទួលបានដំណឹង នៃការធ្លាក់ខ្លួនរបស់អ្នកនាង ឃ្មឹប ខ្ញុំមានបំណងយកថវិកាបន្តិចបន្តួចជូនបងស្រី ឃ្មឹប ដែលជាអតីតប្រពន្ធរបស់បងប្រុស ហុងដា នាល្ងាចនេះហើយ បើសិនមានបងប្អូនណា ចង់ចូលរួមជួយគាត់ទេ អាចទំនាក់ទំនងលេខ ០៧៦ ៨៨៨៨ ៨៧៣ , ០១០ ៦៧៨ ៥០១ បាន»។

តារាស្រីកញ្ញា ហង្ស ម៉ារីនី បានបន្ថែមថា «ពេលនេះគាត់ (ឃ្មឹប) កំពុងធ្លាក់ខ្លួនខ្លាំងណាស់ គាត់ពិតជាពិបាកណាស់ សូមជួយគាត់ផងទៅ។ បើអាចសូមជួយគាត់ម្នាក់បន្តិចម្នាក់បន្តិចផង មើលសភាពគាត់ពេលនេះ គឺវេទនាខ្លាំងណាស់ Help share ម្នាក់១ផងណា ក្រែងមានបងប្អូនយើងគាត់ឃើញច្រើន ហើយចូលរួមជួយគាត់បានកាន់តែច្រើន!»។

សូមបញ្ជាក់ថា អតីតតារាកំប្លែង ធ្លាប់មានឈ្មោះល្បីអ្នកនាង ឃ្មឹប ក្រោយពីលែងលះជាមួយ តារាកំប្លែងនាយ ហុង ដា រួចមក រូបនាងបានទៅរស់ជាមួយឪពុកម្ដាយ នៅឯខេត្តបន្ទាយមានជ័យ និងបានយកប្ដីមួយទៀត។ ប៉ុន្តែដោយសារតែរស់នៅមិនចុះសម្រុងនឹងគ្នា ទើបបែកគ្នាជាថ្មីទៀត ដោយបន្សល់ទុកនូវកូនម្នាក់ផងដែរ។ ជីវភាពរបស់ អ្នកនាង ឃ្មឹប គឺគ្មានអ្វីក្រៅពីធ្វើស្រែចម្ការ ដើម្បីចិញ្ចឹមជីវិតប៉ុណ្ណោះ ហើយការបង្ហាញខ្លួននៅពេលនេះ ធ្វើឲ្យមហាជនស្រឡាំងកាំងគ្រប់ៗគ្នា ព្រោះមិននឹកស្មានថា តារាសម្ដែង និងកំប្លែងធ្លាប់មានឈ្មោះល្បី មានគេទទួលស្គាល់ពីទេពកោសល្យគ្រប់គ្នា មិនគួរធ្លាក់ខ្លួនដុនដាប ស្ទើរនឹកស្មានមិនដល់ បែបនេះឡើយ៕

ប្រភព៖ Khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]