នេះជារឿងពិតរបស់អ្នកម្តាយម្នាក់ ដែលតែងស្រមៃចង់ក្លាយជាអ្នកផាត់មុខល្បី...!

ធ្វើជាភរិយា និងម្តាយគេមិនមែនជារឿងងាយស្រួលនោះទេ! ខ្ញុំជឿថាស្រ្តីគ្រប់រូបដែលរៀបការរួច ប្រាកដជាយល់ពីអារម្មណ៍មួយនេះច្បាស់ណាស់! ខ្ញុំបានរៀបការជាមួយបងសិទ្ធិ ៥ ឆ្នាំហើយ។

ចំណងអាពាហ៍ពិពាហ៍របស់ពួកយើងបានបន្សល់នូវកូនៗ ២ នាក់ដ៏គួរអោយស្រលាញ់។ បងសិទ្ធិ គឺជាកូនប្រុសពៅក្នុងគ្រួសារ ហើយខ្ញុំគឺជាកូនប្រសារស្រីតែម្នាក់គត់ក្នុងផ្ទះ។ ក្តីស្រលាញ់បានប្រាប់អោយខ្ញុំ ព្រមលះបង់គ្រប់យ៉ាងដើម្បីសុភមង្គលគ្រួសារ។ ខ្ញុំបានចំណាយពេលស្ទើរតែទាំងស្រុង លើការងារជាមេផ្ទះតាំងពីព្រឹកទល់យប់។ ការងារមួយរយជំពូកក្នុងផ្ទះ បានធ្វើអោយខ្ញុំភ្លេចសូម្បីតែមើលថែខ្លួនឯងអោយបានល្អ។ ពេលខ្លះខ្ញុំរៀបចំខ្លួនមិនបានសមរម្យទាំងមុខមាត់ និងសម្លៀកបំពាក់ ព្រោះតែគ្មានពេលក្នុងការផ្លាស់សម្លៀកបំពាក់ចុះឡើង។ ពេលខ្លះខ្ញុំត្រូវចេញទៅផ្សារទិញម្ហូប ពេលខ្លះត្រូវនៅផ្ទះដាំស្ល បោសជូតផ្ទះ និងបោកគក់សម្លៀកបំពាក់សព្វគ្រប់បែបយ៉ាង។ ទោះបីយ៉ាងណា ខ្ញុំនៅតែមានក្តីស្រមៃចង់ក្លាយជាអ្នកផាត់មុខដ៏ល្បីមួយរូប។

តាមពិត បងសិទ្ធិមិនគាំទ្រក្តីស្រមៃរបស់ខ្ញុំនោះទេ ព្រោះគាត់គិតថាជារឿងអត់ប្រយោជន៍។ ពេលខ្លះយើងត្រូវឈ្លោះប្រកែកគ្នា ព្រោះតែខ្ញុំរវល់ផាត់មុនភ្លេចខ្លួន មិនបានមើលថែកូនអោយបានល្អ។ ប៉ុន្តែ ខ្ញុំពិតជាមិនចង់ក្លាយខ្លួនត្រឹមជាស្រ្តីមេផ្ទះអស់មួយជីវិតនោះទេ។ ខ្ញុំចង់់អោយគ្រប់គ្នាយល់ថា ខ្ញុំក៏មានក្តីស្រមៃរបស់ខ្ញុំដែរ។ គ្រប់ពេលដែលអស់សង្ឃឹមម្តងៗ ខ្ញុំស្ទើរតែសម្រេចចិត្តបោះបង់ចោលក្តីស្រមៃនោះ និងប្រាប់ខ្លួនឯងថា «វីនអើយឯងមិនបាច់ស្រមៃចង់ក្លាយជាអ្នកផាត់មុខល្បីស្អីនោះទេ។ មនុស្សដូចជាឯងនេះ បានត្រឹមតែធ្វើជាស្រីមេផ្ទះបែបនេះអស់មួយជីវិតហ្នឹងឯង។» ប៉ុន្តែខ្ញុំនឹកស្មានមិនដល់ទេថា នៅពេលដែលខ្ញុំពិបាកចិត្តខ្លាំង ម៉ាក់ក្មេករបស់ខ្ញុំបែរជាមនុស្សតែម្នាក់ដែលយល់ពីអារម្មណ៍ខ្ញុំ។

ពេលដែលខ្ញុំអង្គុយយំខឹងនឹងខ្លួនឯង ម៉ាក់បានប្រាប់ខ្ញុំថា «ម៉ាក់ជឿថាកូនអាចធ្វើបាន! កូនប្រសាររបស់ម៉ាក់ជាមនុស្សស្រីពូកែនិងឆ្លាត! ទោះជាកូនសិទ្ធិមិនគាំទ្រកូន តែក៏មានម៉ាក់ដែលគាំទ្រកូនដែរ!» ក្រៅពីសម្តីលើកទឹកចិត្ត ម៉ាក់បានអោយក្រដាសពាក់ព័ន្ធនឹងកម្មវិធីប្រកួតជ្រើសរើសអ្នកផាត់មុខឆ្នើមប្រចាំឆ្នាំអោយខ្ញុំ និងសម្ភារៈចាំបាច់មួយចំនួនទៀតដែលខ្ញុំត្រូវការ ជាពិសេសគឺសម្លៀកបំពាក់ថ្មីៗស្អាតៗទាន់សម័យ។ ខ្ញុំហាក់ដូចជាផ្កាដែលស្រពោន តែត្រូវបានគេស្រោចទឹកឡើងវិញ! ចាប់ពីថ្ងៃនោះមក ខ្ញុំអាច ញញឹមបានវិញ ព្រោះខ្ញុំដឹងថាយ៉ាងហោចណាស់ នៅមានអ្នកដែលចាំមើលខ្ញុំជោគជ័យ! ខ្ញុំចាប់ផ្តើមយកចិត្តទុកដាក់ក្នុងការរៀនផាត់មុខដើម្បីចូលរួមប្រកួត តែខ្ញុំក៏មិនបានភ្លេចកាតព្វកិច្ចជាភរិយានិងម្តាយរបស់កូនៗខ្ញុំដែរ។ ខ្ញុំបានប្រើប្រាស់ពេលវេលាអោយមានតម្លៃជាងមុន តាមរយៈការកាត់បន្ថយភាពស្មុគស្មាញក្នុងការផ្លាស់ប្តូរសម្លៀកបំពាក់ច្រើនដងក្នុងមួយថ្ងៃៗ។ ខ្ញុំជ្រើសរើសសម្លៀកបំពាក់ដែលមានម៉ូដស្រស់ស្អាត អាចពាក់បានទាំងនៅផ្ទះនិងចេញទៅក្រៅផ្ទះ ដើម្បីសន្សំពេលវេលា។

ទីបំផុត ថ្ងៃដែលខ្ញុំទន្ទឹងរង់ចាំក៏បានមកដល់។ ខ្ញុំបានប្រញាប់ធ្វើការផ្ទះអោយរួចរាល់ រួចជិះ តាក់ស៊ី ទៅកន្លែងប្រកួតជ្រើសរើសអ្នកផាត់មុខឆ្នើម នៅអគារកោះពេជ្រទាំងប្រញាប់ប្រញាល់។ ចៃដន្យផ្លូវស្ទះខ្លាំងពេក ខ្ញុំត្រូវបង្ខំចិត្តចុះពីតាក់ស៊ីដើរទៅបន្តព្រោះខ្លាចមិនទាន់ម៉ោង។

គ្រាន់តែទៅដល់វេទិការភ្លាម អារម្មណ៍ខ្ញុំរំភើបផងភ័យផង ព្រោះឃើញមានបេក្ខនារីស្អាតៗជាច្រើន ដែលកំពុងរង់ចាំប្រកួតដូចគ្នា។ ពេលនោះខ្ញុំប្រញាប់លូកដៃយករ៉ូប ដែលខ្ញុំបានត្រៀមទុកសម្រាប់ពាក់ឡើងលើវេទិកាមកផ្លាស់ ក៏ប៉ុន្តែនរណាទៅដឹងថា បែរជាបាត់រ៉ូបពីក្នុងថង់នោះទៅវិញ។ ខ្ញុំញ័រដៃទទ្រើកទាំងញាប់ញ័រ ព្រោះដល់ពេលវេលាទៅហើយបែរជាបាត់រ៉ូបសម្រាប់ពាក់ឡើងលើវេទិកាទៅវិញ។ តើខ្ញុំពិតជាគ្មានឱកាសសម្រេចក្តីស្រមៃនេះបានពិតមែនប្ញ? ខ្ញុំខាំមាត់សម្រក់ទឹកភ្នែកបន្ទោសខ្លួនឯងទាំងឈឺចាប់។

ពេលនោះ ខ្ញុំស្រាប់តែនឹកឃើញដល់សម្តីម៉ាក់ក្មេករបស់ខ្ញុំដែលធ្លាប់ប្រាប់ខ្ញុំថា «ម៉ាក់ជឿថាកូនជាមនុស្សឆ្លាត! កូនពិតជាចេះបត់បែនតាមកាលៈទេសៈ»។ សម្តីម៉ាក់ស្រាប់តែដាស់ស្មារតីខ្ញុំអោយត្រលប់មកវិញ។ មែនហើយ ខ្ញុំមិនគួរចុះចាញ់នៅពេលនេះទេ។ គ្មានជោគជ័យណា ដែលកើតឡើងពីភាពល្អឥតខ្ចោះនោះទេ។ ខ្ញុំត្រូវបង្ហាញអោយគ្រប់គ្នាឃើញថាខ្ញុំពិតជាអាចធ្វើបាន។ ខ្ញុំឡើងឈរនៅលើវេទិកាជាមួយនឹងឈុតរូបផ្កា ដែលម៉ាក់ទិញអោយខ្ញុំ។ មិនថាថ្ងៃនេះខ្ញុំមានឱកាសអាចលើកពានក្នុងនាមជាអ្នកផាត់មុខឆ្នើមប្ញអត់ តែខ្ញុំនៅតែមានមោទនភាព ដែលទីបំផុតខ្ញុំអាចមានឱកាសចែករំលែកក្តីស្រមៃនៅលើវេទិកាមួយនេះ។ ទឹកភ្នែកខ្ញុំស្រក់ចុះ ពេលឈ្មោះរបស់ខ្ញុំត្រូវបានប្រកាសថាជាបានទទួលពានរង្វាន់ជាអ្នកផាត់មុខឆ្នើមប្រចាំឆ្នាំនេះ។ ខ្ញុំសួរខ្លួនឯងម្តងហើយម្តងទៀត «ពុទ្ធោអើយ! នេះជាការពិតមែនទេ? នេះមិនមែនជាយល់សប្តិទេមែនទេ? វីន ទីបំផុតក្តីស្រមៃរបស់ឯងបានក្លាយជាការពិតហើយ!» ខ្ញុំសម្លឹងមើលបងសិទ្ធិ ដែលនាំម៉ាក់ និងកូនៗមកគាំទ្រខ្ញុំនៅខាងមុខឆាក។

ទឹកភ្នែករបស់ខ្ញុំប្រជែងគ្នាធ្លាក់ដោយក្តីរំភើប! ទីបំផុត ថ្ងៃមួយនេះបានមកដល់ហើយ! ថ្ងៃដែលបងសិទ្ធិព្រមទទួលស្គាល់ក្តីស្រមៃរបស់ប្រពន្ធគាត់! វាមិនមែនជាក្តីស្រមៃដ៏អស្ចារ្យទេ ប៉ុន្តែវាជាក្តីស្រមៃដែលធ្វើអោយមនុស្សស្រីម្នាក់នេះញញឹមបានដោយមោទនភាព។

អរគុណម៉ាក់! អរគុណប្តីជាទីស្រលាញ់! អរគុណកូនៗ! ទីបំផុតម៉ាក់ធ្វើបានហើយ! សូមជឿជាក់លើក្តីស្រមៃរបស់អ្នក! ខ្ញុំជឿថាស្រ្តីគ្រប់គ្នាក៏អាចសម្រេចក្តីស្រមៃដូចជាខ្ញុំបានដែរ!

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]