(ភ្នំពេញ)៖ នៅវេលាម៉ោងប្រមាណ២៖២០នាទី រសៀលថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៧នេះ បន្ទាប់ពីបញ្ចប់ការសួរនាំលោកចៅក្រម លាង សំណាត់ អនុប្រធានតុលាការក្រុងភ្នំពេញ ​បានសម្រេច​ឃុំខ្លួនកូនប្រុសនាយ ហុង ដា និងសង្សាររបស់គេដាក់ពន្ធនាគារហើយ ពីបទសម្លាប់ម្តាយចុង។ ភ្នាក់ងារ Fresh News បានរាយការណ៍ថា នៅពេលនេះកម្លាំងអាវុធហត្ថកំពុងដឹកជនដៃដល់ និងសង្សាររបស់គេ ទៅកាន់ពន្ធនាគារហើយ។

កូនប្រុសនាយ ហុង ដា ឈ្មោះ ខា សុខេន ហៅនិត ភេទប្រុស អាយុ១៨ឆ្នាំ ត្រូវបាន ព្រះ​រាជ​អាជ្ញា​រង ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ លោក​ ស៊ិន​ វីរៈ​ ចោទ​ប្រកាន់​ពី​បទ​ «ឃាតកម្ម​គិត​ទុក​ជា​មុន»​ តាម​មាត្រា​២០០នៃ​ក្រម​ព្រហ្មទណ្ឌ​។​ រីឯ​សង្សារ​របស់គេឈ្មោះ នេត រស្មីកន្និកា ភេទស្រី អាយុ១៧ឆ្នាំ ត្រូវបានចោទប្រកាន់​ពី​បទ ​«សមគំនិត​ក្នុង​អំពើ​ឃាតកម្ម​គិត​ទុក​ជា​មុន»​ តាម​មាត្រា​២៩ និង​មាត្រា​២០០ នៃ​ក្រម​ព្រហ្មទណ្ឌ​។ បទល្មើស​នេះ​ អាចប្រឈមនឹងការដាក់​ពន្ធនាគារ​អស់​មួយ​ជីវិត​។

សូមបញ្ជាក់ថា ភរិយាវ័យក្មេងរបស់តារាកំប្លែងនាយ ហុង ដា ឈ្មោះ ស៊ឹម ចន្ធី ត្រូវបានឃាតកសម្លាប់នៅក្នុងខុនដូរបស់ខ្លួន បង្កឲ្យមានការភ្ញាក់ផ្អើលជាខ្លាំង កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៧។ ក្រោយឃាតកម្មនេះ សមត្ថកិច្ចបានស្រាវជ្រាវតាមរយៈវិដេអូកាមេរ៉ាសុវត្ថិភាព រហូតឈានដល់ការឃាត់ខ្លួនកូនប្រុសនាយ ហុង ដា និងសង្សារ​បស់គេតែម្តង នៅក្នុងខណ្ឌជ្រោយចង្វា នារសៀល ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៧។

បន្ទាប់ពីការឃាត់ខ្លួនជនសង្ស័យទាំងពីរនាក់នេះហើយនោះ, កូនប្រុសនាយ ​ហុង ដា បានសារភាពហើយថា រូបគេពិតជាបានសម្លាប់ម្តាយចុង វ័យក្មេងរបស់ខ្លួន ពិតប្រាកដមែន។ ជនសង្ស័យវ័យក្មេងរូបនេះ បានសារភាពថា ការសម្លាប់នេះ គឺដើម្បីប្លន់គ្រឿងអលង្ការ ដែលមានតម្លៃជិតមួយពាន់ដុល្លារ និងដើម្បីបន្សាបកំហឹង ដែលម្តាយចុងរបស់ខ្លួន តែងតែជេរប្រទេចទៅលើខ្លួនខ្លាំងពេក៕

ប្រភព៖ Fresh News

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ហុងដា