(ភ្នំពេញ)៖ ជុំវិញការអញ្ជើញកំពូលអ្នកប្រដាល់អាជីព Manny Pacquiao មកទស្សនកិច្ចផ្លូវការក្នុងប្រទេសកម្ពុជាជាថ្មី គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានផ្ញើលិខិតអញ្ជើញតាមរយៈស្ថានទូតហ្វីលីពីនប្រចាំនៅកម្ពុជារួចរាល់ហើយ ខណៈពេលនេះកម្ពុជា កំពុងរង់ចាំចម្លើយរបស់កំពូលអ្នកប្រដាល់ជើងខ្លាំងប្រចាំទ្វីបអាស៊ីខាងលើ។ នេះបើតាមការបញ្ជាក់របស់លោក វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC។

លោក វ៉ាត់ ចំរើន បានថ្លែងប្រាប់អ្នកសារព័ត៌មានជាថ្មី ជុំវិញព័ត៌មានដ៏គួរឲ្យចាប់អារម្មណ៍ខាងលើថា NOCC បានផ្ញើលិខិតទៅស្ថានទូតហ្វីលីពីនកាលពីដើមខែឧសភានេះ ដើម្បីអញ្ជើញលោក Manny Pacquiao មកចែករំលែកបទពិសោធន៍ និងបច្ចេកទេសដល់ក្រុមកីឡាប្រដាល់សកលកម្ពុជា។ ចំពោះកាលបរិច្ឆេទ គឺកម្ពុជាកំពុងរង់ចាំចម្លើយនៅឡើយ តែលោកអះអាងថា ដំណើរមកកាន់កម្ពុជាជាលើកទី២នេះ យ៉ាងហោចណាស់ក៏ Pacquiao ចំណាយពេល ១សប្ដាហ៍យ៉ាងតិចនៅកម្ពុជាដែរ។

សូមរំឮកថា កំពូលអ្នកប្រដាល់ហ្វីលីពីន Manny Pacquiao វ័យ៣៩ឆ្នាំ ធ្លាប់បានមកកម្ពុជាម្ដងរួចមកហើយ ដោយអមដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីហ្វីលីពីនលោក Rodrigo Duterte កាលពីថ្ងៃទី១៣-១៤ ខែធ្នូ ឆ្នាំ២០១៦កន្លងទៅ។ ឆ្លៀតក្នុងឱកាសនោះ លោកក៏បានជួបសម្ដែងការគួសម និងសំណេះសំណាលការងារជាមួយលោក ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាប្រធាន NOCC ហើយលោកថែមទាំងសន្យាមកកម្ពុជាជាថ្មី ដើម្បីជួយដល់វិស័យកីឡាប្រដាល់សកលកម្ពុជាថែមទៀតផង៕

ប្រភព៖ Khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]