អាមេរិក៖  ក្មេងប្រុសវ័យ១៤ឆ្នាំម្នាក់ ឯកទេសរូបវិទ្យា ត្រូវបានគេចាត់ទុកថា ជាមនុស្សដែលឆ្លាត និងមានវ័យក្មេងជាងគេបង្អស់មិនធ្លាប់មាន ដែលបានបញ្ចប់ការសិក្សា ថ្នាក់មហាវិទ្យាល័យដោយជោគជ័យ ពីសាកលវិទ្យាល័យ Texas Christian University ក្នុងរដ្ឋ Texas សហរដ្ឋអាមេរិក។

ក្មេងប្រុស Carson Huey-You មានអាយុ១៤ឆ្នាំ គឺជាសិស្សម្នាក់ក្នុងចំណោមសិស្សជាង ២ ០០០នាក់ផ្សេងទៀត  ដែលបានទទួលសញ្ញាបត្រថ្នាក់បរិញ្ញាបត្រ កាលពីថ្ងៃសៅរ៍សប្តាហ៍មុន  នៅសាលា Fort Worth ជាសាលាដែលរូបគេបានសិក្សាបន្ថែមភាសាចិន និងគណិតវិទ្យា។

ក្រៅពីការសម្រេចបានភាពជោគជ័យជាប្រវត្តិសាស្ត្រហើយនោះ រូបគេក៏កំពុងសម្លឹងរកមើលលទ្ធភាពណាមួយ ដើម្បីបន្តការសិក្សាថ្នាក់បណ្ឌិតក្នុងផ្នែកមេកានិច Quantum ថែមទៀតផង។ ថ្វីបើ Carson នៅក្មេងអាយុតិច ប៉ុន្តែគេមិនដែលគិតថាខ្លួនគេក្មេង ដូចដែលគ្រប់គ្នាគិតឡើយ។ គ្រប់គ្នាតែងតែហៅគេថា កំពូលក្មេងដ៏មានប្រាជ្ញា ឬកំពូលក្មេងឆ្លាតដ៏អស្ចារ្យ។

Carson និយាយថា គេគ្រាន់តែជាសិស្សធម្មតាម្នាក់ប៉ុណ្ណោះ ហើយសម្រាប់ភាពជោគជ័យដែលទទួលបាននេះ  វាគ្រាន់តែជាអ្វីៗដែលរូបគេ បានខិតខំសិក្សារៀនសូត្រកន្លងមក។  Carson ថា គេមិនមែនជាមនុស្សអស្ចារ្យអ្វីនោះឡើយ គេគ្រាន់តែជាសិស្សវ័យក្មេងម្នាក់ ដែលតស៊ូប្រឡូកជាមួយនឹងការសិក្សា ក្នុងកម្រិតថ្នាក់មហាវិទ្យាម្នាក់ប៉ុណ្ណោះ។

គួរឲ្យដឹងដែរថា Carson បានចូលរៀនបន្តនៅថ្នាក់មហាវិទ្យាល័យ នៅពេលដែលគេមានអាយុ១១ឆ្នាំ ក្រោយពីបានបញ្ចប់ការសិក្សាថ្នាក់វិទ្យាល័យ។ Carson បានឲ្យដឹងទៀតដែរថា ការសិក្សានៅមហាវិទ្យាល័យ គឺពិតជាមានការលំបាកច្រើន ជាងអ្វីដែលរូបគេបានរំពឹងទុក  ជាពិសេសគឺលើមុខវិទ្យា គីមីទូទៅ General Chemistry II, American Environment History និងមុខវិទ្យា Classical Mechanics ជាដើម។

ដោយសារតែ ភាពជោគជ័យរបស់ Carson នេះហើយ បានជំរុញចិត្តអ្នកស្រី Claretta Kimp ជាម្តាយ រំភើបចិត្តជំនួសកូនប្រុស ជាទីស្រលាញ់រូបនេះយ៉ាងខ្លាំង រហូតដល់ថ្នាក់ស្រក់ទឹកភ្នែក ក្នុងថ្ងៃដែល Carson ឡើងទទួលសញ្ញាបត្ររបស់គេ។

អ្នកស្រី Claretta Kimp និយាយថា រូបគាត់សង្ឃឹមយ៉ាងមុតមាំថា នៅពេលដែលកូនប្រុសរបស់គាត់ធំឡើង គេនឹងក្លាយជាបុគ្គលដ៏ល្អម្នាក់ មិនមែនជាមនុស្សអាត្មានិយមក្នុងសង្គមឡើយ។

លើសពីនេះ ក៏មានមហាជនជាច្រើន បានកោតសរសើរពីសមត្ថភាព ក្មេងប្រុសដ៏អស្ចារ្យរូបនេះ ដែលជាក្តីសង្ឃឹមនៃធនធានមនុស្សដ៏វ័យក្មេង នៅថ្ងៃអនាគត៕  

ប្រភព៖ Dailymail

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]