ភ្នំពេញ៖ កាលពីមុន បច្ចេកទេសពត់ធ្មេញ ត្រូវបានប្រើដើម្បីពត់តម្រង់ធ្មេញទាំងអស់ក្នុងមាត់ឲ្យរត់ត្រង់ជួរ។ លទ្ធផលដែលរំពឹងពីការពត់ធ្មេញឲ្យរត់ត្រង់ជួរនេះ បានជួយឲ្យធ្មេញបំពេញមុខងារទំពារបានត្រឹមត្រូវ និងអាចបញ្ចេញសម្លេងបានច្បាស់ល្អ។ មកដល់បច្ចុប្បន្ននេះ បច្ចេកទេសពត់ធ្មេញ បានបោះជំហ៊ានទៅមុខមួយកម្រិតទៀត ដែលធ្វើឲ្យអ្នកជំងឺទទួលបានលទ្ធផលលើសពីការរំពឹងទុក។ នោះគឺ ការផ្លាស់ប្ដូរទម្រង់មុខរបស់អ្នកជម្ងឺទាំងមូល។ ហេតុដូចនេះហើយ បានជាបច្ចេកទេសថ្មីចុងក្រោយ(ដែលប្រើបា្រស់នៅមន្ទីរព្យាបាលធ្មេញបស្ចឹម) គឺជាការពត់តម្រង់ធ្មេញដោយយោងទៅលើលក្ខណៈសមស្រប ស្រស់ស្អាតនៃទម្រង់មុខអ្នកជម្ងឺ (Face-Driven Orthodontic) ត្រូវបានយកមកអនុវត្ដយ៉ាងល្អិតល្អន់ សំរាប់ជាផែនការណ៍ព្យាបាលអ្នកជម្ងឺ។

តើអ្វីទៅជាការពត់តម្រង់ធ្មេញអាស្រ័យទៅលើលក្ខណៈសមស្របស្រស់ស្អាតនៃទម្រង់មុខរបស់អ្នកជម្ងឺ?

ការព្យាបាលពត់តម្រង់ធ្មេញដោយប្រើបច្ចេកទេសសាមញ្ញ គឺលទ្ធផលទទួលបានត្រឹមតែធ្វើឲ្យធ្មេញរត់ត្រង់ជួរប៉ុណ្ណោះ។ ការប្រើបច្ចេកទេសសាមញ្ញ អាចបណ្ដាលឲ្យមានផលអវិជ្ជមាន មានភាពមិនប្រក្រតីកើតទ្បើងទៅលើសោភណ្ឌនៃទម្រង់មុខរបស់អ្នកជម្ងឺ។ ឧទាហរណ៍៖ បើសិនជាករណីទាញធ្មេញមុខចូលទៅក្រោយខ្លាំងពេកបណ្ដាលឲ្យទម្រង់មុខរបស់អ្នកជម្ងឺមានសភាពក្រហិបចូលក្នុងនោះ នាំឲ្យបបូរមាត់ក្រហិបទៅតាមនោះដែរ។ ផ្ទុយទៅវិញបើបរាជ័យក្នុងការធ្វើផែនការណ៍ព្យាបាលដោយការទប់លំនឹងធ្មេញថ្គាមក្រោមនោះ ធ្វើឲ្យធ្មេញថ្គាមមានចលនាមកខាងមុខជាលទ្ធផលបណ្ដាលឲ្យមាត់របស់អ្នកជម្ងឺមានសភាពប៉ោងក្រពុងទ្បើងបន្ទាប់ពីព្យាបាលរួច។ មានករណីខ្លះទៀត ការព្យាបាលមិនបានគិតពីសភាពទម្រង់នៃស្នាមញញឹមរបស់អ្នកជម្ងឺឲ្យល្អិតល្អន់ ដែលបានបណ្ដាលឲ្យអ្នកជម្ងឺសើចចេញអញ្ចាញខ្លាំងបន្ទាប់ពីធ្វើការព្យាបាលរួច។

ហេតុផលដូចដែលបានលើកឡើងខាងលើនេះហើយ ដែលលោកអ្នកគួរជ្រើសរើសពត់ធ្មេញជាមួយអ្នកជំនាញ ជាជាងការស្វែងរកសេវាព្យាបាលធម្មតាដែលមិនអាចវាស់ស្ទង់ពីលទ្ធផលក្រោយការព្យាបាល។ ជាក់ស្តែងនៅមន្ទីរព្យាបាលធ្មេញបស្ចិមយើង មានការយកចិត្តទុកដាក់យ៉ាងល្អឥតខ្ចោះចំពោះដំណាក់កាលនីមួយៗ។ ចំពោះការរៀបចំផែនការណ៍ព្យាបាលដែលអាស្រ័យទៅលើទម្រង់មុខអ្នកជម្ងឺ គឺមានលក្ខណៈពិសេសត្រង់ថា ទម្រង់មុខអ្នកជម្ងឺ ស្នាមញញឹម និងមុខងារទំពារត្រូវបានយកមកធ្វើការវិនិច្ឆ័យយ៉ាងល្អិតល្អន់ជាកញ្ចប់តែម្ដង។ មានន័យថា ទាំងការដែលធ្វើឲ្យធ្មេញបំលាស់ទី និងទម្រង់មុខមានការផ្លាស់ប្ដូរ ត្រូវបានធ្វើឲ្យមានដំណើរការព្រមគ្នា។

ទី១៖ ផ្តោតទៅលើនិរន្ដន៏ភាពនៃលទ្ធផល

ការពត់ធ្មេញជាមួយនឹងអ្នកឯកទេស គឺជាការព្យាបាលដែលអាស្រ័យទៅលើទម្រង់មុខអ្នកជម្ងឺ គឺផ្ដោតជាសំខាន់ជាងនេះទៀតទៅលើភាពយូរអង្វែងនៃសមាមាត្រនៃផ្ទៃមុខទាំងមូល។ ជាជាងគិតតែអំពីសភាពលក្ខណៈនៃធ្មេញរបស់អ្នកជម្ងឺសំរាប់រយៈពេល ១ ឬ ២ឆ្នាំ។ យើងត្រូវគិតអំពីសោភណ្ឌភាពនៃផ្ទៃមុខរបស់អ្នកជម្ងឺសម្រាប់រយៈពេល ៣០ឆ្នាំ។

ទី២៖ វិធីសាស្រ្ដរួម

ការពត់តម្រង់ធ្មេញអាស្រ័យទៅលើទម្រង់មុខ មិនត្រឹមតែជាការព្យាបាលទៅលើរោគសញ្ញា (symptom) ដែលស្ដែងចេញមកតែប៉ុណ្ណោះទេ ប៉ុន្ដែវាជាការព្យាបាលទៅលើមូលហេតុ(cause) ដែលបង្កឲ្យមានបញ្ហាកំលាំងធ្មេញផងដែរ។ វិធីសាស្រ្ដនេះគឺផ្ដោតទៅលើទំនាក់ទំនងអស់រវាងចលនារបស់ធ្មេញ ឥរិយាបទ រឺទីតាំងរបស់មាត់ ព្រមទាំងភាពចុះសម្រុងគ្នានៃផ្ទៃមុខទាំងមូល។ ការយកចិត្តទុកដាក់លើកត្ដាទាំងបីខាងលើនេះ ធ្វើឲ្យយើងមិនត្រឹមតែទទួលបានលទ្ធផលល្អប្រសើរនោះទេ តែថែមទាំងទទួលបាននូវស្ថេរភាពនៃលទ្ធផលទាំងនោះផងដែរ៕ 

រៀបរៀងដោយ៖ អ្នកស្រីទន្ដបណ្ឌិត ជាង ម៉េងជូ

ទន្តបណ្ឌិតនៃមន្ទីរព្យាបាលធ្មេញបស្ចិម សាខាវិមានឯករាជ្យ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]