រាជធានី​ភ្នំពេញ ៖ លោក​អ្នក​បាន​ស្គាល់​រួច​មក​ហើយ​តារា​កំប្លែង​តឿ​ជា​ច្រើន​ដួង​ក្នុង​ពិភព​សិល្បៈ ។ កន្លង​មក​មាន​តារា​តឿ​មួយ​ចំនួន​បោះបង់​អាជីព នៅ​សល់​តែ​ប៉ុន្មាន​នាក់​ប៉ុណ្ណោះ ក្នុង​នោះ​មាន​នាយ​ក្រិន នាយ​ស៊ី វុ​ត្ថា និង​នាង​កន្ដុំ​អឺុត ។

នាយ​ក្រិន​លេង​កំប្លែង​ប្រចាំ​ក្រុម​នាយ​កុយ ចំណែក​នាង​កន្ដុំ​អឺុ​ត​បាត់​មុខ​ពី​អាជីព​សិល្បៈ​ប៉ុន្មាន​ខែ​មក​ហើយ​បន្ទាប់​ពី​រៀប​ការ ។ ចំពោះ​តារា​សម្ដែង​តូច​ល្អិត​នាយ​ស៊ី វុ​ត្ថា នៅ​សម្ដែង​ភាពយន្ដ​ជា​បន្ដបន្ទាប់ ។

ទោះបី​មាន​អាជីព​សិល្បៈ​ក្ដី តែ​តារា​តឿ​ទាំង​បី​ដួង​នៅ​តែ​ខ្វះខាត និង​ពឹង​អាស្រ័យ​លើ​ការងារ​ខាងក្រៅ ដើម្បី​ទ្រទ្រង់​ជីវិត​រស់នៅ​ឱ្យ​លូតលាស់​រឹង​មាំ ។

នាយ​ក្រិន បច្ចុប្បន្ន​មានកូន​៣​នាក់​ហើយ ។ ក្រៅពី​អាជីព​កំប្លែង នាយ​ក្រិន​ជា​ថៅកែ​ហាង​លក់​សាច់​អាំង​នៅ​តាម​បណ្ដោយ​ផ្លូវ​២០០៤ ។ កាលពី​ពេល ថ្មី​ៗ​កន្លង​មក នាយ​ក្រិន និយាយ​ថា «​ខ្ញុំ​មិន​អាច​ចាក​ចេញពី​អាជីព​កំប្លែង​បាន​ទេ ពិសេស​មិន​អាច​ឈប់​ពី​ក្រុម​ពូ​កុយ​បាន​ដែរ នេះ​ជាដើម​កំណើត​របស់ខ្ញុំ​ក្នុង​សិល្បៈ ។ ក្រៅពី​ជា​សមាជិក​ក្រុម​នាយ​កុយ ខ្ញុំ​បាន​ឆ្លៀត​បង្កើត​ក្រុម​កំប្លែង​ដែរ ដោយ​សម្ដែង​ជា​ប្រចាំ​នៅ​ទូរទស្សន៍​អា​ស៊ីអា​គ្នេ​ហ៍ ហើយ​សល់​ពី​នេះ​សម្ដែង​ជាមួយ​ក្រុម​នាយ​កុយ​នៅ​ទូរទស្សន៍​បាយ័ន និង​ស៊ីធី​អិន​» ។

នាយ​ក្រិន​ធ្លាប់​សម្ដែង​ភាពយន្ដ​ដែរ​ពី​មុន តែ​បាន​ផ្អាក​ប៉ុន្មាន​ឆ្នាំ​ហើយ ដោយ​មិន​មាន​ពេលវេលា​គ្រប់គ្រាន់ ។ បើ​មាន​ពេល នាយ​ក្រិន​សម្ដែង​សម្ដែង​ភាពយន្ដ​វិញ ។ នាយ​ស៊ី វុ​ត្ថា សម្ដែង​ភាពយន្ដ​បានជា​ច្រើន​រឿង​មក​ហើយ ។

នាយ​ធ្លាប់​សាង​កេរ្ដិ៍ឈ្មោះ​តាម​រយៈ​ខ្សែ​រឿង «​នាយ​ខ្វាក់​នាយ​ខ្វិន​» រួម​សម្ដែង​ជាមួយ​លោក​ទេព រិ​ន​ដា​រ៉ូ ។

នាយ​ស៊ី វុ​ត្ថា និយាយ​ថា «​ខ្ញុំ​នៅ​តែ​ខ្វះខាត​ការ​ចំណាយ​ចាយវាយ​ប្រចាំ​ថ្ងៃ​ដែរ ប្រសិនបើ​ខ្សត់​ការ​សម្ដែង និង​ត្រូវធ្វើ​ការងារ​រក​ស៊ី​ប្រចាំ​ថ្ងៃ​ខ្លះ​ដែល​អាច​ធ្វើ​បាន ។ សំណាង​ដែរ ដោយ​ខ្ញុំ​មានផ្ទះ​នៅ​ខ្លួនឯង​មិន​ជួល​គេ គឺ​នៅ​ជាមួយ​ឪពុក​ម្ដាយ​ដែល​អាច​សម្រាល​បន្ទុក​ថ្លៃ​ផ្ទះ​ជួល​បាន​ច្រើន​ដែរ ។ ទោះបីជា​យ៉ាងណា ខ្ញុំ​រំពឹង​ថា ផលិតករ ឬ​ចាងហ្វាង​ផលិតកម្ម​នៅ​តែ​បន្ដ​ផ្ដល់​ឱកាស​ឱ្យ​បាន​សម្ដែង​ភាពយន្ដ ដើម្បី​មាន​ប្រាក់​ចាយវាយ និង​ជួ​​យ​អ្នក​ផ្ទះ​» ។

នាយ​ស៊ី​វុ​ត្ថា មិន​ទាន់​មាន​ប្រពន្ធ​ទេ​ទោះបីជា​មាន​វ័យ​៣៧​ឆ្នាំទៅ​ហើយ​ក្ដី ។

ដោយឡែក​នាង​កន្ដុំ​អឺត បាត់​មុខ​ពី​ក្រុម​កំប្លែង​នាយ​កុយ​រយៈពេល​បី​បួន​ខែ​មក​ហើយ ដោយ​ឮ​ថា​នាង​កំពុង​រស់​ជាមួយ​ប្ដី​នៅ​ខេត្ដ​ព្រះ​សីហ​នុ ។ ប្ដី​របស់​នាង​ជា​កម្មករ​រោងចក្រ ។ នៅ​ទីនោះ ប្ដី​-​ប្រពន្ធ​របស់​នាង​កន្ដុំ​អឺុ​តរស់​នៅផ្ទះ​ជួល ។

នាយ​កុយ និយាយ​ថា នាយ​មិន​ចោល​នាង​កន្ដុំ​អឺុ​ត​ទេ បើសិនជា​នាង​ខ្វះខាត​អាច​មក​សុំ​សម្ដែង​វិញ​បាន ។ នាយ​កុយ​សម្ដែង​ក្ដី អាណិត​ចំពោះ​នាង​កន្ដុំ​អឺុត ៕

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]