(ភ្នំពេញ)៖ បន្ទាប់ពីរាសីដាក់ផ្ទួនៗ រហូតសម្រេចចិត្តដើរចេញពីផលិតកម្ម ហង្សមាស ដែលជាទ្រនំធ្លាប់សាងកេរ្តិ៍ឈ្មោះរាប់ឆ្នាំរួចមក តារាចម្រៀងសំនៀងស្រទន់ស្រួយ ស៊ុន ស្រីពេជ្រ ស្រាប់តែក្ដាប់បានឱកាស ចេញទៅសម្ដែងនៅក្រៅប្រទេស ពោលគឺប្រទេសបារាំង ដែលធ្វើឲ្យនាងមានទឹកមាត់លេបឡើងវិញ។ ជាងនេះទៅទៀត បន្ទាប់ពីនាងកើបប្រាក់បានទាំងដុំៗ ពីប្រទេសបារាំងហើយនោះ ពេលត្រឡប់មកវិញភ្លាម នាងមានទុនបើកហាងលក់ទឹកអប់ភ្លែត តែម្ដង។

តារាចម្រៀងដ៏ស្រស់សោភា ប្រចាំក្រសួងទេសចរណ៍ កញ្ញា ស៊ុន ស្រីពេជ្រ នៅពេលនេះត្រូវបានគេដឹងថា នាងបានក្លាយខ្លួន ជាតារាចម្រៀងឯករាជ្យ មិនបានជ្រកកោនក្នុងផលិតកម្មណាទាំងអស់ ទោះបីជាពេលនេះ នាងបានត្រឡប់ពីប្រទេសបារាំង ជាងពីរសប្ដាហ៍ទៅហើយក្ដី។ តារាចម្រៀង ស៊ុន ស្រីពេជ្រ កំឡុងពេល ចាកចេញពីប្រទេសទៅក្រៅប្រទេស ប្រាក់ចំណូល បានធ្លាក់ចុះយ៉ាងគំហុក ព្រោះខែដែលនាងចេញសម្ដែងជាខែមាស ក្នុងប្រទេស ដោយក្នុងមួយថ្ងៃ នាងរកចំណូលបានរាប់រយដុល្លារ បើគិតទាំងភ្លេងខ្មែរ និងភ្លងសម័យ ព្រោះនាងច្រៀងបានទាំងពីតែម្ដង។ 

ស៊ុន ស្រីពេជ្រ បានចាកចេញទៅសម្ដែង នៅក្រៅប្រទេស ព្រោះជាប់មាត់ករ ជាមួយម្ចាស់ស្ព័នស័រ (អ្នកធានា)នៅក្រៅប្រទេសយូរហើយ ហើយមនុស្សនាងយកសម្ដីជាធំ បើបាននិយាយអ្វីហើយ នាងនឹងធ្វើតាម មិនមែនបាតដៃខ្នងដៃឡើយ។

បើប្រៀបធៀបចំណូល នៃការសម្ដែងក្រៅប្រទេសរបស់ ស៊ុន ស្រីពេជ្រ និងការរកចំណូលនៅក្នុងស្រុក គឺខុសគ្នាឆ្ងាយ ព្រោះនាងរកចំណូលបានច្រើនជាង ក្រៅស្រុក។ ថ្វីត្បិតតែសម្រាប់រដូវកាលមង្គលការ ដែលកន្លងទៅ នាងមិនបាននៅក្នុងស្រុក ក៏ពិតមែន តែនាងហាក់បានដើរលំហែចិត្ត ពីរឿងមិនសប្បាយចិត្ត កន្លងមកដែល

មិនថាតែរឿងបែកបាក់ស្នេហា ឬពុកនាងឈឺជាដើម ប្អូនប្រុសចូលពេទ្យជាដើម ស៊ុនស្រីពេជ្រ ត្រូវបានចាត់ទុកថា ជាសិល្បការិនី ដ៏រឹងមាំ ព្រោះនាងជាបង្គោលស្នូលក្នុងគ្រួសារ ពិសេសរឿងប្រាក់ចំណូល ជាមួយសមាជិកគ្រួសារដ៏ច្រើន។

ថ្មីៗនេះ ស៊ុនស្រីពេជ្រ បានបើកហាងអនឡាយមួយ មានឈ្មោះថា «NP Shop» ដែលបាននាំចូលគ្រឿងសំអាងម៉ាកល្បីៗ និងធានាថា សុទ្ធមួយរយភាគរយ ព្រោះនាងមានដៃគូ នៅប្រទេសបារាំងស្រាប់។ គេថាមានមិត្តសិល្បៈច្រើនគាំទ្រមុខរបរថ្មីរបស់នាង ព្រោះនាងជាមនុស្ស រួសរាយគួរឲ្យស្រឡាញ់ និងមិនដែលបង្កើតសត្រូវជាមួយនរណា។

ជាការពិត ស៊ុន ស្រីពេជ្រ ប្រឹងប្រែងរកលុយជារៀងរាល់ថ្ងៃ ហើយចង់រកមុខរបរណាមួយ មានលំនឹងជាងសិល្បៈ ព្រោះសិល្បៈឡើងចុះមិនទៀតទាត់ឡើយ។ ជួនកាលល្បី ជួនកាលធ្លាក់បើសំណាងល្អ ជួបផលិតកម្មល្អក៏ល្បី តែសំណាងមិនសូវល្អ ក៏ទៅតាមកម្ម និងពេលវេលាដែរ៕

ប្រភព៖ Khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុន ស្រីពេជ្រ