រាជធានីភ្នំពេញ ៖ អ្នកនាងសារ៉ាយ សក្ខណា ដ្បិតទៅសាងជីវិតថ្មីនៅទឹកដីអាមេរិកមែន តែបន្សល់មុខរបររកស៊ីមួយចំនួននៅលើទឹកដីកំណើត ។

ក្រោយពេលរៀបការអ្នកនាងសារ៉ាយ សក្ខណា បានបង្ហាញមុខជំនួញផ្ទាល់ខ្លួនជាបន្តបន្ទាប់ ដូចជាគ្លីនិកហ្ស៊ីណូ នៅម្តុំទួលគោក ផ្នែកកែសម្រស់ ។ ហាងសក្ខណាហ្វាមីលីស៊ុប ជាហាងលក់អាហារពេលល្ងាច និងគ្រឿងភេសជ្ជៈ នៅក្បែរផ្សារទួលគោក។ ឥឡូវនេះពង្រីកមុខជំនួញថ្មីបន្ថែមទៀតគឺហាងលក់គុយទាវ បាយ កាហ្វេ ពេលព្រឹកនៅហាងសក្ខណាហ្វាមីលីស៊ុបតែម្តង ។

នាឱកាសបើកលក់គុយទាវពេលព្រឹកកាលពីពេល ថ្មីៗកន្លងមកនេះ ក្រៅពីមានភ្ញៀវគាំទ្រក៏មានតារាសម្តែង និងពិធីការិនីកញ្ញាបេប៊ី និងអ្នកម្តាយចូលរួមផងដែរ ។

អ្នកស្រីសម្ផស្ស ម្តាយតារាសម្តែងសារ៉ាយ សក្ខណា ឱ្យដឹងថា អ្នកស្រី និងកូនសម្រេចចិត្តបើកហាងពេលព្រឹកនៅទីតាំងដដែលនេះជាហាងគុយទាវ បាយសាច់ជ្រូក សាច់មាន់ និងភេសជ្ជៈដើម្បីកុំឲ្យហាងទំនេរពេលព្រឹក ដោយពីមុនលក់តែពេលយប់ប៉ុណ្ណោះ ។ អាចជាការសាកល្បងជំហានថ្មីមួយទៀត ។

អ្នកស្រីសម្ផស្សនិយាយថា «ខ្ញុំឱ្យបុគ្គលិកខំធ្វើអាហារឱ្យឆ្ងាញ់ពិសា ។ គុយទាវធ្វើរសជាតិឲ្យអ្នកពិសាជក់ចិត្ត រីឯបាយវិញក៏ដូចគ្នា ព្រោះយើងចេះតែព្យាយាមទៅ បើដាក់ចិត្តថារកស៊ីទៅហើយនោះ ។ បើទោះជាសក្ខណាទៅនៅអាមេរិកមែន តែពេលទំនេរនាងឆ្លៀតមកស្រុកខ្មែរមើលការងារបើចាំបាច់ ។ នាងក៏ស្រឡាញ់មុខរបរផ្ទាល់ខ្លួនដែលមានសព្វថ្ងៃនេះដែរ ព្រោះជាការតស៊ូទាំងអស់តាំងពីការងារសិល្បៈ និងមុខរបរផ្ទាល់ខ្លួន» ។

អ្នកស្រីសម្ផស្សសម្តែងក្តីនឹករលឹកកូនស្រីសារ៉ាយ សក្ខណា ដែលនៅឆ្ងាយ តែខំធ្វើចិត្តព្រោះដើម្បីអនាគតរបស់នាង។ ទោះជានៅឆ្ងាយ តែរវាងអ្នកស្រីជាម្តាយ និងកូនតែងតែសួរសុខទុក្ខគ្នាតាមទូរស័ព្ទជាប្រចាំ ។

អ្នកស្រីសម្ផស្ស ចង់ឱ្យសិល្បករ និងអតិថិជនដែលធ្លាប់គាំទ្រហាងសក្ខណាសាកល្បងភ្លក្សរសជាតិអាហារថ្មីដែលទើបបើកលក់ ៕

ប្រភព : កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សារ៉ាយ សក្ខណា