នៅពេលដែលអ្នកលង់ស្រលាញ់អ្នកណាម្នាក់ អ្វីៗទាំងអស់គឺស្រស់បំព្រង ពិភពលោកទាំងមូលហាក់មានពណ៌ស៊ីជម្ពូ ប្រៀបដូចជាពាក្យចាស់លោកតែងបានពោលថា «ឃ្លានឆ្ងាញ់ស្រលាញ់ល្អ» យ៉ាងដូច្នោះដែរ។ ប៉ុន្តែនៅពេលក្តីស្នេហ៍បានដើរដល់ផ្លូវបំបែក ម្នាក់ៗបែរជាមើលមុខគ្នាលែងចំ។ រឿងបែបនេះបានកើតឡើងទៅលើគូស្នេហ៍ស្ទើរតែគ្រប់គូ។ 

ហេតុដូច្នេះហើយគូស្នេហ៍ជាច្រើន នៅពេលដែលបែកបាក់គ្នា គឺព្យាយាមស្វែងរកគ្រប់មធ្យោបាយ ដើម្បីគេចមុខសង្សារចាស់របស់ខ្លួនឱ្យផុតទាល់តែបាន។

អ្នកខ្លះទៀតក៏បានធ្វើគ្រប់វិធី ដើម្បីបំភ្លេចសង្សារចាស់របស់ខ្លួនចេញពីក្នុងបេះដូង ប៉ុន្តែមានពេលខ្លះក៏មិនបានផលដែរ។

វិធី១៥យ៉ាង ដើម្បីឱ្យអ្នកអាចបំភ្លេចសង្សារចាស់ចេញពីបេះដូងបានយ៉ាងងាយ និងឆាប់រហ័ស៖

១) ព្រមទទួលស្គាល់ថាអ្វីៗគឺចប់ហើយ៖ ប្រសិនបើអ្នកនៅតែកុហកខ្លួនឯងថាថ្ងៃណាមួយគេនឹងត្រលប់មករកយើងដូចដើមវិញនោះ គឺយើងនៅតែទន្ទឹងរង់ចាំគេជារឿយៗ មិនគិតនឹងសម្លឹងមើលអ្នកណាផ្សេងទៀតឡើយ ហើយនៅតែនឹកដល់ម្នាក់នោះជានិច្ចគ្មានថ្ងៃភ្លេច។ ដរាបណាដែលអ្នកនៅតែគិតដូច្នេះហើយ ទើបអ្នកគ្មានថ្ងៃបំភ្លេចគេបាន ហើយក្លាយទៅជាមនុស្សល្ងង់ ដែលតែងតែបោកប្រាស់ខ្លួនឯងមករហូត។

២) លុបការចងចាំអនុស្សាវរីយ៍ចាស់ៗចោលឱ្យអស់៖ អនុស្សាវរីយ៍ចាស់ៗនេះហើយដែលធ្វើឱ្យយើងនឹកដល់គេគ្រប់ពេលវេលាគ្មានថ្ងៃភ្លេច ដូចជាពេលដែលយើង នៅទាក់ទងគ្នា ទីកន្លែងដែលយើងធ្លាប់ទៅដើរលេងជាមួយគ្នា ឬបទភ្លេងដែលចូលចិត្តស្តាប់រួមគ្នាជាដើម ត្រូវលុបចេញពីខួរក្បាលឱ្យអស់ កុំចាំ ឬនឹកដល់វាទៀត។

៣) ប្រមូលគ្រប់យ៉ាងដែលធ្វើឱ្យនឹកឃើញគេទុកមួយឡែក៖ មានដូចជារូបថតដែលថតជាមួយគ្នា វត្ថុអនុស្សាវរីយ៍ដែលគេធ្លាប់ទិញឱ្យជាដើម ទោះជារបស់ដែលយើងស្រលាញ់ខ្លាំងប៉ុណ្ណាក៏ដោយ ក៏មិនត្រូវរក្សាទុកវាដែរ ត្រូវប្រមូលយកទៅទុកដាក់មួយឡែកសិនឱ្យផុតពីភ្នែកផុតពីច្រមុះ។ បើមិនដាច់ចិត្តទៀត សាកយកវាទុកក្នុងហិបហើយចាក់សោឱ្យជាប់ ឬទុកក្នុងបន្ទប់បិទជិត ជាពិសេសគឺកុំគិតថានឹងយករបស់ទាំងនោះមកមើលវិញឱ្យសោះ សូម្បីតែម្តងក៏ដោយ ព្រោះវាធ្វើឱ្យអ្នកកំពុងតែ បោកប្រាស់ខ្លួនឯង។

៤) ផ្លាស់ប្តូរបរិយាកាស៖ ត្រូវរៀបចំប្តូរបន្ទប់គេងរបស់ខ្លួនជាថ្មី ដោយដាក់តាំងរបស់ថ្មីៗស្អាតៗ ជំនួសរបស់ចាស់ៗវិញ។ ធ្វើដូច្នេះអាចជួយបន្ថយ ភាពសោកសៅរបស់អ្នកបានមួយកម្រិតដែរ។

៥) ផ្តាច់ការទាក់ទងជាមួយគេ៖ ត្រូវលុបលេខទូរស័ព្ទ លុបអ៊ីម៉ែល ហ្វេសប៊ុក និងលុបអ្វីៗដែលអាចទាក់ទងជាមួយគេ ចោលឱ្យអស់។ អ្វីដែលសំខាន់នោះ បើទោះជាគេខលមកសុំត្រូវគ្នាវិញ ក៏មិនចាំបាច់លើកទូរស័ព្ទដែរ។ បើចៃដន្យដើរជួបគ្នាក៏ដោយក៏មិនបាច់ចូលទៅរាក់ទាក់ដែរ ត្រូវដើរចៀសឱ្យឆ្ងាយទៅ។

៦) ធ្វើខ្លួនឯងឱ្យរវល់៖ មិនត្រូវទុកខ្លួនឯងឱ្យទំនេរពេកទេ ត្រូវរកអ្វីធ្វើថ្មីៗឱ្យខ្លួនឯងរវល់ដូចជាធ្វើការផ្ទះជាដើម ទើបគ្មានពេលអង្គុយគិតដល់រឿងអតីត។ បែបនេះគឺអាចឱ្យអ្នកចំណេញច្រើនណាស់ គឺបានប្រយោជន៍ច្រើនហើយ អាចបំភ្លេចសង្សារចាស់បានដោយងាយទៀតផង សរុបមកគឺបាញ់ព្រួញមួយបានសត្វចាបពីរ។ 

៧) ចេញទៅរកមិត្តភក្តិ៖ ត្រូវចេញទៅខាងក្រៅរកមិត្តភក្តិ ព្រោះមិត្តអាចជួយរំលែកក្តីទុក និងលួងលោមចិត្តអ្នកបានយ៉ាងល្អ។ សាកបបួលគ្នាទៅដើរលេងកម្សាន្តតាមទីកន្លែងនានា ឬដើរផ្សារទិញទំនិញ ទៅញ៉ាំអាហារឆ្ងាញ់ៗនៅតាមហាងប្លែកៗផ្សេងៗ ឬទៅមើលកុនជាដើម តែហាមមើលកុនរឿងស្នេហាឱ្យសោះ។ ធ្វើដូច្នេះអារម្មណ៍អ្នកនឹងបានធូរស្បើយ ភ្លេចគិតពីសង្សារចាស់បានមួយពេលៗដែរ។ 

៨) លើកលែងទោសឱ្យខ្លួនឯង៖ កុំព្យាយាមទម្លាក់កំហុសឱ្យខ្លួនឯង ព្រោះអ្នកមិនអាចត្រលប់ទៅកែខៃអ្វីឱ្យដូចដើមវិញបានឡើយ។ ត្រូវរៀនទទួលស្គាល់ និងព្យាយាមគិតថារឿងនេះប្រៀបដូចជាមេរៀនមួយ ដែលត្រូវចងចាំទុកកុំឱ្យវាកើតឡើងចំពោះខ្លួនម្តងទៀត។

៩) និយាយរឿងនេះប្រាប់ឱ្យនរណាម្នាក់ស្តាប់៖ ការនិយាយរឿងរបស់ខ្លួនឱ្យនរណាម្នាក់ស្តាប់ ពេលខ្លះក៏អាចជួយឱ្យអ្នកបានទទួលមកវិញនូវពាក្យប្រឹក្សាល្អៗពីពួកគេ ឬយ៉ាងហោចណាស់ក៏អាចជួយឱ្យអ្នក បានចែករំលែកពីអារម្មណ៍តានតឹងរបស់ខ្លួនទៅកាន់គេដែរ។ ពេលខ្លះទៀតអ្នកក៏អាចទទួលបាននូវកម្លាំងចិត្ត ដែលអាចឱ្យអ្នកដឹងថាអ្នកមិនបានឯកាបៀមទុក្ខតែម្នាក់ឯងនោះទេ ហើយពេលខូចចិត្តយ៉ាងហោចណាស់ក៏មានអ្នកព្រមទទួលស្តាប់រឿងយើងដែរ។ 

១០) ផ្លាស់ប្តូរខ្លួនឯងជាថ្មី៖ ប្រើពេលវេលាអង្គុយខូចចិត្ត យកមកកែប្រែខ្លួនឯងជាថ្មី។ ធ្វើអ្វីដែលខ្លួនឯងបានប៉ងប្រាថ្នា ចង់ធ្វើជាយូរមកហើយ ឬផ្លាស់ប្តូរស្ទាយដូចជា កាត់សក់ម៉ូតថ្មី ផ្លាស់ប្តូរការតុបតែងខ្លួនសាជាថ្មី។ បែបនេះនឹងជួយឱ្យអ្នកមានអារម្មណ៍ថាខ្លួនឯងជាមនុស្សថ្មី ជួនកាលអាចឱ្យអ្នករកបានមនុស្សថ្មីដេលល្អជាងមុនផងក៏ថាបាន។

១១) គិតដល់ចំណុចអាក្រក់របស់គេ៖ ត្រូវនឹករឿងអាក្រក់ៗរបស់គេមកសរសេរដាក់ក្រដាស ឬអ្វីក៏បានឱ្យតែអ្នកអាចងាយស្រួលមើលឃើញដូចជា គេជាមនុស្សដែលសាវា សម្តីអាក្រក់ យកតែចិត្តខ្លួនឯង កាច គ្មានហេតុផលជាដើម។ ម្យ៉ាងទៀតត្រូវគិតថា គេម្នាក់នោះមិនមែនជាមនុស្សអស្ចារ្យនោះទេ។ ធ្វើដូច្នេះអ្នកនឹងគ្មានអារម្មណ៍ថាសោកស្តាយនោះឡើយ នៅពេលដែលបាត់បង់គេ។

១២) សម្លឹងរកមើលអ្នកថ្មី៖ ត្រូវបើកចិត្ត បើកបេះដូង សម្លឹងរកមើលអ្នកថ្មីខ្លះ ព្រោះការដែលមានអ្នកថ្មីចូលមក អាចឱ្យអ្នកបំភ្លេចអ្នកចាស់បានយ៉ាងលឿន។ ការដែលមានមនុស្សមកស្រលាញ់ មកចាំយកចិត្ត មកចាំលួងលោម ចាំហួងហែងយើងគ្រប់ពេលវេលាអាចនឹងធ្វើឱ្យយើង កាន់តែមើលឃើញតម្លៃរបស់ខ្លួនឯងកាន់តែច្រើន និងមិនធ្វើឱ្យយើងមានអារម្មណ៍ថាឯកាឡើយ។ ជួនកាលសង្សារថ្មីអាចល្អជាងសង្សារចាស់រាប់ពាន់ដង ដូច្នេះអ្វីដែលគួរធ្វើគឺគ្រាន់តែបើកចិត្តឱ្យទូលាយទទួលស្នេហាថ្មី ហើយទទួលយកមនុស្សថ្មីតែប៉ុណ្ណោះ។

១៣) កុំយកអ្នកថ្មីទៅប្រៀបជាមួយអ្នកចាស់៖ មនុស្សយើងម្នាក់ៗ មានគុណសម្បត្តិ និងគុណវិបត្តិមិនដូចគ្នានោះទេ។ ការដែលយកសង្សារចាស់ មកប្រៀបជាមួយសង្សារថ្មី ក្រៅពីធ្វើឱ្យអ្នកមិនអាចកាត់ចិត្តចេញពីសង្សារចាស់បានហើយ ក៏នៅធ្វើឱ្យអ្នកមើលឃើញពីភាពអវិជ្ជមានរបស់អ្នកថ្មីនាពេលបច្ចុប្បន្ននេះផងដែរ។ ជាការប្រសើរត្រូវរកចំណុចរបស់ អ្នកថ្មីឱ្យឃើញ ហើយសិក្សាពីគេម្នាក់នោះវិញទើបល្អ។

១៤) ឈប់ចង់ដឹង ចង់ មិនបាច់ទៅចង់ដឹង ចង់ឮពីជីវិតស្នេហាថ្មីរបស់សង្សារចាស់នោះទេ មិនថាតាមរយៈហ្វេសប៊ុក ឬតាមរយៈមិត្តភក្តិក៏ដោយ។ នៅពេលដែលយើង ឬគេជ្រើសដើរផ្លូវបំបែកហើយ គេនឹងក្លាយជាមនុស្សប្លែកមុខសម្រាប់យើង។ ដូច្នេះគេទៅទីណា ឬមានអ្នកណាថ្មីនោះ មិនមែនជារឿងដែលពាក់ព័ន្ធនឹងយើងទៀតនោះទេ។ ផ្លូវល្អបំផុតនោះគឺត្រូវប្លុកហ្វេសប៊ុកគេចោលតែម្តងទៅ ដើម្បីកុំឱ្យមានការភ្លាត់ស្នៀតទៅឃើញរូបគេដោយចៃដន្យនាំឱ្យលង់ចិត្តជាថ្មី។ 

១៥) ស្រលាញ់ខ្លួនឯងឱ្យបានច្រើន៖ កុំព្រោះតែអ្នកដទៃម្នាក់ ត្រូវបណ្តោយឱ្យខ្លួនក្លាយទៅជាមនុស្សគ្មានតម្លៃ។ កុំព្យាយាមបោកខ្លួនឯងដោយការចេញទៅសេពគ្រឿងស្រវឹងរាល់ថ្ងៃ ឬឈានដល់ថ្នាក់សម្លាប់ខ្លួន ព្រោះតែគេ បើទំនេរខ្លាំងចេញទៅហាត់ប្រាណយករាងវិញវាល្អប្រសើរជាង។ ចាំទុកថា ត្រូវចេះឱ្យតម្លៃចំពោះអ្នកដែលចេះឱ្យតម្លៃដល់យើងតែប៉ុណ្ណោះ។ បើគេមើលមិនឃើញពីតម្លៃរបស់យើងទេ មានន័យអ្វីដែលយើងត្រូវនៅអាល័យនោះ ត្រូវទាត់គេចេញឱ្យឆ្ងាយពីជីវិតយើង ព្រោះការពិតមានមនុស្សជាច្រើនដែលយើងនឹកស្មានមិនដល់ កំពុងតែនៅតម្រង់ជួរគ្នារង់ចាំស្រលាញ់យើងផងក៏មិនដឹង៕

ប្រភព៖ lovepanky &kapook

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]