ការឈឺចាប់មួយចំនួន ដូចជាឈឺក្បាល ឈឺសាច់ដុំ ឬចុក ក ជាដើមនេះ គឺសុទ្ធតែងាយកើតឡើងញឹកញាប់ ជាពិសេស វារំខានដល់អារម្មណ៍ និងសកម្មភាពប្រចាំថ្ងៃរបស់អ្នកថែមទៀតផង។

វិធីងាយបំផុត ដើម្បីបំបាត់ការឈឺចាប់ទាំងនោះ គឺការយកទឹកកក និងទឹកក្តៅមកស្អំ។ ប៉ុន្តែជាក់ស្តែង អ្នកត្រូវតែដឹងថា គួរប្រើប្រាស់ ទឹកក្តៅឬទឹកកក ទៅលើប្រភេទការឈឺចាប់បែបណាដែរ។ ហេតុនេះ សូមតាមដានការបកស្រាយដូចខាងក្រោមនេះ ទាំងអស់គ្នា ដើម្បីសម្រាលការឈឺចាប់បានឆាប់រហ័សបំផុត ៖ 

១. ចុក ក ឬឈឺក

ការឈឺចាប់ត្រង់នេះ អ្នកគួរតែប្រើទឹកកក ពីព្រោះវាជួយបន្ធូរបន្ថយការរលាក និងការឈឺចាប់បាន ដោយអ្នកគ្រាន់តែដាក់ដុំទឹកកក ក្នុងស្បោងប្លាស្ទិចស្អាត រួចរុំកន្សែងពីលើមួយជាន់ទៀត សឹមយកមកស្អំលើកញ្ចឹងក ប្រមាណជា ១៥ នាទីជាការស្រេច។ អ្នកអាចអនុវត្តរៀងរាល់ ២ ទៅ ៣ ម៉ោងម្តង រយៈពេល ២ ថ្ងៃ។ ប៉ុន្តែក្នុងករណី វាមានអាការៈហើម សូមអ្នកប្រើទឹកក្តៅជំនួសវិញ។

២. ឈឺក្បាល

អាការៈឈឺក្បាល ដែលបង្កជាការឈឺចាប់ខ្លាំង គួរតែប្រើទឹកកកមកស្អំ ទើបជាការប្រសើរ ដោយអ្នកគ្រាន់តែយកដុំទឹកកក មករុំដោយក្រណាត់កន្សែង សឹមយកវាមកស្អំលើក្បាល។ ក្នុងករណីឈឺក្បាលប្រកាំង ដែលឈឺខ្លាំងតាំងពីក្បាល ដល់កញ្ចឹងក នោះអ្នកគួរយកក្រណាត់ស្អាតទៅជ្រលក់ទឹកក្តៅ រួចយកមកស្អំវិញ ដើម្បីអាចឲ្យកម្តៅជ្រាបចូលតាមរន្ធញើស និងបំបាត់ការឈឺចាប់ ពីក្នុងមកវិញ។

៣. ឈឺចង្កេះ និងរមួលក្រពើ

បញ្ហារមួលក្រពើ ភាគច្រើនបង្កឡើងដោយ ការកើនឡើងនូវកម្រិតអាស៊ីតឡាក់ទិច ហេតុនេះ ការប្រើទឹកក្តៅអាចបំបាត់ការឈឺចាប់ បានប្រសើរជាង។ ត្រង់បញ្ហាឈឺចង្កេះ និងរមួលប្រពើនេះ អ្នកគ្រាន់តែងូត ឬត្រាំខ្លួនក្នុងទឹកក្តៅឧណ្ណៗ លាយជាមួយអំបិលគ្រួសបន្តិច សឹមលាងសម្អាតខ្លួនជាមួយទឹកត្រជាក់វិញជាការស្រេច។

៤. គ្រេច

បញ្ហាគ្រេចដៃ គ្រេចជើង គ្រេចជង្គង់ -ល- អាចប្រើប្រាស់ទឹកកក មកម៉ាស្សា ទើបអាចកាត់បន្ថយការរលាក និងធ្វើឲ្យស្ពឹក បានល្អប្រសើរជាង។ អ្នកគ្រាន់តែយកដុំទឹកកក មករុំដោយក្រណាត់ស្តើងស្អាតណាមួយ រួចស្អំលើបរិវេណ ដែលគ្រេច ជាការស្រេច។

៥. ឈឺថ្គាម ឬឈឺធ្មេញ

សម្រាប់បញ្ហាការឈឺចាប់ ត្រង់ថ្គាម និងធ្មេញនេះ អ្នកគួរតែប្រើប្រាស់ ទឹកកកទើបជាការប្រសើរ។ ងាយៗដោយគ្រាន់តែអ្នកយកដុំទឹកកក មកម៉ាស្សាត្រង់បរិវេណថ្គាម ផ្ទៃខាងក្រៅ មួយថ្ងៃឲ្យបាន ២ ទៅ ៣ ដង រហូតធូរស្បើយ ជាការស្រេច។

៦. ការឈឺចាប់ពេលមករដូវ

ក្នុងករណីនេះ ទឹកក្តៅជាជម្រើសល្អបំផុត ពីព្រោះវាអាចជួយ ដល់ចលនាសាច់ដុំបាន ជាពិសេស គឺបំបាត់ការឈឺចាប់ ពីខាងក្នុងខ្លួន បានយ៉ាងមានប្រសិទ្ធភាព។ អ្នកអាចយក ថង់ទឹកក្តៅ មកស្អំលើបរិវេណក្រោមពោះ រួមទាំងទទួលទានទឹកក្តៅផង ដើម្បីជួយសម្រួលការឈឺចាប់បានយ៉ាងឆាប់រហ័ស៕ 

ប្រភព៖ THE INDIAN SPOT

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]