រាជធានី​ភ្នំពេញ ៖ នាយ​កុយ​ជាតា​រា​កំប្លែង​យូរ​ឆ្នាំ និង​មាន​បទ​ពិសោធ​ច្រើន​ក្នុង​ការ​គ្រប់គ្រង​ក្រុម ឬ​ប្រាស្រ័យ​ទាក់ទង​ការងារ​ជា​ក្រុម ។ តើ​នាយ​កុយ​មាន​វិធីសាស្ត្រ​អ្វី​កុំឱ្យ​សមាជិក​ក្រុម​អន់ចិត្ត ?

នាយ​កុយ​ប្រកាន់ខ្ជាប់​ចំណុច​មួយ គឺ​សម្តែង​ចប់​បើក​លុយ​ឱ្យ​ក្រុម​សម្តែង​មិន​ស្ពាយ​យក​ទៅ​ផ្ទះ​តែ​ម្នាក់ឯង​ទេ ។

តារា​កំប្លែង​នាយ​កុយ​នៅ​តែ​មាន​ពន្លឺ​ចែងចាំង​ក្នុង​ពិភព​សិល្បៈ​កំប្លែង ទោះជា​មាន​រលក​ក្រោយ​ជា​ច្រើន​យ៉ាងណា​ក៏​ដោយ ។ វ័យ​កាន់តែ​ច្រើន​តែ​តារា​កំប្លែង​នាយ​កុយ​នៅ​តែ​ត្រូវ​មហាជន​ទាំង​ក្នុង​និង​ក្រៅប្រទេស​ពេញ​និយម​ដដែល ។ នាយ​កុយ​ព្យាយាម​ការងារ​មួយ​នេះ​គ្រប់​រូបភាព​ទម្រាំ​គ្រង​ឈ្មោះ​ល្បី ត​ពី​រដូវ​កាល​មួយ​ទៅ​រដូវ​កាល​មួយ ។

លោក​ជួង ជី ហៅ​នាយ​កុយ​និយាយ​ថា «​ពិត​ណាស់​ខ្ញុំ​មាន​អាយុ​ច្រើន​ទៅ​ហើយដោយ​ឆ្នាំ​នេះ​អាយុ​៦១​ឆ្នាំ បើ​និយាយ​ពី​ជំងឺ​វិញ​ក៏​មាន​ដែរ​មិន​អត់​នោះ​ទេ សំខាន់​យើង​ស្តាប់​តាម​ការ​ណែនាំ​របស់​ពេទ្យ​ជា​សំខាន់ ទើប​ខ្ញុំ​មាន​សុខភាព​ល្អ​អាច​សម្តែង​បាន​ដូច​ពី​មុន ។

ការ​កំប្លែង​ត្រូវ​មាន​ពាក្យពេចន៍​ស្តាប់​កុំ​ឈ្លើយ ឬ​ចំអេសចំអាស​ជ្រុល ។ និយាយ​គិតមុខគិតក្រោយ និង​ចេះ​រក​វិធី​សម្តែង ប្លែក​ៗ​ឱ្យ​គេ​ប្លែក​ភ្នែក​រហូត ។ ប្រការ​សំខាន់​ក្នុង​នាម​អ្នក​កំប្លែង​ល្បីឈ្មោះ​បាន​យូរ ឬ​មិនមែន​ជា​អ្នក​កំប្លែង ជា​តួកុន ជា​តារាចម្រៀង​ក៏​ដោយ ចំណុច​សំខាន់​ការ​គោរព​ពេលវេលា គោរព​វិន័យ សុជីវធម៌ ដឹង​ចាស់ទុំ រៀមច្បង មិន​ក្រ​អើត​ក្រ​ទម ជា​ផ្នែក​រុញ​ឱ្យ​យើង​ល្បី គេ​ចូល​ចិត្ត ។

ករណី​ពេលវេលា​សំខាន់​ណាស់ បើ​ទទួល​ការងារ​គេ​ហើយ ម៉ោង​ប៉ុន្មាន​ត្រូវ​ទៅ​ចាំ​គេ​មុន​បន្តិចបន្តួច​ក៏​មិនជា​ការ​ខាត​ដែរ ស៊ូ​ទៅ​ចាំ​អង្គុយ​យក​លុយ​មុន​កុំ​ចាំ​លុយរ​ត់រក ។

ចំណុច​មួយទៀត​ការ​ចរចា​តម្លៃ​ជាមួយ​តួ ឬ​កូនក្រុម​មុន​សម្តែង​គឺ​ខ្ញុំ​សួរ​កូនក្រុម​ថា​តម្លៃ​ប៉ុណ្ណឹង​យក​បាន​អត់ ។ បើ​បាន​ប្រាប់​មុន​កុំ​យក​ហើយ​រអ៊ូ​តា​មក​ក្រោយ ។

ចំពោះ​អ្នក​ចែក​ចំណែក ឬ​មេ​ចំណែក​បើ​បាន​លុយ​កម្មវិធី​ច្រើន​ដែរ ក៏​មិន​ត្រូវ​ឱ្យ​កូនក្រុម​តិច​ដែរ ។ សិល្បៈ​សំខាន់​ណាស់ ការ​ចែក​លាភ ហើយ​ត្រូវ​ចែក ភ្លាម​ៗ​ក្នុង​ឡាន ក្រោយ​សម្តែង​ចប់​អត់​ទុក​យូរ​បាន​ទេ អ្នក​ណា​ក៏​ចង់បាន​លុយ ភ្លាម​ៗ​ដែរ ។ ទាំង​អស់នេះ​ជា​ការ​ដែល​ខ្ញុំ​មាន​ទម្លាប់​ធ្វើ​ជាមួយ​ក្រុមការងារ មិន​ដែល​កេង​ចំណេញ​នោះ​ទេ ព្រោះថា​ការ​ផ្តល់​លាភ​ឱ្យ​គ្នា​ទៅ​វិញ​ទៅ​មក គឺជា​ការ​ជួយ​ទូក​យើង​ឱ្យ​ដើរទៅ​មុខ ណាមួយ​នេះ​ជា​ក្រុម​របស់​យើង ។ ទូក​លឿន​ល្អ​ទាល់តែ​ក្រុម​ជិះទូក​ទាំងអស់​គ្នា​ប្រឹង​ទើប​ដល់​គោលដៅ​» ៕

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

នាយកុយ