រាជធានីភ្នំពេញ ៖ តារាចម្រៀងវ័យក្មេងប្រចាំផលិតកម្មថោន សុគន្ធ ថេរ៉ាយុ បានប្រារព្ធពិធីខួបកំណើតរបស់ខ្លួនគម្រប់ អាយុ២៣ឆ្នាំ កាលពីរាត្រីទី៣ តុលា ឆ្នាំ២០១២ នៅផ្ទះរបស់លោក ស្ថិតនៅក្នុងបុរីពិភពថ្មីក្បែរវត្តសំរោងអណ្ដែត ។នេះជាពិធីធំដុំលើកទី២ហើយ បន្ទាប់ពីលោកប្រារព្ធពិធីឡើងវីឡាថ្មីក្រោមវត្តមាន របស់តារាល្បីឈ្មោះចូលរួម ។ ពិធីខួបកំណើតរបស់លោករ៉ាយុ នាឱកាសនោះ ក្រៅពីវត្តមានឪពុកម្ដាយ និងបងប្អូនមិត្តភក្តិរបស់លោក ក៏មានតារាសម្ដែង និងតារាចម្រៀងចូលរួមយ៉ាងច្រើនកុះករ។

លោកសុគន្ធ ថេរ៉ាយុ និយាយថា ថ្ងៃទី៣ តុលា មិនមែនគ្រាន់តែជាថ្ងៃកំណើតរបស់លោកប៉ុណ្ណោះទេ ប៉ុន្តែក៏ជាថ្ងៃខួបអាពាហ៍ពិពាហ៍របស់លោកប៉ា អ្នកម៉ាក់លោកដែរ។ ដូច្នេះហើយទើបលោកប៉ារបស់លោកធ្ វើដំណើរពីប្រទេសសិង្ហបុរី បើទោះជាលោកជាប់រវល់កិច្ចការមុខជំនួញនៅទីនោះក៏ដោយ ។ លោកសុគន្ធ ថេរ៉ាយុ បញ្ជាក់ថា«ថ្ងៃទី៣ តុលា ជាខួបរបស់ខ្ញុំដែលចូលដល់វ័យ២៣ឆ្នាំ ហើយក៏ជាថ្ងៃពិសេសនៃខួបអាពាហ៍ពិពាហ៍របស់ប៉ាម៉ាក់ខ្ញុំផងដែរ»។

ខួបកំណើតរបស់លោកថេរ៉ាយុ មិនបានធ្វើធំដុំឡើយ ពោលគឺអញ្ជើញភ្ញៀវប្រមាណ១៥តុប៉ុណ្ណោះ ដោយសារតែលោកចង់ធ្វើត្រឹមលក្ខណៈមិត្តភក្ដិជិតដិត ពិសេសតារាមកពីផលិតកម្ម Town តែម្ដង។ខួបកំណើតរបស់លោកសុគន្ធ ថេរ៉ាយុ នាពេលនោះក៏មានវត្តមានតារាល្បីៗជាច្រើនចូលរួមអបអរសាទរទាំងតារាចម្រៀង តារាសម្ដែង និងពិធីករ-ពិធីការិនីដែលធ្វើឱ្យកម្មវិធីកាន់តែមានភាពអធិកអធមខ្លាំងឡើង ។

លោកសុគន្ធ ថេរ៉ាយុ បានចូលប្រឡូកក្នុងវិស័យសិល្បៈនៅឆ្នាំ២០០៧ ហើយប្រិយមិត្តអ្នកស្តាប់ស្គាល់លោកតាមរយៈបទ«មហារីកបេះដូង»នៅក្នុងផលិតកម្ម«ក្លាស៊ិក»។ រហូតមកដល់ពេលនេះលោកបានក្លាយទៅជាតារាចម្រៀងជួរមុខរបស់ផលិតកម្ម«ថោន» និងកំពុងឡើងកូដតាមរយៈបទចម្រៀងជាបន្តបន្ទាប់នៅក្នុងផលិតកម្មមួយនេះ។ លោករ៉ាយុ ធ្លាប់សម្ដែងក្នុងខ្សែភាពយន្តបាន៥រឿងមានរឿង«ចម្រៀងស្នេហ៍រលកជីវិត»«កញ្ចក់ជីវិត» «អាបកាលីប០០៩»«វិញ្ញាណស្នេហ៍ចាំជាតិ» និងរឿង«សុគន្ធ ថេរ៉ាយុលងបះសក់»។

លោក សុគន្ធ ថេរ៉ាយុ ជាតារាចម្រៀងមានឈ្មោះបោះសំឡេងមួយរូបក្នុងផលិតកម្មថោន ។ បទចម្រៀងរបស់លោកដែលកំពុងទទួលបានការគាំទ្រពីទស្សនិកជននាពេលបច្ចុប្បន្ន គឺបទ«បងឡប់ៗស្រលាញ់អូនដល់ថ្នាក់ហ្នឹង»ព្រមទាំងបទចម្រៀងមួយចំនួនទៀត៕

បញ្ចូលអត្ថបទ ៖ ស្រីណា កោះ

 ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុគន្ធ ថេរ៉ាយុ