ភ្នំពេញ៖ កម្មវិធីអភិវឌ្ឍន៍ធនធានយុវជន នឹងរៀបចំវេទិកាអំណានក្រោមប្រធានបទ “អានដើម្បីស្គាល់ពិភពលោក” ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី៧ ខែឧសភា ឆ្នាំ២០១៧ ខាងមុខនេះ ចាប់ពី វេលាម៉ោង ៧ៈ៣០ព្រឹក ដល់ម៉ោង ១២ៈ០០ ថ្ងៃត្រង់នៅសាលាអន្តរទ្វីបអាមេរិកកាំង (AIS) សាខាទួលគោក ។

គោលបំណងនេះ គឺដើម្បីបណ្តុះវប្បធម៌នៃការអាន និងផ្ដល់ឱកាសឱ្យយុវជនទទួលបានចំណេះដឹងបន្ថែមពីរបៀបអាន ហើយទាញយកគោលគំនិតនោះ មកវិភាគស៊ីជម្រៅ ចងក្រងជាឯកសារស្រាវជ្រាវ និងសរសេរជាសៀវភៅ។

វាគ្មិនបីរូបដែលជាអ្នកឯកទេសខាងអក្សរសាស្ត្រខ្មែរ ខាងសរសេរនិពន្ធ និងជាអ្នកសារព័ត៌មាន នឹងចូលមកធ្វើបទបង្ហាញនាវេទិការអំណាននេះ។

បើយោងតាមគោលនយោបាយជាតិ ស្តីពីការអភិវឌ្ឍយុវជនកម្ពុជាឆ្នាំ២០១១ យុវជនត្រូវបានចាត់ទុកថា ជាកម្លាំងចលករដ៏សំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌ បរិស្ថាន និងការរក្សាសន្តិភាពទាំងបច្ចុប្បន្ន និងទាំងអនាគត។ ក្នុងនោះដែរ យោងតាមជំរឿនទូទៅនៃប្រជាជនកម្ពុជាក្នុងឆ្នាំ២០០៨ ចំនួនយុវជនមានរហូតដល់៣៣% នៃចំនួនប្រជាជនសរុប១៣លាននាក់។ ចំណែក តាមតួលេខដែលចេញដោយ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនៅឆ្នាំ២០១២ មានយុវជនប្រហែល៥៤% ដែលមានអាយុចាប់ពី ១៨ទៅ៣៥ឆ្នាំ។ ជាក់ស្តែង យោងទៅតាមអនុក្រឹត្យ ដែលចុះហត្ថលេខាដោយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន កម្ពុជានឹងប្រារព្ធទិវាជាតិអំណាននៅរៀងរាល់ថ្ងៃទី១១ ខែមិនា ដើម្បីលើកកម្ពស់ទម្លាប់នៃការអាន។

អនុក្រឹត្យនេះបានអំពាវនាវដល់ក្រសួង វិទ្យាស្ថានអប់រំ អង្គការសង្គមស៊ីវិល និងផ្នែកឯកជននានាចូលរួមជម្រុញឱ្យប្រជាពលរដ្ឋស្រលាញ់ការអាន។ ទោះបីជាអត្រាអក្ខរកម្មកើនឡើងក៏ដោយ ក៏អង្គការ UNESCO បានប៉ាន់ប្រមាណថា ស្ទើតែ៧៨ភាគរយនៃយុវជនកម្ពុជាមិនសូវមានទម្លាប់នៃការអានទេ។ យោងទៅតាមការសិក្សាស្រាវជ្រាវដោយ អង្គការ Room to Read បានឱ្យដឹងថាប្រជាជនកម្ពុជាជាមធ្យមអានសៀវភៅត្រឹមតែមួយក្បាលកន្លះប៉ុណ្ណោះក្នុងមួយឆ្នាំ។ បើប្រៀបធៀបជាមួយប្រជាជននៅក្នុងបណ្តាប្រទេសរីកចម្រើនដទៃទៀត ប្រជាជនពួកគេមានទម្លាប់នៃការអានពេលធ្វើដំណើរតាមយន្តហោះ ឡានក្រុង រថភ្លើង ឬពេលទំនេរ។

នៅពេលដែលបច្ចេកវិទ្យាកាន់តែរីកចម្រើន យុវជនកម្ពុជាកាន់តែចំណាយពេលច្រើនអានព័ត៌មាននៅលើបណ្តាញសង្គម មើលទូរទស្សន៍ និងស្តាប់វិទ្យុជាដើម។ យុវជនមួយចំនួនកម្រអានសៀវភៅ ឬឯកសារនានា ដើម្បីបង្កើនចំណេះដឹង ប្រសិនបើគ្មានការដាក់កំហិតពីលោកគ្រូ អ្នកគ្រូ។ ខណៈយុវជនខ្លះទៀត អានសៀវភៅច្រើនដែរ ប៉ុន្តែពួកគេមិនបានដឹងពីរបៀបនៃការដកយកគោលគំនិត វិភាគខ្លឹមសារក្នុងការអភិវឌ្ឍជំនាញត្រិះរិះពិចារណាស៊ីជម្រៅ និងប្រើប្រាស់ចំណេះដឹងទាំងនោះនៅក្នុងជីវិតរស់នៅប្រចាំថ្ងៃ ឬក៏យកទៅជជែកពិភាក្សាដេញដោលប្រកបដោយសុភវិនិច្ឆ័យនោះទេ។

យើងសង្កេតឃើញថាប្រទេសជាតិមួយអាចរីកចម្រើនទៅបាន គឺអាស្រ័យទៅលើគុណភាពនៃការគិតហើយប្រែក្លាយការគិតនោះទៅជាសកម្មភាពជាក់ស្តែងនៅក្នុងសង្គម។ យើងអាចនិយាយបានថា គិតត្រូវ និយាយត្រូវ ធ្វើសកម្មភាពត្រូវ នាំមកនូវប្រយោជន៍នៅក្នុងពេលបច្ចុប្បន្ន ក៏ដូចជាពេលអនាគត។ ដោយផ្អែកលើស្ថានភាពខាងលើ កម្ពុជាត្រូវការជាចាំបាច់នូវយុវជនសកម្មដែលប្រកបដោយគុណភាពនៃការគិត មានឆន្ទៈ មនសិការជាតិ និងចំណេះដឹងនៃការត្រិះរិះពិចារណាស៊ីជម្រៅ។ ការចូលរួមគិតត្រឹមត្រូវ និងការចងក្រងនូវគំនិត ក៏ដូចជាការចែករំលែកនូវ ចំណេះដឹងរបស់អ្នកដែលមានសក្តានុពលតាមរយៈការសរសេរ ឬការវិភាគពីអ្វីមួយ ពិតជាអាចចូលរួមចំណែកក្នុងដំណើរការអភិវឌ្ឍន៍គុណភាពនៃការគិតរបស់ប្រជាជន ដែលនឹងផ្តល់ផលមកវិញនូវការផ្លាស់ប្តូរជាវិជ្ជមាន។

ជាមួយគ្នានេះដែរ សៀវភៅ ឬឯកសារផ្សេងៗ គឺជាឃ្លាំងដែលបានផ្តល់នូវចំណេះដឹងទូទៅ និងជាកញ្ចក់សម្រាប់ឆ្លុះបញ្ចាំងពីស្ថានភាពសង្គមនាសម័យកាលនីមួយៗ។ ការអានតែមួយមុខគត់ដោយមិនយល់នូវខ្លឹមសារស៊ីជម្រៅ និងគោលគំនិត ពិសេសមិនបានយកមកអនុវត្តជាក់ស្តែង មិនបានជួយអ្នកអានច្រើននោះទេ។

ដោយមើលឃើញចន្លោះខ្វះខាតនេះហើយ ទើបកម្មវិធីអភិវឌ្ឍន៍ធនធានយុវជនបានបង្កើតនូវ វេទិកាអំណានស្តីពី “អានដើម្បីស្គាល់ពិភពលោក”។ វេទិកានេះអាចជួយយុវជនឱ្យរៀនសូត្រពី វាគ្មិនដែលមានជំនាញ និងបទពិសោធន៍៕

សាធារណជនអាចចូលរួមវេទិការនេះដោយសេរី!

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]