ចិន៖ ជារៀងរាល់ឆ្នាំមានអ្នកទេសចរដែលជាជនជាតិចិន រាប់លាននាក់បាននាំគ្នាទៅលេងភ្នំដ៏ពិសិដ្ឋមួយ នៅតំបន់ជនបទក្នុងប្រទេសចិន ហើយការសម្អាតតំបន់នោះឲ្យមានសភាពស្អាត គ្មានសំរាម គឺជារឿងដ៏ពិបាកមួយ ប៉ុន្តែសំណាងល្អ ដែលក្រុមសម្អាតមនុស្សពីងពាង ចូលខ្លួនមកជួយដោះស្រាយបញ្ហា។

យោងតាមសារព័ត៌មាន Oddity Central បានចុះផ្សាយថា ពួកគេបានសម្រេចចិត្តធ្វើការទាំងនេះ ដោយប្រថុយជីវិតជារៀងរាល់ថ្ងៃ គឺត្រូវចងខ្សែទម្លាក់ខ្លួនតាមចំណោតថ្មភ្នំខ្ពស់ៗ ចុះទៅរើសសំបកដបប្លាស្ទិច ស្បោង និងសំរាមជាច្រើនទៀត ដែលអ្នកទេសចរទៅលេងទីនោះ នាំគ្នាបោះចោលដោយគ្មានសណ្តាប់ធ្នាប់។

រហ័សនាម អ្នកសម្អាតមនុស្សពីងពាងនេះ ត្រូវបានគេដាក់ឲ្យ ក៏ព្រោះតែការងាររបស់ពួកគេ ជាការងារដ៏ពិបាកមួយ ខណៈមានរូបភាពជាច្រើនត្រូវបានគេបង្ហោះលើបណ្តាញសង្គមចិន បង្ហាញឲ្យឃើញពីការងាររបស់ពួកគេ ដែលត្រូវតោងខ្សែនៅលើជំរាលភ្នំ ដែលមានកម្ពស់រាប់រយម៉ែត្រពីដី។ 

សម្រាប់ការព្យាយាមធ្វើការក្នុងសភាពគ្រោះថ្នាក់បែបនេះ អាចនឹងធ្វើឲ្យអ្នកទេសចរដែលបានមកលេងតំបន់ភ្នំនេះ គិតសាជាថ្មីម្តងទៀត មុនពេលដែលពួកគេសម្រេចចិត្តបោះសំរាមចោលផ្តេសផ្តាស។ ហើយមានអ្នកសម្អាតមួយចំនួន ពេលខ្លះពួកគេបានផ្លាស់ប្តូរសម្លៀកបំពាក់ឯកសណ្ឋានការងារ មកពាក់អាវឈុតមនុស្សពីងពាង ដូចជាក្នុងភាពយន្ត ដោយការធ្វើបែបនេះ គឺដើម្បីទាក់ទាញចំណាប់អារម្មណ៍អ្នកទេសចរ ឲ្យបានដឹងពីទុកលំបាកក្នុងការប្រមូលសំរាមរបស់ពួកគេ។

សម្រាប់ប្រព័ន្ធផ្សព្វផ្សាយនៅក្នុងប្រទេសចិន ជាញឹកញាប់ ពួកគេតែងតែបង្ហាញ ក្រុមអ្នកសម្អាតមនុស្សពីងពាងនេះ ហើយចាត់ទុកពួកគេថា ជាវីរបុរស និងសម្រាប់ហេតុផលដ៏ល្អ ក៏ព្រោះតែពួកគេហ៊ានប្រថុយជីវិត គ្រប់ពេលវេលាដែលពួកគេចុះទៅរើសសំរាម៕ 

ប្រភព៖ OddityCentral

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]