រាជធានី​ភ្នំពេញ ៖ ខណៈ​ដែល​តារា​ល្បី និង​កីឡាករ​កីឡាការិនី​ល្បី​ភាគច្រើន ត្រូវ​គេ​ឃើញ​ចុះ​កុងត្រា​លក់​ម៉ោង​ ឱ្យ​កម្មវិធី​មួយ​របស់​ទូរទស្សន៍ Nice TV ដោយ​យល់ព្រម​Live​ពី​នេះ​ពី​នោះ​ក្នុង​មួយ​ខែ​ពី​ ២០​ទៅ​៤០​ម៉ោង ដើម្បី​ឱ្យ​កម្មវិធី​នោះ​មាន​ប្រជាប្រិយ​នៅ​កម្ពុជា​ជា​ថ្នូរ​នឹង​ ទទួល​បាន​ប្រាក់ខែ និង​ប្រាក់​រង្វាន់​នោះ កីឡាការិនី​ល្បីឈ្មោះ​នាង ស៊ន សៀវ​ម៉ី បែរជា​អះអាង​ថា នាង​មិន​បាន​លក់​ម៉ោង​របស់​ខ្លួន​ ឱ្យ​កម្មវិធី​នោះ​ឡើយ ។

នាង​ថា ខ្លួន​គ្រាន់តែ​ជួយ Live ឡង់សេ​ពី​កម្មវិធី​នោះ​រយៈពេល​៣០​នាទី ព្រោះតែ​មានការ​ស្នើ​សុំ​ប៉ុណ្ណោះ ចំណែក​រឿង​កុងត្រា​Live ឱ្យ​ជា​ប្រចាំ គឺ​នាង​មិន​យល់ព្រមឡើយ បើ​ទោះជា​បាន​កម្រៃ​ជា​ថ្នូរ​ខ្ពស់​ក៏​ដោយ ។

មន្ត្រី​ពី​ទូរទស្សន៍ Nice TV បាន​អះអាង​ថា កម្មវិធី​ដែល​មានឈ្មោះ Tutu Live របស់​ខ្លួន កាន់តែ​មានការ​ពេញ​និយម​ខ្លាំង​នៅ​លើ​ប្រព័ន្ធ​បច្ចេកវិទ្យា ដោយ​កម្មវិធី​មួយ​នេះ​មាន​ទម្រង់​ដូច​គ្នា​នឹង Bigo Live ដូច្នេះ​ដែរ ។ ហេតុផល​ដែល​កម្មវិធី​នេះ​ទទួល​បានការ​ពេញ​និយម គឺ​ដោយសារ​តែ Tutu Live ទាក់ទាញ​បុគ្គល​ល្បី​ៗ​កាន់តែ​ច្រើន​ឱ្យ​ចំណាយពេល​បន្ត​ផ្ទាល់ និយាយ​ពី​នេះ​ពី​នោះ​ដើម្បី​ទាក់ទាញ​អ្នក​ចូល​ទស្សនា ដោយ​ទទួល​បាន​ប្រាក់​កម្រៃ​ពី​ការ​ចំណាយពេល​វិញ ។

មន្ត្រី​ដដែល​និយាយ​ថា រាល់​តារា និង​បុគ្គល​ល្បីឈ្មោះ ឱ្យ​តែ​ត្រូវ​បាន​ក្រុមហ៊ុន​កុងត្រា​ឱ្យ​Live នឹង​ទទួល​បាន​ប្រាក់ខែ​ជា​ប្រចាំ ហើយ​ទទួល​បាន​ប្រាក់​រង្វាន់​រាប់​មិន​អស់​ផ្សេង​ទៀត​ដែល​អ្នក​ចូល​ទស្សនា​ផ្ដល់​ឱ្យ​ជា​រង្វាន់​នៅ​ពេល​ពួក​គេ​ពេញចិត្ត​ចំពោះ​ការ​និយាយ​របស់​បុគ្គល​ល្បី​ៗ​ទាំងនោះ​ក្នុង​ពេល​Live ។

យោង​តាម​កម្មវិធី តារា​ល្បី​ៗ​ជា​ច្រើន​រួម​មាន​តារា​ថៃ ហុងកុង កូរ៉េ និង​ចិន សុទ្ធតែ​បាន​កុងត្រា​ផ្សព្វផ្សាយ​បន្ត​ផ្ទាល់​ពី​ខ្លួន​នៅ​ក្នុង​កម្មវិធី​នេះ​ទាំងអស់ ។ តាម​ការ​បង្ហើប តារា​ល្បី ឬ​បុគ្គល​ល្បី ត្រូវ​កំណត់​ចំណាយពេល Live ក្នុង​មួយ​ខែ​យ៉ាងតិច​២០​ម៉ោង​ដើម្បី​ទទួល​បាន​ប្រាក់ខែ​ពី​៣០០​ទៅ​៥០០​ដុល្លារ និង​តារា ឬ​បុគ្គល​ដែល​មិនសូវ​ល្បីឈ្មោះ​ត្រូវ​កំណត់​ឱ្យ Live រហូត​ដល់​មួយ​ខែ​៤០​ម៉ោង និង​ទទួល​ប្រាក់ខែ​ពី​២០០​ទៅ​៣០០​ដុល្លារ ។

យោង​តាម​ការ​ប្រកាស​ដដែល តារា​សិល្បៈ​ខ្មែរ និង​អ្នក​ល្បី​ៗ​ក៏​មិន​តិច​នាក់​ដែរ ត្រូវ​គេ​ឃើញ​ក្លាយជា​តារា​ប្រចាំ​នៅ​ក្នុង​កម្មវិធី​នោះ ដោយ​ក្រៅពី​ទទួល​បាន​ប្រាក់ខែ ក៏​ទទួល​បាន​ពិន្ទុ​ពី​អ្នក​ទស្សនា​ដែល​អាច​ប្ដូរ​ជា​ប្រាក់​ពី​ក្រុមហ៊ុន​ផង​ដែរ ។ មានការ​បញ្ជាក់​ថា កម្មវិធី​នេះ​ហ៊ាន​ជួល​តារា និង​បុគ្គល​ល្បី​ៗ​ឱ្យ Live ដោយ​ទទួល​បាន​ប្រាក់ខែ គឺ​ដោយសារ​តែ​អ្នកលេង​ក្នុង​កម្មវិធី Tutu Live ត្រូវ​គេ​កំណត់​ឱ្យ​យក​លុយ​ទៅ​ទិញ​ពិន្ទុ ដោយ​ពិន្ទុ​ទាំងនោះ​ត្រូវ​ពួក​គេ​ផ្ដល់​ឱ្យ​តារា​ណា​ម្នាក់​ដែល​ពួក​គេ​ស្រឡាញ់​ពេញចិត្ត ធ្វើ​ឱ្យ​ក្រុមហ៊ុន​ទទួលផល​ចំណេញ ។ អ៊ីចឹង​ហើយ​ទើប​កីឡាការិនី ស៊ន សៀវ​ម៉ី ធ្វើ​ឱ្យ​គេ​យល់​ច្រឡំ ដោយសារ​តែ​នាង​បាន Live នៅ​ក្នុង​កម្មវិធី​នោះ​កាលពី​ប៉ុន្មាន​ថ្ងៃមុន​។

ស៊ន សៀវ​ម៉ី និយាយ​ថា នាង​ពិតជា​បាន​ចំណាយពេល​ដល់​ជាង​កន្លះ​ម៉ោង Live ដើម្បី​ទាក់ទាញ​អ្នកគាំទ្រ​នៅ​ក្នុង​កម្មវិធី​របស់​ទូរទស្សន៍ Nice TV ប្រាកដ​មែន ប៉ុន្តែ​នាង​ថា​ខ្លួន​គ្រាន់តែ​ត្រូវ​បាន​មន្ត្រី​របស់​ទូរទស្សន៍​នោះ អញ្ជើញ​ជាតា​រា​កិត្តិយស​ដើម្បី​ជួយ​ឱ្យ​កម្មវិធី​នោះ​មានការ​ទាក់ទាញ​ប៉ុណ្ណោះ​។ កញ្ញា​ថា ខ្លួន​មិន​ទទួលយក​ការងារ​កុងត្រា​ជាមួយ​ទូរទស្សន៍​នោះ​ឡើយ បើ​ទោះជា​ត្រូវ​ទទួល​បាន​មួយ​ខែ​៥០០​ដុល្លារ ឬ​១០០០​ដុល្លារ​បន្ថែម​ក៏​ដោយ ។

នាង​ថា ខ្លួន​មិន​ចូល​ចិត្ត Live រយៈពេល​ច្រើន​ម៉ោង និង​ម្យ៉ាង​អត់​មាន​ពេល​ផង ។ នាង​និយាយ​ថា​៖ «​ខ្ញុំ​ចូល​កម្មវិធី​គាត់​ជាតា​រា​កិត្តិយស​តើ បើ​ឱ្យទៅ​កុងត្រា​មួយ​ខែ​២០​ម៉ោង​ឬ​៤០​ម៉ោង​អី អត់​ទេ រក​អី​និយាយ​អត់​បាន​ទេ ហើយ​សំខាន់​ខ្ញុំ​ហាត់​រាល់ថ្ងៃ​មាន​ពេល​ឯណា​ទៅ​Live​អ៊ីចឹង​!»​។

ខ្លួន​មិន​ចាប់អារម្មណ៍​នឹង​ការងារ​កុងត្រា​នោះ​ទេ ដោយសារ​តែ​ការ Live រយៈពេល​យូរ​ៗ មិនមែន​ជា​ចំណូលចិត្ត​របស់​ខ្លួន ។ នាង​ថា ខ្លួន​រវល់​ហ្វឹកហាត់​ត្រៀមខ្លួន​ទៅ​ប្រកួត​តេ​ក្វា​ន់​ដូ​កម្រិត​ពិភពលោក​នៅ​ក្នុង​ប្រទេស​កូរ៉េ​នៅ​ពាក់កណ្ដាល​ខែមិថុនា ខាង​មុខ ទើប​មិន​ចាប់អារម្មណ៍​ចំពោះ​ការ​លក់​ម៉ោង​របស់​ខ្លួន​ទៅ​ឱ្យ​កម្មវិធី​ណា​ទេ បើ​ទោះជា​កេរ្តិ៍ឈ្មោះ​របស់​នាង​ជា​ការ​ចង់បាន​របស់​ផលិតករ​ទូរទស្សន៍ ដែល​បាន​ទិញ​សិទ្ធិ​កម្មវិធី Tutu Live យក​មក​ប្រើ​នៅ​កម្ពុជា​ក្ដី ។

នាង​និយាយ​ថា ខ្លួន​រវល់​ណាស់ រាល់ថ្ងៃ​អត់​មាន​ពេល​ហូប​បាយ​បាន​ត្រង់​មាត់​ផង ទើប​មិន​ចូល​ចិត្ត​តែ​ម្ដង​ក្នុង​ការងារ​ទាំងឡាយ​ណា​ដែល​ពាក់ព័ន្ធ​នឹង​ការ​ផ្សាយ​បន្ត​ផ្ទាល់​ពី​សកម្មភាព​របស់​ខ្លួន ដើម្បី​ទាក់ទាញ​អ្នកគាំទ្រ ។

ក្នុង​នោះ​បើ​ទោះជា​ការ​ប្រកួត​របស់​នាង​ត្រូវ​បញ្ចប់ ហើយ​មាន​ពេល​សម្រាក​បាន​ច្រើន​ជាង​នេះ ក៏​នាង​ប្រាប់​ថា​មិន​ទទួល​ការងារ​បែប​នេះ​ដែរ ។ មិន​ខុស​គ្នា​ដែរ តារា​មួយ​ចំនួន និង​កីឡាករ​ល្បីឈ្មោះ​មួយ​ចំនួន​ក៏​បាន​ប្រកាស​ច្រានចោល​មិន​ទទួល​កម្មវិធី​នេះ​ដែរ ដោយសារ​តែ Tutu Live មាន​គោលការណ៍​មិន​ឱ្យ​តារា ឬ​អ្នក​កុងត្រា​និយាយ​ផ្សព្វផ្សាយ​ពី​ផលិតផល ដោយ​តម្រូវ​ឱ្យ​តែ​និយាយ​លេងសើច និង​ធ្វើ​សកម្មភាព​ប្លែក​ៗ​ឱ្យ​អ្នក​ទស្សនា​សប្បាយ​ៗ ដើម្បី​ទទួល​បាន​ពិន្ទុ និង​រង្វាន់​ដែល​អាច​ដូរ​ជា​ប្រាក់ ។

ពិន្ទុ និង​ប្រាក់​រង្វាន់​នេះ ៣០​ភាគរយ​បាន​ទៅ​លើ​សាមីខ្លួន និង​៧០​ភាគរយ​បាន​ទៅ​លើ​ក្រុមហ៊ុន ដោយ​តារា​ដែល​មាន​ពេលទំនេរ​ច្រើន គេ​ចាប់អារម្មណ៍​នឹង​កម្មវិធី​នេះ​ច្រើន លើកលែងតែ​ស៊ន សៀវ​ម៉ី ដែល​អះអាង​ថា មិន​ចាប់អារម្មណ៍ ទោះ​បាន​Live ម្ដង​នៅ​ក្នុង​កម្មវិធី​នេះ​ក្ដី ៕

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]