អេស្ប៉ាញ៖ ក្រុមអធិរាជស Real Madrid បានបង្កើនក្ដីសង្ឃឹមរបស់ខ្លួនក្នុងការការពារតំណែងជើងឯក Champions League របស់ខ្លួន ក្រោយលត់ក្រុម Atletico Madrid ៣-០ ដោយការស៊ុតបាន Hat-Trick របស់ខែ្សប្រយុទ្ធឆ្នើម Cristiano Ronaldo ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត UEFA Champions League ជើងទី១ កាលពីយប់មិញនេះ។ 

បើកឆាកតង់ទី១ ត្រឹមនាទី១០ Casemiro បានលើកបាល់ឲ្យ Cristiano Ronaldo តែតបញ្ចូលទីនាំមុខ ១-០ មុន ស្របពេលក្នុងវគ្គទីមួយដដែល Real Madrid មានឱកាសស៊ុតសំដៅទីច្បាស់ៗជាច្រើនលើកច្រើនសា តែអ្នកចាំទី Jan Oblak ជួយសង្គ្រោះបានជានិច្ច ស្របពេលដែលក្រុមភ្ញៀវវិញមិនមានសំណាងក្នុងការរកគ្រាប់បាននោះទេ។

ក្នុងវគ្គទីពីរក្រុមដែលដឹកនាំដោយលោក Zidane មិនបានបន្ធូរបន្ថយការវាយសម្រុកឡើយ ហើយនៅនាទី ៧៣ Benzema បញ្ជូនបាល់ឲ្យ Ronaldo ទាត់ពុះក្នុងចម្ងាយប្រហែល១៥ម៉ែត្រទម្លាយទី Atletico យ៉ាងល្អ។ 

នៅចុងម៉ោងនាទី៨៦ Lucas Vazquez បានកាត់បាល់ចូលមកកណ្ដាលចំ Ronaldo ដែលឈរម្នាក់ឯង ហើយស៊ុតគ្រាប់ទី៣ ស្រួលៗ ធើ្វឲ្យចប់ការប្រកួត Real Madrid ឈ្នះ Atletico Madrid ៣-០​ ក្នុងជើងទី១ ។ 

ការប្រកួតជើងទី២ នឹងធើ្វឡើងនៅកីឡដ្ឋាន Vicente Calderón ដែលជាទឹកដីរបស់ក្រុម Atletico Madrid វិញម្ដង នៅថៃ្ងទី១១ ខែឧសភា សប្ដាហ៍ក្រោយនេះ៕ 

ប្រភព៖ Dailymail

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]